សហភាពអឺរ៉ុប-អាមេរិក-ចិន

ហេតុអ្វីសហភាពអឺរ៉ុបមិនដើរតាមគោលនយោបាយដ៏តឹងរឹងបំផុតរបស់អាមេរិកចំពោះប្រទេសចិន?


អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានលើកឡើងថា សហភាពអឺរ៉ុបនឹងមិនអនុវត្តតាម ឬដើរតាមគន្លងនៃគោលនយោបាយដ៏តឹងតែងរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចិននោះទេ ដែលការថ្លែងរបស់លោកបានបង្កការប៉ះសម្តីគ្នាជាមួយសមាជិកសភាអឺរ៉ុបផ្សេងទៀត ដែលពួកគេនៅតែអំពាវនាវឱ្យមានចំណាត់ការ និងវិធីសាស្រ្តក្តៅចំពោះទីក្រុងប៉េកាំង។នេះបើតាមការចុះផ្សាយដោយកាសែត South China Morning។
EU នឹងមិនដើរតាមអាមេរិកគ្រប់រឿងនោះទេ!

ហេតុអ្វីសហភាពអឺរ៉ុបនឹងដើរតាម​គោលនយោបាយ​ដ៏តឹងរឹងបំផុតរបស់អាមេរិក ទៅលើ​ប្រទេសចិន? ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានបង្ហាញពីទស្សនរបស់លោក អំពីការរក្សាគម្លាតរវាង​ប្លុកអឺរ៉ុប ជាមួយនឹងគោលនយោបាយរបស់អាមេរិក​ដែលមានការ​បិទខ្ទប់ការនាំចេញបន្ទះឈីប​កម្រិតខ្ពស់ទៅកាន់ទីផ្សារចិនដែលគេមើលឃើញថា ជាវិធីសាស្ត្រមួយ​ធ្វើឲ្យ​វិស័យ​បច្ចេកវិទ្យា​កម្រិតខ្ពស់​របស់​ចិន​ចុះទន់ខ្សោយ ប៉ុន្ដែ គោលនយោបាយនេះ​ក៏បង្កឲ្យមានការព្រួយបារម្ភ​ក្នុងចំណោម​អ្នកផលិតឈីប​របស់សហភាពអឺរ៉ុបផ្ទាល់ផងដែរ។

មន្ត្រីការទូតកំពូល​របស់អឺរ៉ុប​រូបនេះ បាននិយាយថា «ច្បាស់ណាស់ សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់​របស់សហភាពអឺរ៉ុប ប៉ុន្ដែ ក្នុងករណីខ្លះ សហភាពអឺរ៉ុប នឹងមិនអាចធ្វើដូចអាមេរិកបានទេ​​ ចំពោះប្រទេសចិន ហើយការដែលទប់ស្កាត់ចិន​ក្នុងការទទួលបាន​ការប្រើប្រាស់បច្ចេកវិទ្យា គឺជាការសម្រេចចិត្តមួយ ដែលត្រូវតែយកមកពិចារណាឲ្យបាន​ល្អន់ល្អន់។ ការលើកឡើងរបស់ លោក ចូសេប បូរ៉េលយ៉ាងដូច្នេះ គឺចង់សម្ដៅថា ការដែលអឺរ៉ុប​ដើរតាម​ គោលនយោបាយរបស់អាមេរិក​ចំពោះប្រទេសចិន មិនមែនសុទ្ធតែត្រូវនោះទេ វាករណីខ្លះក៏អាចធ្វើឲ្យអឺរ៉ុប​ប្រឈមនឹងការខាតបង់ដែរ។

សុន្ទរកថារបស់លោក បូរេល បានបង្ហាញពីការស៊ីខ្សែគ្នាជាមួយមន្ត្រីអឺរ៉ុបម្នាក់ទៀត ដែលបានជំរុញឱ្យមានការប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការមូលមាត់គ្នារារាំងចិន​ពីការទទួលបានការប្រើប្រាស់ឧបករណ៍ឈីបអេឡិចត្រូនិករបស់ប្រទេសលោកខាងលិច។ ក្នុងនោះ ក្រុមហ៊ុនហូឡង់ ASML គឺជាការផ្គត់ផ្គង់បន្ទះឈីបដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនអឺរ៉ុបផ្សេងទៀតដែលជាអ្នកផលិតគ្រឿងឈីបអេឡិចត្រូនិចពិភពលោក។

