គម្រោងកំពង់ផែ សេះស នៅខេត្តកែប

គម្រោងកំពង់ផែ សេះស នៅខេត្តកែប គ្រោងបើកដំណើរការឆាប់ៗ ខណៈការសាងសង់បាន៧០%ហើយ


គម្រោងអភិវឌ្ឍន៍កំពង់ផែដឹកទំនិញ«សេះស» ស្ថិតក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ខេត្តកែប ដើម្បីកែប្រែខេត្តជាប់មាត់សមុទ្រមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញ និងមានសក្ដានុពលថែមមួយកម្រិតទៀត ជាពិសេសគម្រោងនេះនឹងចូលរួមលើកស្ទួយវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចរបស់កម្ពុជា។ បើថ្នាក់ដឹកនាំខេត្តកែប បច្ចុប្បន្ន កំពង់ផែដឹកទំនិញ«សេះស»នេះ សម្រេចបានការសាងសង់ប្រមាណ ៦០ ទៅ៧០ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង នាពេលឆាប់ៗ ខាងមុខនេះ។
គម្រោងកំពង់ផែ សេះស នៅខេត្តកែប គ្រោងបើកដំណើរការឆាប់ៗ ខណៈការសាងសង់បាន៧០%ហើយ

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានបង្ហាញសុទិដ្ឋិនិយមថា វិស័យដឹកជញ្ជូននៅកម្ពុជា នឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត តាមរយៈការជំរុញឲ្យមានការអភិវឌ្ឍកំពង់ផែដឹកទំនិញជាបន្តបន្ទាប់ ដូចជា គម្រោងអភិវឌ្ឍន៍កំពង់ផែដឹកទំនិញ«សេះស» នាខេត្តកែប ជាដើម។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ គម្រោងសាងសង់កំពង់ផែដឹកទំនិញ«សេះស» ដែលវិនិយោគដោយវិស័យឯកជននោះ សម្រេចបានការសាងសង់ប្រមាណ ៦០ ទៅ ៧០ភាគរយហើយ នឹងគ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។ អភិបាលខេត្តកែបបន្តថា គម្រោងអភិវឌ្ឍន៍កំពង់ផែដឹកទំនិញ«សេះស» គឺជាគម្រោងអភិវឌ្ឍមួយនៅក្នុងខេត្តកែប ដែលនឹងជួយលើកកម្ពស់មុខមាត់ខេត្ត សម្រួលការកកស្ទះចរាចរណ៍ផ្លូវគោគ អាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ ថែមទាំងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឲ្យកាន់តែប្រសើរ ផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អះអាងទៀតថា ទន្ទឹមនឹងកំពង់ផែសេះស ដែលកំពុងដំណើរការសាងសង់នេះ ក៏មានគម្រោងកំពង់ផែថ្មីមួយទៀត បាននិងកំពុងស្នើសុំធ្វើការវិនិយោគដោយវិស័យឯកជន ក្នុងការកសាងកំពង់ផែដឹកទំនិញមួយទៀតផងដែរ។ បើតាមអភិបាលខេត្តកែបដដែល ទំហំនៃការវិនិយោគកំពង់ផែថ្មីបន្ថែមមួយទៀតនេះ មានតម្លៃប្រមាណជាង ១លានដុល្លារ។ លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ដ នឹងខិតខំគៀរគរអ្នកវិនិយោគពិតប្រាកដ ដើម្បីឲ្យចរន្ដនៃការផ្លាស់ប្ដូរទំនិញផ្លូវទឹក មានលក្ខណៈល្អប្រសើរជាងមុន ជៀសវាងការប្រើប្រាស់ផ្លូវគោក ដែលអាចនឹងមានផលប៉ះពាល់ច្រើន។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវគោក ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវអាកាស ជាដើម។ ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏មានប្រជាប្រិយភាព ដោយសារអាចផ្ទុកទំនិញបានច្រើន ថ្លៃដឹកជញ្ជូនទាប និងមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍ ផងដែរ។ លោកបន្តថា ការយកចិត្តទុកដាក់ពង្រីកសេវាដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា កាន់តែមានសក្ដានុពល។

សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែសេះស ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នៅលើផ្ទៃដី ៨ហិកតា។ គម្រោងនេះស្ថិតក្នុងគម្រោងសាងសង់ប្រតិបត្តិការ និងផ្ទេរ (BOT) រយៈពេល ១៥ឆ្នាំ វិនិយោគដោយវិស័យឯកជន។ កំពង់ផែនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលរវាងខេត្តកែប និងកំពត ពិសេសដឹកវត្ថុធាតុដើមបម្រើឲ្យរោងចក្រនានា នៅក្នុងខេត្តកំពត៕




អត្ថបទបន្ទាប់


ចិនបញ្ចប់ការប្រគល់នាវាចម្បាំងឱ្យប៉ាគីស្ថាន ខណៈដែលសម្ព័ន្ធភាពយោធាកាន់តែរីកចម្រើន

ប្រទេសចិនបានប្រគល់នាវាចម្បាំងពីរគ្រឿងទៅឱ្យកងទ័ពជើងទឹកប៉ាគីស្ថាន ដើម្បីបំពេញតាមកិច្ចព្រមព្រៀងលក់ទិញនាវាចម្បាំងចំនួន ៤ គ្រឿង ដែលត្រូវបានចុះ…

គម្រោងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅពាក់កណ្តាលឆ្នាំនេះ ត្រូវបានលើកពេលជាថ្មីទៀតហើយ!

តាមផែនការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងនឹងដាក់ឲ្យដំណើរការហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់ពីបានពន្យារពេលជាបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