ហើយក៏មិនបានធ្វើឲ្យវិនិយោគិនដែលបានវិនិយោគក្នុងផ្សារហ៊ុនកម្ពុជា ព្រួយបារម្ភខ្លាំងដែរ ពោលគឺតម្លៃភាគហ៊ុនរបស់រដ្ឋាករទឹក មានតម្លៃ ៣៨៨០រៀលក្នុងមួយហ៊ុន នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៧ ពោលគឺធ្លាក់ចុះ១០០រៀល ប្រៀបនឹងថ្ងៃទី២៩ សីហា ឆ្នាំ២០១៧។
លោក ល្មុន សូឡី អនុប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ នៅផ្សារមូលបត្រកម្ពុជា បានអះអាងថា ការកែប្រែតម្លៃទឹករយៈពេល៣ខែចុងក្រោយនេះ វាមិនបានធ្វើឲ្យប៉ះពាល់ដល់ការជួញដូររបស់វិនិយោគិននៅក្នុងផ្សារហ៊ុនកម្ពុជានោះទេ ខណៈដែលប្រាក់ចំណូលរបស់រដ្ឋាករទឹកមួយនេះ ក៏មិនប្រែប្រួលខ្លាំងនោះដែរ។
លោកបានបញ្ជាក់ថា សម្រាប់វិនិយោគិនដែលបានគិតគូរវែងឆ្ងាយ និងដឹងពីបេសកកម្មរបស់ក្រុមហ៊ុនរបស់រដ្ឋមួយនេះ គឺមិនមានការព្រួយបារម្ភទេ។ លោកបញ្ជាក់ថា ចំពោះវិនិយោគិនដែលមិនបានគិតគូរវែងឆ្ងាយសម្រាប់ពីទស្សនវិស័យក្រុមហ៊ុន អាចនឹងមានការប៉ះពាល់សតិអារម្មណ៍បន្តិចបន្តួចផងដែរ ចំពោះការកែប្រែតម្លៃនេះ។
របាយការណ៍ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបប្រមាណ ២៨,៨លានដុល្លារអាមេរិក កើនឡើង១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកប្រាក់ចំណេញ សរុបមានប្រមាណ ៣,៦លានដុល្លារអាមេរិក។
សម្រាប់ត្រីមាសទីបីឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រំពឹងថា នឹងទទួលបានប្រាក់ចំណេញពិតប្រមាណ ២,៩លានដុល្លារ។ នេះបើយោងតាមវេបសាយរបស់រដ្ឋាករទឹកដែលបានចេញផ្សាយថ្មីៗនេះ៕
តម្លៃទឹកស្អាតនឹងធ្លាក់ចុះមកនៅត្រឹម ៧០០ ទៅ ៨០០រៀលក្នុង១ម៉ែត្រគូបចាប់ពីថ្ងៃទី១ កញ្ញា តទៅ។
កាលពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកែប្រែថ្លៃលក់ទឹកស្អាតសម្រាប់ការផ្គត់ផ្គង់របស់ខ្លួន នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ដែរ ពាក់ព័ន្ធទៅនឹងការប្រែប្រួលតម្លៃទឹកស្អាតនេះដែរ ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឲ្យបញ្ចុះតម្លៃ និងសងប្រាក់ត្រលប់ទៅឲ្យអតិថិជនវិញ បន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋជាច្រើន ការបង់ថ្លៃទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញនៅតម្លៃថ្មី កាលពីខែឧសភា កន្លងទៅ មានតម្លៃថ្លៃគុណនឹងពីរ។
រហូតមកដល់ដើមសប្តាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មធ្វើការជាមួយរដ្ឋាករទឹកដើម្បីវិលត្រឡប់ទៅអនុវត្តរូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី ដោយសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការគណនារបៀបទូទាត់តម្លៃថ្មីនេះអនុវត្តផ្ទុយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រ។
កាលពីថ្ងៃទី២៨ ខែសីហាដដែល រដ្ឋាករទឹកស្វយ័តបានចេញសេចក្តីជូនដំណឹងថា រដ្ឋាករទឹកនឹងធ្វើការគណនាតម្លៃតាមរូបមន្តចាស់ និងធ្វើការទូទាត់សងប្រាក់លម្អៀងនាពេលកន្លងមកចាប់ពីថ្ងៃទី៤ កញ្ញាទៅ៕