តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែល ប្រធានអង្គការសុខភាពពិភពលោក លោក តេត្រូស បានចេញមុខមកអំពាវនាវជុំវិញសំណុំរឿងដែលប្រទេសមួយចំនួន ចាប់ផ្តើមចាក់វ៉ាក់សាំងសដូសបន្ថែម ឬដូសទី៣ ដល់ពលរដ្ឋរៀងខ្លួន ស្របពេលដែលការចាក់វ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ មានគម្លាតកាន់តែឆ្ងាយទៅៗ។
លោក តេត្រូស ប្រធានអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា លោកយល់ច្បាស់ គឺ រដ្ឋាភិបាលចង់ការពារប្រជាជនរបស់ខ្លួនពីកូវីដ១៩ និងជាពិសេសពីកូវីដ១៩ឌែលតា ប៉ុន្តែយើងមិនអាចទទួលយកបានទេ នៅពេលដែលប្រទេសខ្លះបានប្រើប្រាស់វ៉ាក់សាំងក្នុងចំនួនច្រើនរួចហើយ នៅតែបន្តប្រើប្រាស់បន្ថែមទៀត។
ទិន្នន័យពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា គ្រាន់តែនៅពេញមួយខែឧសភាប៉ុណ្ណោះ ពលរដ្ឋក្នុងប្រទេសអ្នកមានជាងពាក់កណ្តាលនៃចំនួនគោលដៅរបស់គេទៅហើយ ដែលបានទទួលការចាក់វ៉ាក់សាំង។ ចំនួននេះមានការកើនឡើងទ្វេដង នៅខែបន្តបន្ទាប់ ខណៈដែលទិន្នន័យក្នុងប្រទេសក្រីក្រវិញ បង្ហាញថា ក្នុងចំណោមពលរដ្ឋ១០០នាក់ មានពលរដ្ឋមិនដល់២នាក់ផងដែលបានទទួលការចាក់វ៉ាក់សាំង។
គួរជម្រាបថា គិតមកដល់ពេលនេះ មានប្រទេសអ្នកមានធំៗជាច្រើន បាននិងកំពុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសបន្ថែមដល់ពលរដ្ឋរបស់ខ្លួន។ ជាក់ស្តែងអ៊ីស្រាអែលកំពុងអនុវត្តរួចហើយ ដោយចាប់ផ្តើមកាលពីសប្តាហ៍មុន ខណៈអាល្លឺម៉ង់គ្រោងនឹងចាប់ផ្តើមពីខែកញ្ញាតទៅ។
គួរកត់សម្គាល់ដែរថា ក្រោយរយៈពេលជិតពីរឆ្នាំនៃវត្តមានរបស់កូវីដ១៩ មនុស្សជុំវិញពិភពលោកសរុបជាង ៤០០លាននាក់ត្រូវបានរាយការណ៍ថា ឆ្លងជំងឺកូវីដ១៩ ខណៈមនុស្សជាង ៤លាននាក់បានស្លាប់បាត់បង់ជីវិត។
ជាក់ស្តែង WHO បានសម្តែងការព្រួយបារម្ភពីការអូសបន្លាយនៃវិបត្តិជំងឺរាតត្បាតសកលមួយនេះ ដោយអ្នកជំនាញបារម្ភពីផលប៉ះពាល់សុខភាពយូរអង្វែងលើអ្នកដែលបានឆ្លងកូវីដ១៩ ទោះបីពួកគេបានព្យាបាលជាសះស្បើយហើយក៏ដោយ៕