ការវាយតម្លៃរបស់ទីភ្នាក់ងារពាណិជ្ជកម្ម និងការវិនិយោគរបស់អាល្លឺម៉ង់ (GTAI) បានបង្ហាញថា ប្រទេសចិន លែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ទៀតហើយនៅក្នុងឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីចិន បានកាន់តំណែងនេះអស់រយៈពេល៨ឆ្នាំ ដោយសហរដ្ឋអាម៉េរិក បានចូលខ្លួនមកជំនួសចិនវិញម្ដង។
ទីភ្នាក់ងារ GTAI បាននិយាយក្នុងសេចក្ដីប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការផ្លាស់ប្ដូរនេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរជាអាទិភាពជាមួយនឹងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់អាល្លឺម៉ង់ ដែលបានកាត់បន្ថយការផ្ដោតទៅលើប្រទេសចិន ដែលបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ក្នុងរយៈពេល៨ឆ្នាំជាប់គ្នាកន្លងមកនេះ។
បើតាមទីភ្នាក់ងារ GTAI ពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់បានកើនឡើងជិត១% ក្នុងឆ្នាំ២០២៤ ឡើងដល់២៥៥ពាន់លានអឺរ៉ូ ប្រហែល២៦៥ពាន់លានដុល្លារ ហើយចិន បានធ្លាក់ចុះមកនៅលេខរៀងទីពីរជាមួយទំហំពាណិជ្ជកម្មទ្វេភាគីជាង២៥៦ពាន់លានដុល្លារ ធ្លាក់ចុះជិត៣%។
ការនាំចេញខាងវិស័យឧស្សាហកម្មយានយន្តរបស់អាល្លឺម៉ង់ ទៅកាន់ប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំងតែម្ដង ដោយសារមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។
ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen នៅទីផ្សារប្រទេសចិន បានធ្លាក់ចុះ១០% មកនៅត្រឹមជិត៣លានគ្រឿងប៉ុណ្ណោះ កាលពីឆ្នាំមុន ខណៈដែលក្រុមហ៊ុន Mercedes-Benz ក៏មានការលក់ធ្លាក់ចុះ៧% មកនៅត្រឹម៦៨ម៉ឺនគ្រឿងផងដែរ៕
អត្ថបទ៖ សុខ មង្គល