បើតាមក្រសួងទេសចរណ៍ បុណ្យសមុទ្រឆ្នាំនេះ គឺពិសេសជាងឆ្នាំមុនៗ ដោយសារកម្ពុជា យកឱកាសនេះ ជាការអបអរសាទរដែលឆ្នេរសមុទ្ររបស់កម្ពុជា បានចូលជាសមាជិក «ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ក៏ដូចជា ជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ពិសេសជុំរុញការផ្សព្វផ្សាយអេកូទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះ។
ឯកឧត្តម តុប សុភក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅតំបន់ឆ្នេរ ដូចជា ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជានិច្ចកាល តែងតែមានការផ្លាស់វេនគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ រៀងរាល់មួយឆ្នាំម្ដង ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ បើតាមឯកឧត្តម តុប សុភក្រ្ត ឆ្នាំ២០២២នេះ ជាជុំទី៣ លើកទី៩ ដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ដែលខេត្តព្រះសីហនុ ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ។ អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បានសង្កត់ធ្ងន់ថា សម្រាប់ពិធីបុណ្យសមុទ្រ នាឆ្នាំ២០២២នេះ កាន់តែពិសេសជាងឆ្នាំមុនៗ ដោយសារតែកម្ពុជា បានយកឱកាសនេះ ដើម្បីអបអរសាទរដែលឆ្នេរសមុទ្ររបស់កម្ពុជា បានចូលជាសមាជិក «ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក»។
ឯកឧត្តម តុប សុភក្រ្ត បានបង្ហាញពីមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសខេត្តព្រះសីហនុ ជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំនេះ ដោយសារតែខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ដែលនេះសុទ្ធសឹងតែជាឱកាសសម្រាប់កម្ពុជា អាចបង្ហាញសក្ដានុពលរបស់ខ្លួនទៅកាន់អន្តរជាតិ។ លើសពីនេះ ខេត្តព្រះសីហនុ ក៏មានសក្ដានុពលទេសចរណ៍ច្រើន ពិសេសអេកូទេសចរណ៍ តំបន់ឆ្នេរ ក៏ដូចជា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ ជាច្រើន ដែលសាកសមបំផុត សម្រាប់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនេះ។ បន្ថែមលើនេះ ឯកឧត្តម តុប សុភក្រ្ត ក៏បានបង្ហាញក្ដីរំពឹងថា តាមរយៈព្រឹត្តិការទេសចរណ៍នេះ នឹងកាន់តែធ្វើឲ្យកម្ពុជា បង្ហាញសក្ដានុពល ជំរុញកំណើនចរន្តទេសចរ ពិសេសរួមចំណែកដ៏សំខាន់ក្នុងស្ដារនិងងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺឆ្លងសាកលកូវីដ១៩។
សូមបញ្ជាក់ថា ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ កម្ពុជានឹងរៀបចំការសម្តែងសិល្បៈ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ។ ក៏មានរៀបចំដែរនូវមហោស្រពម្ហូបអាហារខ្មែរនិងភេសជ្ជៈ គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ក្នុងស្រុក ការបង្ហាញផលិតផលទេសចរណ៍និងគោលដៅទេសចរណ៍នានា។ លើសពីនេះក៏មានរៀបចំនូវសកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ផងដែរ។
បើតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម តុប សុភក្រ្ត នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ប្រមាណ ១លាន២សែននាក់ មានការកើនឡើងជាង ៨០% បើធៀបនឹងឆ្នាំ២០២១។ យ៉ាងណាមិញ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជា នឹងអាចទទួលបានទេសចរប្រមាណ ១លាន៥សែននាក់ ទៅ២លាននាក់ ក្នុងឆ្នាំ២០២២នេះ៕