កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ហេតុអ្វីសហរដ្ឋអាម៉េរិកសម្លឹងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី លើធនធានរ៉ែកម្រ?


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន និងសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីពេលថ្មីៗបានជួបប្រជុំគ្នានៅសេតវិមាន និងយល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាអាកាសធាតុ និងថាមពលរហូតដល់ការតភ្ជាប់បច្ចេកវិទ្យាឌីជីថល និងវិស័យការពារជាតិ។ ជំនួបរវាងលោក ចូកូ វីដូដូ និងលោក ចូ បៃដិន នេះបានកើតឡើងចំពេលដែលអាម៉េរិក ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចកំពូល APEC នៅទីក្រុង San Francisco ពីថ្ងៃពុធដល់ថ្ងៃអាទិត្យ សប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ

យោងតាមការប្រកាសដោយសេតវិមាន មេដឹកនាំសហរដ្ឋអាម៉េរិក និងឥណ្ឌូនេស៊ីបានយល់ព្រមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ។

តាមមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានប្រាប់អ្នកកាសែតនៅមុនជំនួបថា កិច្ចពិភាក្សាទ្វេភាគីនេះនឹងផ្តោតសំខាន់ភាគច្រើនលើធនធានកម្រ។ យ៉ាងណាក៏ដោយ មន្ត្រីរូបនោះសង្កត់ធ្ងន់ថា វាស្ថិតក្នុងដំណាក់កាលពិភាក្សាដំបូងប៉ុណ្ណោះ មិនទាន់អាចកំណត់ថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាម៉េរិក និងឥណ្ឌូនេស៊ីទេ។

មុនជួបលោក ចូ បៃដិន នៅសេតវិមាន លោក ចូកូ វីដូដូ បាននិយាយនៅក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុងវ៉ាស៊ីនតោនថា ក្នុងនាមជាប្រទេស ដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ និងសក្តានុពលថាមពលបៃតង ឥណ្ឌូនេស៊ីអាចក្លាយជាដៃគូដ៏សំខាន់សម្រាប់សហរដ្ឋអាម៉េ​រិក។

លោកបន្ថែមថា ឥណ្ឌូណេស៊ីមានរ៉ែនីកែលធំជាងគេរបស់ពិភពលោក និងសក្តានុពលថាមពលបៃតងមានដល់ទៅ៣៦០០ជីហ្គាវ៉ាត់។ ហើយនេះជាសក្ដានុពលដ៏អស្ចារ្យមួយដែលអាម៉េ​រិក និងឥណ្ឌូនេស៊ី អាចអភិវឌ្ឍរួមគ្នាបាន។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចពិភាក្សានៅសេតវិមាន សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមបង្កើតផែនការសកម្មភាពរ៉ែសំខាន់ៗ ដែលអាចបង្កើតឱ្យមានការវិនិយោគស្តង់ដារខ្ពស់នៅក្នុងវិស័យរ៉ែសំខាន់ៗនៅក្នុងប្រទេសទាំងពីរ។

ហើយលោក បៃដិន នឹងប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការបរទេស និងក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូនេស៊ី ស្តីពីការអភិវឌ្ឍន៍ថាមពល និងរ៉ែប្រកបដោយនិរន្តរភាព។

មែនទែនទៅ អាម៉េរិក ក្រោមរដ្ឋបាលលោក ចូ បៃដិន បានព្យាយាមពង្រីកពាណិជ្ជកម្មរ៉ែ ជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួនដូចជាឥណ្ឌូនេស៊ីជាដើម ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

បើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាម៉េ​រិក និងឥណ្ឌូនេស៊ី ចេញជារូបរាងមែននោះ វានឹងអនុញ្ញាតឱ្យរថយន្តអគ្គិសនីអាម៉េ​រិកផលិតឡើង ដោយប្រើរ៉ែនីកែលឥណ្ឌូនេស៊ីជំនួសពីចិន។ ប៉ុន្តែ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់អាម៉េ​រិកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ គឺនៅដំណាក់កាលដំបូងបំផុតនៃកិច្ចពិភាក្សាស្តីពីរ៉ែនីកែលនេះ។

យ៉ាងណាមិញ សមាជិកព្រឹទ្ធសភាអាម៉េ​រិកមួយក្រុមបានប្រឆាំងនឹងចំណាត់ការបែបនេះជាមួយប្រទេសឥណ្ឌូនេស៊ី ដោយអះអាងថា ស្តង់ដាររបស់ប្រទេសឥណ្ឌូនេស៊ី លើសិទ្ធិការងារ ការការពារបរិស្ថាន សុវត្ថិភាព និងសិទ្ធិមនុស្សកំពុងមានភាពសង្ស័យ។ នៅក្នុងលិខិតមួយទៅកាន់រដ្ឋាភិបាលសហរដ្ឋអាម៉េ​ រិក សមាជិកព្រឹទ្ធសភាទាំងនោះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនចិនកំពុងត្រួតត្រានៅក្នុងការរុករករ៉ែ និងការចម្រាញ់រ៉ែក្នុងប្រទេសឥណ្ឌូនេស៊ី ដោយកត់សម្គាល់ថា ការវិនិយោគពីប្រទេសចិនទៅក្នុងវិស័យរ៉ែនីកែលរបស់ប្រទេសនេះបានកើនឡើងដល់ទៅជិត៤ពាន់លានដុល្លា រនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

ដូចនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌូនេស៊ីនឹងមិនឱ្យអាម៉េ​រិកអាចទប់ស្កាត់ការពឹងផ្អែកលើរ៉ែនីកែលចិនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យក្រុមហ៊ុនចិនទាំងនោះទទួលបានប្រយោជន៍ថែមទៀត៕

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានដឹ…

ភាគហ៊ុនធនាគារនៅប្រទេសចិនប្រឈមនឹងវិបត្តិទំនុកចិត្ត ដោយសារតែហានិភ័យនៃបំណុលអាក្រក់

តម្លៃទីផ្សារភាគហ៊ុនធនាគាររបស់ចិន កំពុងធ្លាក់ចុះជិតដល់កម្រិតតម្លៃទាបបំផុតជាប្រវត្តិសាស្ត ខណៈដែលក្រុមវិនិយោគិនបានដាក់ការប្រុងប្រយ័ត្នខ្ពស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