
តួយ៉ាង ស្ត្រីជនជាតិអាមេរិកាំងនៅក្នុងរូបខាងលើនេះ គាត់រស់នៅជាមួយព្រៃឈើនិងសត្វព្រៃនៅកម្ពុជាអស់រយៈពេលជិត ២០ឆ្នាំហើយ។ បច្ចុប្បន្ន គាត់គឺជាស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការ Wildlife Alliance។
ក្នុងអត្ថបទនេះ ខេមបូណូមីស សូមលើកយកពីប្រវត្តិត្រួសៗអំពីស្ត្រីរូបនេះ និងកិច្ចការងារនានាដែលគាត់បានជួយដល់កម្ពុជា ទាក់ទិងនឹងព្រៃឈើនិងសត្វព្រៃ។
អ្នកនាង ស៊ូវ៉ាណា ហ្គនលែត (Suwanna Gauntlett) មានកំណើតកើតជានៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែ ធំធាត់ចម្រើនវ័យនៅអាមេរិកខាងត្បូង និងអឺរ៉ុប។ នេះបើតាមឯកសារប្រវត្តិផ្ទាល់ខ្លួន ដែលចុះផ្សាយដោយ The Huffington Post។

បទពិសោធន៍កុមារភាពនាំទៅរកការអភិរក្សសត្វព្រៃ
កាលពីកុមារភាពខណៈដែលកំពុងរស់នៅក្នុងប្រទេសប្រេស៊ីល អ្នកនាង ស៊ូវ៉ាណា បានជួបប្រទះរឿងសោកនាដកម្មមួយដោយផ្ទាល់ភ្នែក គឺអ្នកនាងបានឃើញព្រានប្រមាញ់ធ្វើទារុណកម្មសត្វខ្លារខិននៅក្នុងភូមិមួយ។ បទពិសោធន៍នេះ បានជំរុញឲ្យអ្នកនាងដើរទៅរកផ្លូវនៃការអភិរក្សសត្វព្រៃ។
ជាកុមារដែលស្រលាញ់សត្វព្រៃ អ្នកនាង ស៊ូវ៉ាណា ក៏បានតាំងចិត្តលះបង់កម្លាំងកាយចិត្ត និងអាយុជីវិតដើម្បីអភិរក្សនិងការពារសត្វព្រៃ។
មុនពេលឈានជើងចូលមកកម្ពុជា អ្នកនាង ស៊ូវ៉ាណា ហ្គនលែត ធ្លាប់ធ្វើការងារអភិរក្សសត្វព្រៃនៅប្រទេសជាច្រើន ដូចជា រុស្ស៊ី ឥណ្ឌា ថៃ និងមីយ៉ាន់ម៉ា។ ប៉ុន្តែ យើងសូមលើកយកតែកិច្ចការងារដែលអ្នកនាង និងអង្គការ Wildlife Alliance ធ្វើនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

