ការរួមដៃគ្នារវាងរុស្ស៊ី និងបេឡារុស ក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ វានឹងពង្រីកជម្លោះជាងប្រាំពីរខែមកនេះឲ្យកាន់ធំ និងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ប្រធានាធិបតីបេឡារុស លោក Lukashenko ដែលមានទំនោរទៅរករុស្សីនោះ បានបញ្ជាឲ្យដាក់ពង្រាយកងទ័ពជាច្រើន រួមជាមួយនឹងកងកម្លាំងរុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន ហើយក្រសួងការពារជាតិបេឡារុសបាននិយាយថា កងទ័ព «ត្រៀមខ្លួនប្រយុទ្ធ» ទាំងនោះកំពុងធ្វើសមយុទ្ធផងដែរ។ កាលពីថ្ងៃអង្គារ ទី ១១ តុលា ក្រសួងមហាផ្ទៃបេឡារុសបានធ្វើសមយុទ្ធនៅជិតទីក្រុង Yelsk ចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែនប៉ុណ្ណោះ។
ការណ៍នេះហើយបានជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើឱ្យក្រុមប្រទេស G7 ដាក់អ្នកសង្កេតការណ៍អន្តរជាតិនៅជិតព្រំដែនជាមួយបេឡារុស ខណៈដែលបារាំងបានព្រមានទីក្រុងមីនស៍ (Minsk) ថា បេឡារុសប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចបន្ថែមទៀត ប្រសិនបើខ្លួនហ៊ានតែចូលដៃចូលជើងធ្វើសង្គ្រាមជាមួយរុស្សីលើអ៊ុយក្រែន។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ២៤ កុម្ភៈ ជាពេលដែលទីក្រុងម៉ូស្គូចូលឈ្លានពានអ៊ុយក្រែន បេឡារុសបានអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីឈរជើងក្នុងការប្រយុទ្ធជាមួយទីក្រុងកៀវ តែមិនបានចូលរួមប្រយុទ្ធផ្ទាល់នោះទេ។ ផ្ទុយទៅវិញ នៅពេលឥលូវនេះ ក្រុមអ្នកវិភាគស្ថានការសឹកបាននិយាយថា លោក Lukashenko នឹងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីធ្វើតាមទីក្រុងម៉ូស្គូបញ្ជានោះទេ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាមទារឱ្យលោកចូលរួមក្នុងសង្រ្គាមនេះដែរ ក្រោយពីយោធាម៉ូស្គូបាននិងកំពុងទទួលបរាជ័យជាបន្តបន្ទាប់ និងប្រេះស្រាំផ្ទៃក្នុងផងនោះ។
ទោះជាយ៉ាងណាពួកអ្នកវិភាគទាំងនោះបានដាក់ការសន្និដ្ឋានថា បើទោះបីបេឡារុសចូលអន្តរាគមន៍ជួយរុស្ស៊ីក៏ដោយ ក៏នឹងមិនអាចធ្វើឲ្យសា្ថនការសឹកមានការប្រែប្រួលអ្វីច្រើនដែរ ព្រោះបើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ កងទ័ពប្រដាប់អាវុធបេឡារុសមានត្រឹមតែប្រមាណ៤ម៉ឺន៨ពាន់នាក់តែប៉ុណ្ណោះ ហើយមិនបានធ្វើសង្រ្គាមអស់រយៈពេលជាង៣០ឆ្នាំមកហើយ ចាប់ទាំងពីទទួលបានឯករាជ្យភាពពីសហភាពសូវៀតមក។
តាមលោក Samir Puri អ្នកនិពន្ធសៀវភៅ «ផ្លូវទៅកាន់សង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន» បាននិយាយថា កងកម្លាំងរបស់បេឡារុសទាំងនោះមិនមែនជាកងទ័ពប្រដាប់អាវុធដែលសម្រាប់ធ្វើសង្គ្រាមនោះទេ។ ទោះជាបែបនេះក្តី លោកបានគូសបញ្ជាក់ថា ហានិភ័យនៃការធ្វើអន្តរាគមន៍ពីបេឡារុស្សអាចបង្ខំឱ្យអ៊ុយក្រែនបង្កើនសន្តិសុខនៅភាគខាងជើងនៃប្រទេស ដោយដកកងម្លាំងពីសមរភូមិជាមួយរុស្ស៊ីនៅភាគខាងត្បូង និងខាងកើត។
ដោយឡែក លោក ផាវេល ស្លូមគីន (Pavel Slunkin) អតីតអ្នកការទូតបេឡារុសដែលឥឡូវជាក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេសបាននិយាយថា «យើងទាន់ឃើញមានសញ្ញាណាមួយដែលរុស្ស៊ីបញ្ជូលកងកម្លាំងចូលប្រទេសបេឡារុស ដើម្បីឈ្លានពានអ៊ុយក្រែនឡើងវិញពីភាគខាងជើងដូចដែលខ្លួនបានធ្វើនៅដើមសង្រ្គាមនៅក្នុងខែកុម្ភៈនោះទេ»។
ក្រៅតែពីរឿងបេឡារុសប្រមូលផ្ដុំទ័ពនៅក្បែរព្រំដែនអ៊ុយក្រែនហើយនោះ ការព្រមានប្រើប្រាស់នុយក្លេអ៊ែរពីរុស្ស៊ី ក៏កំពុងជាចំណុចដ៏រសើបមួយនៅក្នុងសង្គ្រាមនេះដែរ។ ប៉ុន្ដែ សម្ព័ន្ធណាតូនឹងឆ្លើយតបបែបណា បើសិនជារុស្ស៊ីពិតជាហ៊ានលេងសន្លឹកបៀរធំបន្ទាប់របស់ខ្លួនមួយនេះ មែននោះ?
មន្ត្រីជាន់ខ្ពស់ណាតូម្នាក់បាននិយាយកាលពីថ្ងៃពុធ ទី ១២ តុលា ថា ការវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ីនឹងផ្លាស់ប្តូរបរិបទនៃជម្លោះ ហើយនឹងទំនងបង្កឱ្យមាន «ការឆ្លើយតបជាក់ស្តែង» ពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងផងដែរ។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់មុនថ្ងៃនៃកិច្ចប្រជុំបិទទ្វារនៃក្រុមផែនការនុយក្លេអ៊ែររបស់អង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ តុលាថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងបង្កឲ្យមាន «ផលវិបាកដែលមិនធ្លាប់មានពីមុន» សម្រាប់ប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការណាតូកាលពីថ្ងៃទី ១៣តុលាដែរថា សហរដ្ឋអាមេរិកកំពុងតាមដាន និងឃ្លាំមើលមែនទែនទៅនឹងដំណើរវិវត្តន៍នៃនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង ដែលត្រូវបានបញ្ជូនសារដោយលោក ពូទីន នាថ្មីៗនេះ ដែលអាចឈានដល់ការប្រើវាក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែននៅទីបំផុត។
ស្របពេលជាមួយគ្នានេះ ចក្រភពអង់គ្លេស អាមេរិក និងអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងបរិច្ចាគមីស៊ីល ប្រព័ន្ធការពារដែនអាកាស ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានី Kyiv និងទីក្រុងផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។
គួររលឹកដែរថា ការវាយប្រហារដោយការបាញ់ស្រោចមីស៊ីលមិនរើសមុខពីសំណាក់រុស្សីចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស ព្រមទាំងបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតរបស់អ៊ុយក្រែន៕