មែនទែនទៅ ខណៈពេលដែលសហភាពអឺរ៉ុបបាននឹងកំពុង «ចូលរួមនៅក្នុងការប្រកួតប្រជែងជាប្រព័ន្ធ» ជាមួយប្រទេសចិននោះ ការថ្លែងឡើងរបស់លោក បូរេល ដែលជាមន្ត្រីជាន់ខ្ពស់របស់សភាអឺរ៉ុបបានឆ្លុះបញ្ចាំងពីពីការបន្ធូរបន្ថយពីជំហរដ៏តឹងរ៉ឹងរបស់ប្លុកមួយនេះជាមួយមហាយក្សចិន បន្ទាប់ពីមានកិច្ចប្រជុំជាហូរហែររវាងមេដឹកនាំនៃប្រទេសសមាជិកអឺរ៉ុបជាមួយលោក ស៊ី ជីនពីង​ ប្រធានាធិបតិចិននៅក្នុងកិច្ចប្រជុំ G២០ នៅកោះបាលីកាលពីពេលន្លងទៅ។

ក្នុងជំនួបនោះ មេដឹកនាំធំៗ​បាន​បញ្ជាក់​ពី​បំណង​ចង់​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្មរវាងគ្នា​ឱ្យ​បាន​រឹងមាំឡើងវិញ​ បើទោះ​ជា​ពួកគេ​បាន​ប្តេជ្ញា​ថា ​នឹង​អំពាវនាវឱ្យ​ប្រទេស​ចិន​គោរពសិទ្ធិមនុស្សតាមក៏ដោយ។ ប៉ុន្តែមេដឹកនាំនៃសហភាពអឺរ៉ុបត្រូវបានគេមើលឃើញថា មិនបានទទួលលទ្ធផលអ្វីនោះឡើយ។

លោក ចូសេប បូរេល បាននិយាយថា នៅពេលនិយាយ​អំពីប្រទេសចិនគឺមាន «គំរូអភិបាលកិច្ចខុសគ្នា និងចក្ខុវិស័យផ្សេងគ្នា​នៃពហុភាគីនិយម ដូច្នេះហើយសហភាពអឺរ៉ុប​​មិនត្រូវបញ្ឈប់​ទំនាក់ទំនង​ជាមួយចិនលើរឿងនេះទេ»។ លោកបន្តថា «យើងមិនអាចគិតថា យើងអាចកសាងអនាគតដោយមិនគិតពីប្រទេសមួយដែលមានទំហំសេដ្ឋកិច្ចនិងនយោបាយដ៏ធំធេង និងដើរតួនាទីត្រឹមត្រូវនៅក្នុងពិភពលោកនេះបានទេ។ វាជាពិត​ដែល​ថា ​ប្រព័ន្ធ​នយោបាយ​របស់​យើង គឺសហភាពអឺរ៉ុប ​មិន​ដូច​គ្នាជាមួយចិន។

ការលើកឡើងបែបនេះអំពីប្រទេសចិន គឺជាកំណត់សម្គាល់មួយ ផ្ទុយស្រឡះកាលពីខែមេសា នៅពេលដែលលោក ចូសេប បូរ៉េល បានថ្លែងទៅកាន់សភាអឺរ៉ុបដោយពណ៌នាកិច្ចប្រជុំកំពូលអឺរ៉ុប-ចិន នៅគ្រានោះថា ជា «ការសន្ទនារបស់មនុស្សថ្លង់» ក្រោយប្រទេសចិនមិនចាប់អារម្មណ៍ក្នុងការពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ម្យ៉ាងវិញទៀត តាមការប្រៀបធៀប លោក បូរេល ចំពោះស្ថានការណ៍ចុងក្រោយនេះ បានគូសបញ្ជាក់ដែរថា «ទីក្រុងប៉េកាំងបានបង្ហាញពី «បន្ទាត់ក្រហមយ៉ាងច្បាស់លាស់» នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី។ លោកថា ប្រទេសចិនមិនទាន់បានថ្កោលទោសនៅឡើយនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនមែន តែទីក្រុងប៉េកាំងបានកំណត់បន្ទាត់ក្រហមយ៉ាងច្បាស់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើង​អំពីផលវិបាកជាសកលដោយសារសង្គ្រាម ហើយចិនប្រឆាំងដាច់ខាតក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ៕




អត្ថបទបន្ទាប់


ឧស្សាហកម្មផលិតសព្វាវុធនៅអឺរ៉ុបខាងកើតកំពុងត្រូវប៉ាន់ខ្លាំង ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ឧស្សាហកម្មសព្វាវុធរបស់ប្រទេសនៅអឺរ៉ុបខាងកើតកំពុងត្រូវប៉ាន់ និងបង្កើនផលិតកម្មកាំភ្លើង កាំភ្លើងធំ និងការផ្គត់ផ្គង់សម្ភារៈយោធាផ្សេងទៀតក្នុងល្បឿ…

អស្ចារ្យណាស់ បុរី មេគង្គ លែន បានរកឃើញម្ចាស់ រង្វាន់ឡាន ទាំង៤រង្វាន់ របស់ខ្លួនហើយ

បុរី មេគង្គ លែន បានប្រារព្ធកម្មវិធី ចាប់រង្វាន់ឡាន ទាំង៤រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតិី ពីសំណាក់ ឯក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