ក្នុងកាលៈទេសៈនេះអង្គការសុខភាពពិភពលោក នៅតែបន្ដទទូចឲ្យក្រុមប្រទេសអ្នកមានជួយចែករំលែកវ៉ាក់សាំងទៅឲ្យប្រទេសអ្នកក្រឲ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈដែលអង្គការសុខភាពពិភពលោកសង្កេតឃើញថា ប្រទេសអ្នកមានទាំងនោះ កំពុងមានវ៉ាក់សាំងហៀរហូរចាក់ជូនពលរដ្ឋខ្លួនពិសេសពលរដ្ឋមានវ័យក្មេង ដែលត្រូវបានចាត់ទុកថាជាក្រុមមានហានិភ័យឆ្លងកូវីដ-១៩កម្រិតទាប។ តែប្រទេសក្រីក្រវិញ មិនមានវ៉ាក់សាំង សូម្បីតែចាក់ជូនពលរដ្ឋមានហានិភ័យខ្ពស់បានគ្រប់គ្រាន់នៅឡើយទេ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros បានលើកឡើងថ្មីៗនេះថា ប្រទេសអ្នកមានកំពុងបើកប្រទេសឡើងវិញបណ្ដើរៗហើយ ហើយពួកគេមានវ៉ាក់សាំងបូរិបូណ៌ ចាក់ដល់មនុស្សវ័យក្មេងៗថែមទៀតផង ប៉ុន្ដែនៅប្រទេសក្រីក្រវិញកំពុងខ្វះខាតវ៉ាក់សាំងយ៉ាងខ្លាំង ។
លោក Tedros បានលើកឡើងពី ស្ថានភាពនៅអាហ្វ្រិក ដែលមានការឆ្លងថ្មី និងអ្នកស្លាប់ហក់ឡើងខ្លាំងជិត៤០% កាលពីសប្ដាហ៍មុននេះ ហើយវាគឺជាស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំង នៅពេលដែលមេរោគបំប្លែងថ្មី Delta កំពុងរីករាតត្បាតទូទាំងសកលលោក។
ប្រធានអង្គការសុខភាពពិភពលោករូបនេះ បាននិយាយដោយសង្កត់ធ្ងន់ថា «ពិភពលោករបស់យើងនឹងដួលរលំ បើសិនការរួបរួមគ្នាជាសហគមន៍នៃសកលោកដែលយើងមាន ដួលរលំ»។លោក Tedros បានស្ដីបន្ទោសខ្លាំងទៅលើប្រទេសមួយចំនួន ដែលស្ទាក់ស្ទើរក្នុងការចែករំលែកវ៉ាក់សាំងកូវីដ-១៩ទៅឲ្យប្រទសមានចំណូលទាប និងមធ្យម ដោយលោកបានសង្កត់ធ្ងន់ថា បញ្ហានៅពេលនេះ គឺការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ទៅឲ្យប្រទេសក្រីក្រ ដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។
លោក Tedros គូសបញ្ជាក់ថា ភាពខុសគ្នារវាងអ្នកមានវ៉ាក់សាំង និងអ្នកគ្មានវ៉ាក់សាំង ឥឡូវនេះ កំពុងបង្ហាញឲ្យឃើញពីភាពអយុត្តិធម៌ និងវិសមភាពនៃពិភពលោក។
យន្ដការកូវ៉ាក់ ដែលត្រូវបានចូលរួមបង្កើតឡើងដោយសម្ព័ន្ធវ៉ាក់សាំង GAVI និងអង្គការសុខភាពពិភពលោក បានផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៩០លានដូសហើយ ទៅកាន់ប្រទេសចំនួន១៣២ប្រទេស គិតចាប់តាំងពីខែកុម្ភៈម្ល៉េះ ប៉ុន្ដែ ការផ្គត់ផ្គង់វ៉ាក់សាំងរបស់កូវ៉ាក់ បានជួបបញ្ហាយ៉ាងខ្លាំង ដោយសារតែឥណ្ឌា ដែលជាប្រទេសផលិតវ៉ាក់សាំងឲ្យកូវ៉ាក់ គឺបានផ្អាកការនាំចេញវ៉ាក់សាំង ដោយសារតែឥណ្ឌាជួបវិបត្តិកូវីដ-១៩ឆ្លងរីករាលដាលធ្ងន់ធ្ងរ។
ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសុខភាពបានលើកឡើងថា នៅខែមិថុនានេះ យន្ដការកូវ៉ាក់ មិនបានទទួលវ៉ាក់សាំង AstraZencaនោះទេ, វ៉ាក់សាំងផលិតដោយ វិទ្យាស្ថាន Serum របស់ឥណ្ឌាក៏មិនទទួលបានដែរ ហើយវ៉ាក់សាំង Johnson &Johnson ក៏មិនបានទទួលដូចគ្នា ។ ដូច្នេះ ស្ថានភាពនាពេលបច្ចុប្បន្ន គឺស្ថិតក្នុងសភាពធ្ងន់ធ្ងរណាស់ ពិសេសសម្រាប់ប្រទេសក្រីក្រ ដ្បិតថា វ៉ាក់សាំងកំពុងខ្វះខាតហើយ មេរោគឆ្លងបំប្លែងខ្លួនថ្មី ក៏កំពុងរីកសាយភាយកាន់តែខ្លាំងថែមទៀត៕