មហាសេដ្ឋីលំដាប់ពិភពលោករុស្ស៊ីមួយរូប គឺលោក Oleg Deripaska បានអះអាង ថា វិនិយោគិនបរទេស ជាពិសេសមកពីបណ្តាប្រទេសជា“មិត្តភាព”របស់ រុស្ស៊ី ក៏មានតួនាទីធំនិងចំបងផងដែរ ដូចនេះរុស្ស៊ីគួរតែបង្កើតលក្ខខណ្ឌដ៏ត្រឹមត្រូវ និងធ្វើឱ្យទីផ្សាររបស់ខ្លួនមានភាពទាក់ទាញដើម្បីនិរន្តរភាពសេដ្ឋកិច្ច ។
លោក Oleg Deripaska ត្រូវបានគេស្គាល់ថា គឺជាមហាសេដ្ឋីរុស្ស៊ីដែលចូលចិត្តនិយាយដោយ មិនសំចៃមាត់ ហើយលោកក៏ជាអ្នកដែលហ៊ានអំពាវនាវឱ្យទីក្រុងមូស្គូ បញ្ចប់សង្រ្គាមរបស់ខ្លួននៅ ក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន។
ផ្ទុយទៅនឹងការវាយតម្លៃ របស់លោក Oleg Deripaska ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្មីៗនេះបានសរសើរពីភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេស ទោះបីជារុស្ស៊ីកំពុងប្រឈមមុខនឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ជាពិសេសគឺសម្ព័ន្ធមិត្តនៅលោកខាងលិចដែលមិនធ្លាប់មានពីមុនក្ដី។
រដ្ឋាភិបាលក្រុងមូស្គូបានអះអាងថា នៅឆ្នាំ២០២៣នេះសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកាន់តែមានភាពធន់នឹងទណ្ឌកម្ម។
នៅក្រោមសំពាធនៃកញ្ចប់ទណ្ឌកម្មដ៏ច្រើន និងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក រដ្ឋាភិបាលក្រុងម៉ូស្គូ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះតែ ២,១%ប៉ុណ្ណោះ កាលពីឆ្នាំ២០២២ ដែលជាការធ្លាក់ចុះតិចជាងអ្វីដែលរំពឹងទុករបស់អ្នកសេដ្ឋកិច្ចនានានៅលើពិភពលោក ។
ចាប់តាំងពីសង្រ្គាមបានផ្ទុះមក ដល់ពេលនេះរុស្ស៊ីបានរងកញ្ចប់ទណ្ឌកម្មដែលមានរហូតដល់ទៅជាង ១ម៉ឺនទណ្ឌកម្ម ក្រៅពីនោះទុនបម្រុងបរទេសរុស្ស៊ីដែលមានតម្លៃរហូតដល់ទៅ ៣០០ ពាន់លានដុល្លារក៏ត្រូវបានបង្កក ហើយប្រទេសខ្លះកំពុងតែផ្តួចផ្តើមរៀបចំច្បាប់ និង វិធានការរឹបអូសទុនបម្រុងទាំងនេះ ដើម្បីយកទៅធ្វើជាសំណងដល់លទ្ធផលនៃវិនាសសកម្ម ដែលរុស្ស៊ីបានបង្កនៅលើទឹកដីអ៊ុយក្រែន ។
ស្ថិតិដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ពីខែកុម្ភៈ ដល់ខែធ្នូឆ្នាំ២០២២ ពាណិជ្ជកម្មរវាង សហគមន៍អឺរ៉ុបនិងរុស្ស៊ីធ្លាក់ចុះ ៥១% ជាហេតុនាំឲ្យប្រាក់ ចំណូលរបស់រដ្ឋាភិបាលរុស្ស៊ីបានធ្លាក់ចុះ ប្រមាណជា ៣៥% ហើយរុស្ស៊ីកំពុងតែជួបឱនភាពពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណជា ២៣,៣ ពាន់លានដុល្លារ ។
នៅពេលនេះដង្ហើមសេដ្ឋកិច្ចរុស្ស៊ីអាចកំពុងតែបន្តក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយនឹងចិន និង ឥណ្ឌា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុប ដែលបានអនុវត្តកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីក៏នៅមិនទាន់អាចមានលទ្ធភាពកាត់ផ្តាច់ឫខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ីទាំងស្រុងបាននៅឡើយទេ ។