ប្រទេសរុស្ស៊ីបានប្រកាសកាលពីខែសីហាថា ខ្លួនមានវ៉ាក់សាំងជាលើកដំបូង ដែលមានឈ្មោះថា Sputnik V ហើយវ៉ាក់សាំងនេះ ក៏ត្រូវបានកូនស្រីលោកប្រធានាធិបតីរុស្ស៊ី គឺលោក Vladimir Putin ក៏បានចាក់រួចហើយដែរ។ អ្នកស្រាវជ្រាវមួយចំនួនបានរកឃើញថា វ៉ាក់សាំងរបស់រុស្ស៊ីមួយប្រភេទនេះ ត្រូវបានចាប់ផ្ដើមប្រើប្រាស់នៅប្រេស៊ីល និងតួគី និងមានប្រសិទ្ធភាពខ្ពស់ដល់ទៅ ៩១%ឯណោះ។ បើទោះបីជា មានជម្រើសវ៉ាក់សាំងច្រើនក៏ដោយចុះ ប៉ុន្ដែ មកទល់ពេលនេះ មានប្រជាជនរុស្ស៊ីប្រមាណតែ ១៤%ប៉ុណ្ណោះ នៃប្រជាជនសរុប ១៤៦លាននាក់ ដែលបានចាក់វ៉ាក់សាំងមួយដូស។ ការចាក់វ៉ាក់សាំងយឺតយ៉ាវនេះ រដ្ឋាភិបាលរុស្សី នឹងមិនអាចសម្រេចផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៣០លាននាក់នៅក្នុងខែមិថុនានេះបានទេ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន NBC News ពលរដ្ឋរុស្ស៊ីមួយចំនួនបានលើកឡើងដោយមិនមានជំនឿលើវ៉ាក់សាំងផលិតក្នុងប្រទេសរបស់ខ្លួននោះទេ។ ពួកគេបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ពិតជាចាំបាច់មែន ប៉ុន្ដែពួកគេមិនចង់ចាក់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសរុស្ស៊ីនោះទេ ហើយបើមានជម្រើសគាត់ចង់ចាក់វ៉ាក់សាំងដែលផលិតដោយប្រទេសផ្សេងវិញ ព្រោះតែមិនសូវមានជំនឿនឹងគុណភាពវ៉ាក់សាំងផលិតក្នុងស្រុក។
នៅប្រទេសរុស្ស៊ី មានការផ្ដល់ជារង្វាន់ដូចជា រថយន្ដ និង របស់របរផ្សេងទៀត សម្រាប់អ្នកដែលមកចាក់វ៉ាក់សាំង ដើម្បីជាយុទ្ធនាការទាក់ទាញមនុស្សឲ្យមកចាក់វ៉ាក់សាំងកាន់តែច្រើន។ នៅតាមហាងផឹកស៊ី ភោជនីយដ្ឋាននានា អនុញ្ញាតឲ្យតែអ្នកបានចាក់វ៉ាក់សាំងរួចហើយទើបឲ្យចូលបាន។ បើទោះជាបែបនេះក្ដី ពលរដ្ឋរុស្ស៊ីជាច្រើននៅតែមិនព្រមមកចាក់វ៉ាក់សាំងដដែល។ ប្រការនេះ កំពុងធ្វើឲ្យរដ្ឋាភិបាលកាន់តែប្រឈមខ្លាំង នៅចំពេលដែលមេរោគបំប្លែងថ្មីកំពុងរាតត្បាតក្នុងប្រទេសនេះកាន់តែច្រើនផងដែរ។
សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ និង អ្នកស្លាប់ នៅរុស្ស៊ីនៅតែបន្ដកើនឡើង នៅអំឡុងពេលមួយសប្ដាហ៍ចុងក្រោយនេះ។ ជាមធ្យមអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅរុស្ស៊ីមានជាង១ម៉ឺន៧ពាន់នាក់ ខណៈអ្នកស្លាប់វិញមានរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ជាមួយគ្នានេះករណីឆ្លងថ្មីកាលពីសប្ដាហ៍មុនមានដល់ទៅ ៩០% គឺជាមេរោគកូវីដ-១៩បំប្លែងថ្មី ឈ្មោះ ឌែលតា ដែលកំពុងរាតត្បាតខ្លាំងពាសពេញពិភពលោក៕