ការលើកឡើងពីផែនការផ្លាស់ប្ដូរការិយាល័យប្រធានាធិបតីនេះ ក៏បានធ្វើឲ្យមានប្រតិបត្តិជាច្រើន ដោយសារតែប្រធានាធិបតីកូរ៉េខាងត្បូងជាច្រើនអាណត្តិមកហើយ មិនមានការផ្លាស់ប្ដូរការិយាល័យធ្វើការនោះទេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក Yoon ដែលទើបជាប់ឆ្នោតកាលពីថ្ងៃទី០៩ ខែមីនានោះបានសន្យាថា នឹងផ្លាស់ប្តូរការិយាល័យប្រធានាធិបតីពីវិមានខៀវទៅកាន់កន្លែងមួយ ដែលអាចមានការចេញចូលកាន់តែច្រើនជាងមុន ខណៈដែលអគារវិមានខៀវចាស់នៅក្នុងទីក្រុងសេអ៊ូលនេះ នឹងបើកសម្រាប់សាធារណៈជនចូលទស្សនាវិញ។
ប្រធានាធិបតីថ្មីរូបនេះក៏បានបញ្ជាក់ដែរថា លោកនឹងផ្លាស់ប្តូរទីលំនៅរបស់លោកទៅក្នុងសង្កាត់ ហានណាមដុង (Hannam-dong) ជាសង្កាត់មួយ ដែលមាននាយកប្រតិបត្តិអាជីវកម្មនិងអ្នកការទូតជាច្រើនរស់នៅទីនោះ។
ផែនការរបស់ Yoon នេះបានបង្កឱ្យមានប្រតិកម្មចម្រុះពីប្រជាពលរដ្ឋកូរ៉េខាងត្បូង ហើយសូម្បីតែក្រុមអ្នកគាំទ្ររបស់លោក Yoon ក៏បានប្រតិកម្មចំពោះបញ្ហានេះដែរ។
ជាមួយគ្នានេះ ការរុះរើវិមានខៀវនេះបានធ្វើឱ្យមានការជជែកគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមគ្រូមើលហុងស៊ុយជាច្រើនដែរ ក្រោយពីមន្ត្រីគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងបានចោទលោក Yoon ថា បានទទួលឥទ្ធិពលពីគ្រូហុងស៊ុយបុរាណ អំពីទម្រង់នៃភូមិសាស្ត្រ ដែលមានប្រភពមកពីប្រទេសចិន។
គ្រូមើលហុងស៊ុយបាននិយាយថា ទីតាំង Blue House ចាស់នេះ គឺមិនល្អនោះទេព្រោះ ប្រធានាធិបតីកូរ៉េខាងត្បូង ៤ នាក់ក្នុងចំណោម៦នាក់នៅក្នុងប្រវត្តិសាស្ត្រ២៥ឆ្នាំនៃប្រទេសប្រជាធិបតេយ្យមួយនេះ គឺត្រូវបានគេចាប់ដាក់គុក ឬបើមិនដូច្នេះទេ គឺបានសម្លាប់ខ្លួន បន្ទាប់ពីចាកចេញពីតំណែង។
ក្រុមរបស់លោក Yoon បានច្រានចោលការលើកឡើងដែលចោទថា ការរុះរើការិយាល័យនេះគឺជាការប្រមាថបុព្វការីរបស់ខ្លួនដោយអះអាងថា ការរុះរើនេះនឹងធ្វើឱ្យប្រសើរនូវការចេញចូលជាសាធារណៈ និងការប្រាស្រ័យទាក់ទងជាមួយជំនួយការ ហើយថាអគារប្រតិបត្តិរបស់វិមាន ខៀវ (Blue House) នេះបានក្លាយជា "ព្រះរាជវាំង" ដែលដាច់ស្រយាល និងហ៊ុមព័ទ្ធដោយព្រៃឈើនិងសន្តិសុខតឹងរឹង។
ទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិគឺស្ថិតនៅក្នុងសង្កាត់ យ៉ុងសាន (Yongsan) នៅក្នុងរដ្ឋធានីសេអ៊ូល ជាប់នឹងអតីតមូលដ្ឋានយោធាដ៏ធំរបស់សហរដ្ឋអាមេរិកដែលបានបិទទ្វារភាគច្រើន ហើយបានផ្លាស់ប្តូរទៅភាគខាងត្បូងនៃទីក្រុងនេះ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប៉ាន់ប្រមាណថា ការផ្លាស់ប្តូរការិយាល័យនេះនឹងចំណាយថវិកាអស់ជាង៤០លានដុល្លារអាមេរិក រួមទាំងការផ្លាស់ប្តូរទីតាំងក្រសួងការពារជាតិ និងការជួសជុលទាំងការិយាល័យថ្មីនិងលំនៅដ្ឋានរបស់លោក យ៉ុន ផងដែរ៕