បើតាមអ្នកជំនាញ និងមន្រ្តី ព្រលានយន្តហោះសៀមរាបអង្គរលំដាប់ស្តង់ដារអន្តរជាតិ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលកំពុងសាងសង់ នឹងក្លាយជាចំណែកមួយក្នុងការជួយទាក់ទាញភ្ញៀវទេសចរបរទេស ប៉ុន្តែគេពុំគួរមើលរំលងពីការធ្វើបដិសណ្ឋារកិច្ចល្អដល់អ្នកធ្វើដំណើរមកដល់កម្ពុជានោះដែរ។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា សេវាកម្មដឹកជញ្ជូនភ្ញៀវនៅព្រលានយន្តហោះសៀមរាបអង្គរ ទៅកាន់គោលដៅនានា និងភាពចន្លោះប្រហោងមួយចំនួនទៀតនៅពុំទាន់ល្អប្រសើរនៅឡើយទេ ប៉ុន្តែលោកអបអរសាទរចំពោះគម្រោងកែលម្អលើការដឹកជញ្ជូនរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមកនេះ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីទាក់ទាញអ្នកធ្វើដំណើរឱ្យចូលមកកម្ពុជា រដ្ឋាភិបាលគួរពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរផ្ទាល់ពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងប្រទេសឥណ្ឌា ក៏ដូចជាប្រទេសរុស្ស៊ី និងបណ្ដាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុបផងដែរ ព្រោះបណ្ដាប្រទេសទាំងនេះមានពលរដ្ឋច្រើន ដែលអាចផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។
ក្រៅពីនេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានរំលេចឱ្យរដ្ឋាភិបាល គួរពិនិត្យមើលលទ្ធភាពទាក់ទាញភ្ញៀវទេសចរលើផ្នែកទេសចរណ៍បែបប្រពៃណី និងទេសចរណ៍សាសនា តាមរយៈការកំណត់ភូមិសាស្រ្តជាក់លាក់ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា កម្ពុជាមានវិសាលភាពគ្រប់គ្រាន់ក្នុងការប្រគួតប្រជែងជាមួយអាកាសយានដ្ឋាននៅតាមបណ្ដាប្រទេសជឿនលឿន ព្រោះសកម្មភាពគ្រប់គ្រងជើងហោះហើរ និងការធ្វើទំនើបកម្មនាពេលបច្ចុប្បន្នបានធ្វើឡើងប្រកបដោយសុវត្ថិភាពខ្ពស់ ស្របពេលអាកាសយានដ្ឋានភ្នំពេញថ្មីនឹងក្លាយជាមេដែកសម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេស។ មន្រ្តីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល បានចរចាជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីបើកផ្លូវហោះហើរ ដោយផ្ដល់នូវលក្ខខណ្ឌច្រើនជម្រើស និងបង្កភាពងាយស្រួល ក៏ប៉ុន្តែកិច្ចការខ្លះត្រូវការពេលវេលា និងការជជែកគ្នារកយុទ្ធសាស្រ្តបន្ថែមទៀត។ បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ហាបដិសណ្ឋារកិច្ច និងគោលនយោបាយទាក់ទាញរបស់បណ្ដាប្រទេសជិតខាង ក៏ជាផ្នែកមួយធ្វើឱ្យបាត់បង់ភ្ញៀវទេសចរខ្លះដែរ ហើយករណីនេះក៏ត្រូវបានធ្វើការកែសម្រួលជាបន្តបន្ទាប់ដើម្បីទាក់ទាញអ្នកទេសចរឡើងវិញ។
ជុំវិញការស្ដារ និងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញវិធានការសំខាន់ៗចំនួន៨ចំណុច ដែលក្នុងនោះក៏មានការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលក្រុមប្រឹក្សានេះត្រូវបានរំពឹងថា នឹងអាចដោះស្រាយបាននូវបញ្ហាប្រឈមនានានៅក្នុងវិស័យទេសចរណ៍ ព្រមទាំងជួយជំរុញឱ្យវិស័យទេសចរណ៍ឱ្យមានសម្ទុះឡើងវិញនៅឆ្នាំ២០២៤ខាងមុខផងដែរ៕