ការងារអភិរក្សសត្វព្រៃ និងបង្ក្រាបបទល្មើសសត្វព្រៃនៅកម្ពុជា
ដើមឆ្នាំ២០០០ អ្នកនាង ស៊ូវ៉ាណា និងអង្គការ Wildlife Alliance ដែលកាលនោះមានឈ្មោះថា WildAid បានចាប់ផ្ដើមចងសម្ព័ន្ធមេត្រីជាមួយនាយកដ្ឋានរុក្ខាប្រមាញ់និងការពារសត្វព្រៃ និងការិយាល័យគ្រប់គ្រងឧទ្យានជាតិរបស់ប្រទេសកម្ពុជា ដោយអ្នកនាងបានដឹងថា ការគំរាមកំហែងដ៏ធំបំផុតចំពោះជីវចម្រុះនៅកម្ពុជា គឺការទន្ទ្រានដីព្រៃ ការកាប់ព្រៃខុសច្បាប់ និងការប្រមាញ់សត្វព្រៃដោយខុសច្បាប់។
ដំបូងឡើយ អង្គការរបស់អ្នកនាងផ្ដល់តែការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃប៉ុណ្ណោះ ដោយនៅដើមឆ្នាំ២០០១ បានបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលរុក្ខាប្រមាញ់ និងកងរាជអាវុធហត្ថកម្ពុជា ៥០នាក់។
ប៉ុន្តែ ភ្លាមៗនោះ អ្នកនាង ស៊ូវ៉ាណា បានសុំការអនុញ្ញាតនិងសហការជាមួយអាជ្ញាធររដ្ឋាភិបាលកម្ពុជា បង្កើតនូវក្រុមចល័តពិសេសបង្ក្រាបបទល្មើសសត្វព្រៃលើកដំបូងបង្អស់នៅក្នុងប្រទេសនេះ ដែលក្រុមការងារបែបនេះមានតែមួយគត់នៅអាស៊ីអាគ្នេយ៍នេះ។ ក្រុមសង្គ្រោះសត្វព្រៃដែលបង្កើតឡើង ធ្វើការល្បតទូទាំងប្រទេស និងឆ្មក់បង្ក្រាបការដឹកជញ្ជូនសត្វព្រៃដោយខុសច្បាប់នៅតាមទីក្រុងប្រជុំជន តាមដងផ្លូវ និងតាមព្រំដែន។
អង្គការ Wildlife Alliance តាំងពីពេលនោះមក ដើរតួនាទីសំខាន់ក្នុងការសង្គ្រោះសត្វព្រៃ ថែរក្ស និងដោះលែងទៅក្នុងព្រៃវិញ ដោយរៀងរាល់ឆ្នាំ អង្គការនេះសង្គ្រោះបានសត្វព្រៃរស់រាប់ពាន់ក្បាល។
ដោយសារតែចំនួនសត្វព្រៃសង្គ្រោះបានច្រើនពេក នាំឲ្យខ្វះមណ្ឌលថែទាំ ព្រោះតែសួនសត្វភ្នំតាម៉ៅដែលគ្រប់គ្រងដោយរដ្ឋមានទំហំតូចពេក និងគ្មានបរិក្ខារស្តង់ដារគ្រប់គ្រាន់ អង្គការ Wildlife Alliance ក៏បានជួយរកថវិកាពីក្រៅប្រទេសមកកែលម្អនិងពង្រីកសួនសត្វភ្នំតាម៉ៅ រហូតដល់សព្វថ្ងៃ។
បន្ទាប់មកទៀត អ្នកនាង ស៊ូវ៉ាណា និងអង្គការ Wildlife Alliance បានជួយបណ្ដុះបណ្ដាលនិងបំពាក់សម្ភារៈដល់ឧទ្យានុរក្សនៅឧទ្យានជាតិបូកគោ តាមការស្នើសុំពីនាយកដ្ឋានឧទ្យានជាតិ និងបានបង្កើតជាមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលឧទ្យានុរក្ស ដែលបានបណ្ដុះបណ្ដាលឧទ្យានុរក្សជាង ៥០០នាក់ទូទាំងប្រទេស។
កាន់តែជោគជ័យ ការងារកាន់តែរីកធំ

បន្ទាប់ពីជោគជ័យក្នុងការការពារឧទ្យានជាតិបូកគោ អង្គការរបស់អ្នកនាង ស៊ូវ៉ាណា ត្រូវបានរដ្ឋាភិបាលស្នើសុំឲ្យជួយការពារតំបន់ជួរភ្នំក្រវាញភាគខាងត្បូង បន្ទាប់ពីមានភាពអាសន្ននៃការកើនឡើងនូវការប្រមាញ់សត្វព្រៃខុសច្បាប់និងភ្លើងឆេះព្រៃ។
ដោយមានការគាំទ្រផ្នែកនយោបាយពីសំណាក់ប្រមុខដឹកនាំរដ្ឋាភិបាល អ្នកនាង ស៊ូវ៉ាណា បានធ្វើការសហការគ្នាជាមួយក្រសួងចំនួន ៣ ដើម្បីដោះស្រាយបញ្ហាការទន្ទ្រានព្រៃយកដីនៅក្នុងតំបន់ជួរភ្នំក្រវាញ និងបានបង្កើតផែនការគ្រប់គ្រងដីធ្លីរយៈពេលវែងនៅទីនោះ។
ការថែរក្សានិងអភិរក្សតំបន់ព្រៃជួរភ្នំក្រវាញភាគត្បូង ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយការទន្ទ្រានព្រៃយកដីត្រូវបានបញ្ឈប់ សកម្មភាពប្រមាញ់សត្វដំរីនិងខ្លាត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ហើយតំបន់នេះត្រូវបានរាជរដ្ឋាភិបាលកំណត់ព្រំប្រទល់ច្បាស់លាស់ និងដាក់ជាដែនព្រៃការពារ។

