នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីរកសំឡេងគាំទ្រលោក ដូណាល់ ត្រាំ បានបង្ហាញផែនការសំខាន់ៗ ដែលលោកត្រូវអនុវត្តនៅថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់លោក ដោយលោកបាននិយាយបែបលេងសើចថា នៅថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់លោក លោកនឹងរាងផ្ដាច់ការបន្តិចហើយ ប៉ុន្តែសម្រាប់តែថ្ងៃដំបូងប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News។
នៅពេលនោះលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រឿងសំខាន់ៗដែលលោកត្រូវធ្វើមុនគេនៅថ្ងៃដំបូង នៃការឡើងកាន់អំណាចរបស់លោករួមមាន៖ ទី១, ការបណ្ដេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក និងការបិទព្រំដែន ពោលគឺលោកនឹងដាក់ចេញកម្មវិធីបណ្ដេញជនអន្តោប្រវេសន៍ទាំងអស់ ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយខុសច្បាប់ដែលតួលេខផ្លូវការបង្ហាញថាមានចំនួនរហូតដល់ទៅប្រមាណ១១លាននាក់គិតត្រឹមខែមករា ដើមឆ្នាំ២០២២ និងបិទព្រំដែនភាគខាងត្បូង ហើយអាចនឹងប្រើប្រាស់កម្លាំងយោធាដើម្បីអនុវត្ត ប្រសិនបើចាំបាច់។
ទី២, លុបចោលច្បាប់ផ្ដល់សញ្ជាតិដោយស្វ័យប្រវត្តិដល់ទារក ដែលកើតនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយមិនគិតពីឋានៈជាជនភៀសខ្លួនរបស់ឪពុកម្ដាយទារក ពោលគឺលោកនឹងចុះហត្ថលេខាលើបទបញ្ជាមួយដែលតម្រូវឱ្យឪពុក ឬម្ដាយត្រូវតែជាពលរដ្ឋអាម៉េរិក ឬ អ្នករស់នៅសហរដ្ឋអាម៉េរិកដោយស្របច្បាប់ ទើបកូនរបស់ពួកគេអាចទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ។
ទី៣៖ ដោះលែងក្រុមកុបករដែលជាប់ទោសដោយសារព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ពោលគឺលោកចេញបញ្ជាឱ្យលើកលែងទោសកុបករមួយចំនួនដែលពាក់ព័ន្ធនឹងការវាយប្រហារសម្រុកចូលកាន់កាប់វិមាន Capitol ឬ វិមានរដ្ឋសភាអាម៉េរិក ដែលអ្នកអស់នោះសុទ្ធតែជាអ្នកគាំទ្ររបស់លោក។
ទី៤៖ យកពន្ធគយ១០%លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោក ដំឡើងពន្ធគយ២៥%លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន និងអន្តោប្រវេសន៍ និងដំឡើងពន្ធគយរហូតដល់ទៅ៦០%លើទំនិញនាំចូលរបស់ចិន។
ទី៥៖ ដោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយលោកបានសន្យាថាបញ្ចប់សង្គ្រាមនេះឱ្យបានឆាប់រហ័សបំផុតក្នុងរយៈពេលតែ២៤ម៉ោង។ ទី៦៖ លុបចោលកិច្ចព្រមព្រៀងបៃតងថ្មី ដោយលោកសន្យាលុបចោលគោលនយោបាយអាកាសធាតុរបស់លោក ចូ បៃឌិន រួមទាំងគោលនយោបាយបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី (EV) ផងដែរ។
ទី៧៖ គាំទ្រការធ្វើអន្តោប្រវេសន៍របស់កម្មករជំនាញ ពោលគឺលោកនឹងផ្ដល់កាតបៃតង ឬ Green Card ដល់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងពង្រីកទិដ្ឋាការសម្រាប់ពលករបរទេសដែលមានជំនាញខ្ពស់។ ហើយទី៨ លោកនឹងដាក់បម្រាមឡើងវិញ ហាមមិនឱ្យមនុស្សកែភេទចូលបម្រើយោធា៕