សាច់ប្រាក់មួយភាគធំដែល WHO គ្រោងនឹងស្នើសុំពីប្រទេសជាសមាជិកទាំងអស់ គឺនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីទិញឧបករណ៍ធ្វើតេស្តរហ័ស អុកស៊ីហ្សែន និងម៉ាសការពារ សម្រាប់ជាជំនួយដល់ប្រទេសក្រីក្រ។ ខណៈមួយភាគបួននៃប្រាក់ទាំងនោះ នឹងត្រូវយកទៅបញ្ជាទិញវ៉ាក់សាំងរាប់រយលានដូសសម្រាប់ជាជំនួយផងដែរ។
គួររំឭកថា នៅពេលដែលកូវីដ១៩ចាប់ផ្តើមរាលដាលពាសពេញពិភពលោកភ្លាមនោះ អង្គការសុខភាពពិភពលោក បានបង្កើតកម្មវិធីមួយឡើងភ្លាមៗដូចគ្នា ដោយបានដាក់ឈ្មោះថា អាក់អេ (ACT-A) ឬមានឈ្មោះពេញជាភាសាអង់គ្លេសថា «Access to COVID-19 Tools Accelerator»។
គម្រោងនេះបង្កើតឡើង ដើម្បីធានាបានពីការបែងចែក ឲ្យបានស្មើគ្នា និង ទាន់ពេលវេលា នូវសម្ភារៈបរិក្ខារពេទ្យជាច្រើនដូចជា ម៉ាស់ អុកស៊ីហ្សែន ឧបករណ៍តេស្ត ម៉ាស៊ីនជំនួយដង្ហើម សម្លៀកបំពាក់ការពារ និងវ៉ាក់សាំងជាដើម ដល់ប្រទេសក្រីក្រ ដើម្បីឆ្លើយតបនឹងកូវីដ១៩។
យ៉ាងណាមិញ កម្មវិធីនេះមិនបានដំណើរការទៅដោយរលូននោះទេ ចាប់តាំងពីពេលបង្កើតមកដល់ពេលនេះ ដោយសារតែវាបានជួបបញ្ហាខ្វះខាតថវិកាជារឿយៗ។ ខ្វះខាតថវិកាក៏ដោយសារតែ ខ្វះខាតការចូលរួមពីប្រទេសសមាជិកទាំងអស់តាមរយៈ WHO។
គេសង្កេតឃើញថា ភាគច្រើននៃប្រទេសអ្នកមាន មានបំណងចង់បរិច្ចាគវ៉ាក់សាំង ឬបរិក្ខារពេទ្យនានា ទៅកាន់ប្រទេសក្រីក្រដោយផ្ទាល់តែម្តង ជាជាងធ្វើឡើងតាមរយៈ WHO ដែលពួកគេបានអះអាងថាមាននិតិវិធីយឺតយ៉ាវ។ ម៉្យាងទៀត ការបរិច្ចាគដោយផ្ទាល់ គឺវាស្របទៅតាមគោលនយោយបាយការបរទេសរបស់ប្រទេសនីមួយៗ អំឡុងពេលវិបត្តិកូវីដ១៩ផងដែរ។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោកជារឿយៗ រមែងអំពាវនាវឲ្យប្រទេសអ្នកមានយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយ មិនថាជាជំនួយវ៉ាក់សាំង សម្ភារៈ ឬថវិកានោះទេ ដល់ប្រទេសក្រីក្រ ដើម្បីឲ្យប្រទេសទាំងនោះ អាចយកទៅដោះស្រាយនឹងវិបត្តិកូវីដ១៩ដែលកំពុងគម្រាមកំហែងជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ស្របពេលដែលជំងឺដ៏កាចសាហាវមួយនេះ កំពុងបំប្លែងខ្លួនកាន់តែគ្រោះថ្នាក់ជាងមុនថែមទៀត និងបានឆក់យកជីវិតមនុស្សអស់ជាង៤លាននាក់រួចទៅហើយនៅទូទាំងសកលលោក៕