រដ្ឋាភិបាលរបស់លោក សេដ្ឋា ថាវីស៊ីន មហាសេដ្ឋីអចលនទ្រព្យដែលទើបតែចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីខែសីហា ឆ្នាំ២០២៣ កំពុងស្វះស្វែងជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ប្រចាំអាស៊ីអាគ្នេយ៍ តាមរយៈការបញ្ចេញថវិកាស្ដារសេដ្ឋកិច្ច និងការជំរុញការចំណាយរបស់អតិថិជនអ្នកប្រើប្រាស់ ខណៈប្រទេសនេះត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ២,៤% នៅឆ្នាំ២០២៤ នេះ ដែលទាបជាងបណ្ដាប្រទេសក្នុងតំបន់។
លោក ថាវីស៊ីន បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ធនាគារកណ្ដាលថៃ នៅតែដំឡើងអត្រាការប្រាក់ ទោះបីជាអតិផរណាអវិជ្ជមាន ដែលហក់ឡើងច្រើនខែជាប់ៗគ្នាគ្មានផលល្អសម្រាប់សេដ្ឋកិច្ច និងជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើប្រជាជនដែលមានប្រាក់ចំណូលទាប និងអាជីវកម្មខ្នាតតូច និងមធ្យម (SME) យ៉ាងណាក៏ដោយ។
ធនាគារកណ្តាលថៃ បានរក្សាអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនដោយគ្មានការផ្លាស់ប្តូរក្នុងអត្រា២,៥%កាលពីខែវិច្ឆិកា បន្ទាប់ពីបានដំឡើង២០០ពិន្ទុចាប់តាំងពីខែសីហា ឆ្នាំមុនដើម្បីទប់អតិផរណា។ ធនាគារកណ្ដាលថៃ នឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើអត្រាការប្រាក់គោលនយោបាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំនេះ។
អតិផរណាក្នុងប្រទេសថៃ បានហក់ឡើង៨ខែជាប់ៗគ្នាកាលពីខែធ្នូ ឈានដល់៣% ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងគោលដៅ១%របស់ធនាគារកណ្ដាលថៃ។ លោក ថាវីស៊ីន បានគូសបញ្ជាក់ថា លោកសង្ឃឹមថា ធនាគារកណ្តាលថៃ នឹងជួយមើលថែប្រជាជនថៃ តាមរយៈការមិនដំឡើងអត្រាការប្រាក់ក្នុងទិសដៅបញ្ច្រាសពីអតិផរណាដែលធ្វើឱ្យពួកគេកាន់តែវេទនា៕
ដោយ: តែម សុខុម