ថ្លែងប្រាប់សារព័ត៌មាន SCMP អ្នកនាង Mariko ថា នាងកំពុងតែព្រួយចិត្តនឹងជីវិតផ្លូវភេទរបស់មិត្តភក្ដិរបស់នាង។ អ្នកនាង Mariko និយាយថា «នាង (មិត្តភក្ដិ) ចង់មានកូន ប៉ុន្ដែ ប្ដីរបស់នាង និងនាងមិនដែលរួមភេទជាមួយគ្នាទេ»។ នាងបន្ថែមទៀតថា «ប្ដីរបស់នាង ស្រឡាញ់ងប់ងុលនឹងវីដេអូហ្គេម និងចំណីអាហារ ប៉ុន្ដែ គាត់មិនចាប់អារម្មណ៍នឹងរឿងផ្លូវភេទនោះទេ»។
អ្នកនាង Mariko ក៏មិនមានដៃគូផ្លូវភេទនោះដែរ ទោះបីជានាងចង់បានស្វាមី និងកូនមកជាយូរហើយក៏ដោយ។ ពួកគេ នៅឆ្ងាយឯការ ពីស្រុកកំណើត នៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលទំនាក់ទំនងស្នេហាកំពុងធ្លាក់ចុះ ហើយប្រជាជនវ័យចំណាស់កើនឡើងលឿនជាងប្រទេសឧស្សាហកម្មដទៃទៀតនៅក្នុងពិភពលោក។
លោក Masahiro Yamada សាស្ត្រាចារ្យមកពីសកលវិទ្យាល័យ Chuo បានឲ្យដឹងថា មានប្រហែល២៥% នៃយុវជនជប៉ុន សព្វថ្ងៃនេះ អាចនឹងនៅលីវ មិនរៀបការពេញមួយជីវិតរបស់ពួកគេ។ សាស្ត្រាចារ្យនេះ បានបង្កើតពាក្យមួយថា «Parasite Singles» ដើម្បីពិពណ៌នា អំពីមនុស្សពេញវ័យជនជាតិជប៉ុន ដែលមិនទាន់រៀបការ និងរស់នៅជាមួយនឹងឪពុកម្ដាយរបស់ពួកគេដោយមិនចាំបាច់ត្រូវចេញជួលផ្ទះស្នាក់នៅ។ ចំនួនមនុស្សនៅលីវ នៃចំនួនប្រជាជនសរុប នៅក្នុងប្រទេសជប៉ុនបានកើនឡើងជាលំដាប់នៅក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ។
នៅក្នុងឆ្នាំ២០១៥ ការសិក្សាមួយពីសាកលវិទ្យាល័យតូក្យូ បានបង្ហាញថា មានម្នាក់ក្នុងចំណោមស្ត្រី៤នាក់ និងបុរសម្នាក់ ក្នុងចំណោមបុរស៣នាក់ នៅវ័យជិត ៣០ គឺនៅលីវ។ មានពាក់កណ្ដាលនៃពួកគេ គឺមិនចាប់អារម្មណ៍នឹងទំនាក់ទំនងភេទផ្ទុយគ្នាទេ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ក៏បានរាយការណ៍ដែរថា អត្រាកំណើននៃអ្នកនៅព្រហ្មចារី គឺមានការកើនឡើង ហើយការចាប់អារម្មណ៍ពីការរួមភេទ និងការណាត់ជួបគ្នាក្នុងចំណោមមនុស្សវ័យក្មេងមានការធ្លាក់ចុះ។ប៉ុន្ដែ តើនេះអាចជាការបាត់បង់ចំណង់ផ្លូវភេទ ទើបធ្វើឲ្យអត្រាកំណើតធ្លាក់ចុះទាបមែនទេ? អ្នកស្រាវជ្រាវ និយាយថា បញ្ហាគឺមានភាពស្មុគស្មាញជាងនេះ។ លោក Yamada ដែលជាអ្នកសរសេរសៀវភៅអំពីយុវវ័យ និងតម្លៃអភិរក្ស បាននិយាយថា «ប្រទេសជប៉ុន ពិតជាឈ្លក់វង្វេង នឹងប្រពៃណី ដែលក្រោមរូបភាពជាគ្រួសារ»។
មនុស្សវ័យក្មេងជប៉ុនជាច្រើន មានបំណងបំពេញតួនាទីយេនឌ័របែបប្រពៃណី ដែលបុរសជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ហើយស្ត្រីជាអ្នកនៅមើលថែផ្ទះ និងកូនៗ។ នៅក្នុងទសវត្សរ៍ឆ្នាំ ៩០ ដែលជាឆ្នាំផ្ទុះខ្លាំង វាគឺមានភាពងាយស្រួលសម្រាប់ស្ត្រីវ័យក្មេងអាចរកបានបុរសដែលមានប្រាក់ខែល្អ ប៉ុន្ដែ សព្វថ្ងៃនេះ បើយោងតាមស្ថានភាពសេដ្ឋកិច្ចដ៏លំបាក របស់ប្រទេសជប៉ុន គឺមានស្ត្រីមិនច្រើនទេ ដែលអាចធ្វើបានដូចនោះ។
