ខណៈពេលដែលក្រុមហ៊ុនផលិតវ៉ាក់សាំងលោកខាងលិចនឹងចែករំលែកបច្ចេកវិទ្យាផលិតរបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀត WHO ក៏កំពុងសម្លឹងមើលទៅប្រទេសចិន និងឥណ្ឌា ដែលសុទ្ធសឹងតែជាប្រទេសផលិតវ៉ាក់សាំងធំៗក្នុងពិភពលោក ដើម្បីស្នើឱ្យពួកគេចែករំលែកបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅឱ្យប្រទេសដទៃទៀត ក្នុងគោលបំណងបង្កើនការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានកាន់តែច្រើនឡើង។
ប្រទេសចិនបានក្លាយជាតួអង្គសំខាន់ក្នុងការផលិតវ៉ាក់សាំង ហើយបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងចាប់តាំងពីការរាតត្បាតកូវីដ១៩ បានចាប់ផ្តើម។ ទន្ទឹមនេះប្រទេសចិន ជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដ៏ធំបំផុតទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលភាគច្រើនតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។បើទោះបីជា ប្រទេសចិនមិនទាន់បានចែករំលែកប៉ាតង់ផលិតវ៉ាក់សាំងទៅឱ្យប្រទេសដទៃក៏ដោយ ប៉ុន្តែប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីក្នុងការផលិតវ៉ាក់សាំង ក្នុងប្រទេសមួយចំនួនហើយ ដូចជា អេហ្ស៊ីប អេមីរ៉ាត អារ៉ាប់រួម ឥណ្ឌូនេស៊ី និង ប៉ាគីស្ថាន។
ការអំពាវនាវរបស់ WHO នេះ ធ្វើឡើងស្របពេលដែល ពិភពលោកកំពុងជួបប្រទះនឹងមេរោគអូមីក្រុង ដែលបានរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយមេរោគនេះ កំពុងមានការចម្លងយ៉ាងលឿនរហ័សទៅកាន់ប្រទេសជាច្រើន។ សូមបញ្ជាក់ថា បើតាមអ្នកជំនាញ ការលេចចេញមេរោគបំប្លែងថ្មីនេះ មកពីវិសមភាពក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩ក្នុងពិភពលោកនៅមានកម្រិត។ ដូចនេះទើប WHO អំពាវនាវម្ដងហើយម្ដងទៀត ឱ្យប្រទេសផលិតវ៉ាក់សាំងធំៗចែករំលែកប៉ាតង់នៃបច្ចេកវិទ្យាវ៉ាក់សាំងដើម្បីបង្កើនការផលិត និងត្រៀមសម្រាប់ការវិវត្តរបស់មេរោគបំប្លែងថ្មីនាពេលអនាគត។
បើទោះបី មិនទាន់បានផ្ដល់ប៉ាតង់ឱ្យប្រទេសដទៃក៏ដោយចុះ ប៉ុន្ដែ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថ្មីៗនេះ បានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១ ពាន់លានដូសទៀត ដល់ទ្វីបអាហ្វ្រិកនៅឆ្នាំក្រោយនេះ ខណៈបច្ចុប្បន្ន ប្រទេសចិនបាននាំចេញវ៉ាក់សាំងចំនួន ១ ពាន់ ២សែនលានដូស និងបានបរិច្ចាគចំនួន ១១៩ លានដូសហើយ៕