កិច្ចប្រឹងប្រែងដំបូងៗទាំងនេះ ទទួលបានជោគជ័យ និងបានប្រែក្លាយទៅជាកម្មវិធីការពារតំបន់ព្រៃជួរភ្នំក្រវាញភាគខាងត្បូង ដែលអនុវត្តដោយរដ្ឋបាលព្រៃឈើ និងអង្គការ Wildlife Alliance គ្របដណ្ដប់ទៅលើតំបន់ជួរភ្នំក្រវាញភាគខាងត្បូងទាំងមូល។
កម្មវិធីនេះ រួមមាន ស្ថានីយអនុរក្ស ៦កន្លែង កម្មវិធីដាំដើមឈើឡើងវិញមួយកន្លែង ស្ថានីយស្ដារសម្បទាសត្វព្រៃ កសិកម្មនិងទេសចរណ៍ធម្មជាតិនៅក្នុងឃុំចំនួន ៤ ដែលផ្ដល់ការងារនិងចំណូលដល់ប្រជាពលរដ្ឋក្រីក្រ។ បច្ចុប្បន្ន ចំនួនសត្វដំរីកំពុងកើនឡើងវិញ ដោយគេឧស្សាហ៍ប្រទះឃើញដំរីជារឿយៗ។
អ្នកនាង ស៊ូវ៉ាណា និងអង្គការ Wildlife Alliance បានធ្វើការយ៉ាងជោគជ័យជាមួយរដ្ឋបាលព្រៃឈើ ក្រសួងចំនួន ៥ និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល ក្នុងការលុបចោល ឬកាត់បន្ថយទំហំដីសម្បទានសេដ្ឋកិច្ចចំនួន ៣៤ និងបានសង្គ្រោះព្រៃឈើបានជាច្រើនម៉ឺនហិកតា។
បច្ចុប្បន្ន ព្រៃឈើជិត ៨សែនហិកតារ ត្រូវបានថែរក្សានៅក្នុងតំបន់ជួរភ្នំក្រវាញភាគខាងត្បូង ដែលនេះជាសមិទ្ធផលអភិរក្សព្រៃឈើដ៏អស្ចារ្យបំផុតនៅក្នុងតំបន់អាស៊ី។

ជាអ្នកបរិស្ថាននិងអភិរក្សដ៏លេចធ្លោ អ្នកនាង ស៊ូវ៉ាណា ហ្គនលែត ត្រូវបានសារព័ត៌មានធំៗនៅលើពិភពលោកចុះផ្សាយអំពីគាត់ ដូចជា CNN, BBC, National Geographic, Discovery Channel ទស្សនាវដ្ដី The New York Times និងសារព័ត៌មានធំៗជាច្រើនទៀត។
ហើយជាការតបស្នងគុណដែលអ្នកនាង ស៊ូវ៉ាណា បានរួមចំណែកដល់ជីវភាពប្រជាជនកម្ពុជា និងបរិស្ថាន ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រគល់មេដាយកិត្តយសចំនួន ២ ដល់រូបអ្នកនាង។
អ្នកនាង ស៊ូវ៉ាណា ហ្គនលែត ប្ដេជ្ញាបន្តការងារដោយមិនខ្លាចហត់នឿយបន្តទៀត ដើម្បីការពារនិងអភិរក្សសត្វព្រៃនិងព្រៃឈើកម្ពុជា និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅប្រទេសដ៏គួរឲ្យស្រលាញ់មួយនេះ៕