ក្រុមហ៊ុន Toyota Motor បានសាងសង់បញ្ចប់រោងចក្រដំឡើងរថយន្តថ្មីមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនពេលដែលយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។ បន្ទាប់ពីការពន្យារពេលយូរក្នុងការប្រតិបត្តិការ ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ បានសម្រេចចាប់ផ្តើមផលិតកម្មរបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅនេះ។
ប៉ុន្តែ រោងចក្រនេះផលិតរថយន្ដបានតែមួយ ឬពីរគ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ នេះបើតាមអ្នកតំណាងក្រុមហ៊ុនតូយ៉ូតា។
ក្រុមហ៊ុនជប៉ុនចំនួនបីផ្សេងទៀត រួមទាំងក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិត Fumakilla បានបើករោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa ចាប់តាំងពីការផ្លាស់ប្តូររដ្ឋាភិបាល។ ហើយក្រុមហ៊ុនផលិតគ្រឿងយន្តធុនធ្ងន់គូបូតា និងក្រុមហ៊ុនអាហារ Ajinomoto ក៏បានបើករោងចក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចគ្នានៅមុនការធ្វើរដ្ឋប្រហារ ហើយបច្ចុប្បន្ននៅតែកំពុងបន្ដដំណើរការ។ នាយកប្រតិបត្តិនៅក្រុមហ៊ុនដែលមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស ធីឡាវ៉ា បាននិយាយថា "គ្មានការសង្ស័យទេគឺតម្រូវការសម្រាប់ផលិតផលនៅក្នុងប្រទេសនេះ គឺនៅតែមាន ដូច្នេះហើយក្រុមហ៊ុននៅតែបន្តដំណើរការដូចគ្នា»។
ទោះយ៉ាងណា ក៏មានក្រុមហ៊ុនអន្តរជាតិធំមួយចំនួន បានចាកចេញរួចទៅហើយ ពីប្រទេសមីយ៉ាន់ម៉ា ដូចជាក្រុមហ៊ុន TotalEnergies របស់បារាំង, ក្រុមហ៊ុនផលិតស្រាបៀជប៉ុន Kirin និងក្រុមហ៊ុនទូរគមនាគមន៍ណ័រវេ Telenor ជាដើម។ ការចាកចេញនេះ ដោយសារតែក្រុមហ៊ុនទាំងនោះ បារម្ភពីទំនាក់ទំនងសេដ្ឋកិច្ច រវាងរបបយោធា និងការពារទិន្នន័យរបស់អតិថិជនដែលជាប់ព័ន្ធ។
ការរាតត្បាតនៃជំងឺកូវីត១៩ និងភាពចលាចលនយោបាយបានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាក៏ពិតមែន ប៉ុន្តែការធ្លាក់ចុះដ៏អាក្រក់នោះហាក់ដូចជាបានបញ្ចប់ហើយនាពេលនេះ។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចទាំងមូលរបស់មីយ៉ាន់ម៉ានៅតែស្ថិតក្នុងកម្រិតខ្សោយនៅឡើយ។ ប្រាក់ខ្យាត (Kyat) ដែលជារូបិយបណ្ណរបស់ប្រទេសនេះបានធ្លាក់ចុះជាងពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារ ក្រោមការគ្រប់គ្រងរបស់យោធា។ អតិផរណា និងភាពគ្មានការងារធ្វើបានដាក់សម្ពាធលើជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
បើតាមង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងកើនឡើងពី ២% ទៅជាង ៣% ក្នុងមួយឆ្នាំចាប់ពីសារពើពន្ធឆ្នាំ២០២២ ពោលគឺកើនឡើងពីការធ្លាក់ចុះ ១៨% នៅក្នុងសារពើពន្ធឆ្នាំ២០២១ បើគិតត្រឹមខែកញ្ញា។
បើយោងតាមនាយកប្រតិបត្តិនៃគេហទំព័រដែលរាយបញ្ជីការផ្តល់ជូនការងាររបស់មីយ៉ាន់ម៉ា នៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសធីឡាវ៉ា (Thilawa) ក្រុមហ៊ុនចម្រុះជាតិសាសន៍នៅអឺរ៉ុបដូចជា Unilever និង Heineken កំពុងរក្សាផលិតកម្មរបស់ពួកគេ។ ក្រុមហ៊ុនលោកខាងលិចភាគច្រើនមិនបានចាកចេញពីប្រទេសមីយ៉ាន់ម៉ាទេ ដោយកំពុងស្វែងរកវិធីដើម្បីបន្តអាជីវកម្ម។
ទោះបីជាបែបនេះក្តី ច្បាប់មីយ៉ាន់ម៉ាចេញដោយរបបសឹកដែលត្រូវបានអនុវត្តក្នុងខែមេសា គឺតម្រូវឱ្យមានការប្តូររូបិយបណ្ណបរទេសឱ្យទៅជាប្រាក់ខ្យាតរបស់មីយ៉ាន់ម៉ា ប៉ុន្ដែច្បាប់នេះ មិនអនុវត្តចំពោះក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសឡើយ។ ប៉ុន្តែបញ្ហានៅតែមានក្នុងការផ្លាស់ប្តូរពីប្រាក់ខ្យាតនៃការលក់ក្នុងស្រុកទៅជាប្រាក់ដុល្លារ ដើម្បីទិញគ្រឿងផ្គត់ផ្គង់ដដែល។
ក្នុងនោះ ក្រុមហ៊ុន Suzuki Motor ដែលមានរោងចក្រដំឡើងនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa នោះដែរ បានផ្អាកការផលិតកាលពីខែកក្កដាកន្លងទៅ ដោយសារកង្វះរូបិយបណ្ណបរទេសសម្រាប់ការទិញគ្រឿងបន្លាស់ ខណៈក្រុមហ៊ុន Toyota ក៏កំពុងជួបបញ្ហាស្រដៀងគ្នានេះដែរ៕