ទោះយ៉ាងណា លោក Yamada ថា គំនិតបែបប្រពៃណី ដែលថាបុរស គឺជាអ្នកត្រូវរកស៊ីចិញ្ចឹមគ្រួសារ គឺនៅតែមានតម្លៃ។ ជាលទ្ធផល នារីវ័យក្មេងជប៉ុនជាច្រើនបន្ដរស់នៅជាមួយឪពុកម្ដាយ និងរង់ចាំគូរស្រករ។
នៅឆ្នាំ ២០១៥ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យតូក្យូ បានរាប់ឃើញថា មានស្ត្រីនៅលីវចំនួនច្រើនជាង ២លាន ២សែននាក់ និងបុរសនៅលីវមានច្រើនជាង ១លាន៧សែននាក់ ចន្លោះពីអាយុ ១៨ ដល់៣៩ឆ្នាំ បើធៀបនឹងចំនួនអ្នកនៅលីវកាលពីឆ្នាំ១៩៩២។
«បន្ទាប់ពីអាយុ ៣០ទៅ មានមនុស្សតិចតួចណាស់នៅក្នុងពេលវ័យចំណាស់ ដែលមិនរៀបការ តែនៅមានទំនាក់ទំនងស្នេហាប្រុសស្រី»។ នេះបើតាមការអះអាងរបស់លោក Peter Ueda អ្នកជំនាញខាងររោគរាតត្បាតនៃសាកលវិទ្យាល័យតូក្យូរបស់ជប៉ុន។
លោក Peter បន្ថែមថា ដូច្នេះ វាសមហេតុផលក្នុងការសន្មតថា ទម្រង់នៃការទទួលយកក្នុងសង្គមនៃទំនាក់ទំនងមនុស្សពេញវ័យ គឺឧបសគ្គចំពោះការបង្កើតទំនាក់ទំនងស្នេហារ៉ូមែនទិកនៅក្នុងប្រទេសជប៉ុន។
លោក Yamada និយាយថា ប្រជាជនជប៉ុនវ័យក្មេងកំពុងបំពេញសេចក្ដីត្រូវការខាងផ្លូវភេទរបស់ពួកគេ ដោយទៅដើរលេងក្លឹបកម្សាន្ដ និងហាងកាហ្វេដែលមាននារីស្លៀកពាក់ស៊ិចស៊ី ដែលកន្លែងទាំងនេះ ជារឿយៗបុរសៗអាចស្វែងរកសេវាផ្លូវភេទបាន។
លោកបន្ថែមថាទៀតថា មានអ្នកខ្លះទៀត មិនមានពេលវេលាសម្រាប់ទំនាក់ទំនងជិតស្និទ្ធ ឬបំណងប្រាថ្នារបស់ពួកគេ ដើម្បីរកប្រាក់ចំណូលបានច្រើន លើសពីបំណងដែលពួកគេចង់បានស្នេហា។ ការវិភាគថ្មីមួយ នៃទិន្នន័យ ពីវិទ្យាស្ថានជាតិប្រជាជន និងការស្រាវជ្រាវសន្ដិសុខសង្គម សម្រាប់ឆ្នាំ១៩៨៧ ដល់ឆ្នាំ២០១៥ បង្ហាញថា ប្រាក់ចំណូលទាប និងទីផ្សារការងារមិនទៀងទាត់ គឺជាគុណវិបត្តិរបស់បុរសសម្រាប់ការស្វែងរកការណាត់ជួបដៃគូស្នេហា។
អ្នកជំនាញបានពន្យល់ថា ប្រសិនបើគោលនយោបាយរាជរដ្ឋាភិបាល ដោះស្រាយផ្ទាល់ទៅនឹងស្ថានភាពនៃក្រុមប្រជាជន ដែលមានប្រាក់ចំណូលទាប និងការអប់តិច ក៏ដូចជាដោះស្រាយបញ្ហាមនុស្សដែលមានការងារមិនស្ថិតស្ថិរ ឬការប្រភពហិរញ្ញវត្ថុមិនគ្រប់គ្រាន់ នោះអាចជាការជំរុញឲ្យប្រជាជននៅលីវក្នុងប្រទេសជប៉ុនអាចនឹងវិលមករកការស្វែងរកដៃគូជីវិតឡើងវិញ។
ការស្ទង់មតិនៅក្នុងឆ្នាំ២០១៥ បង្ហាញថា មានជាងពាក់កណ្ដាលនៃអ្នកដែលធ្លាប់នៅលីវ និងធ្លាប់និយាយថា ពួកគេមិនមានចំណាប់អារម្មណ៍នឹងទំនងទំនងស្នេហានោះ បាននិយាយថា ពួកគេនៅតែសង្ឃឹមថា នឹងអាចរៀបការនៅពេលវេលាណាមួយ៕