ការប្រកាសលាលែងរបស់លោក ជីម យ៉ុង គីម បានធ្វើឲ្យមានការភ្ញាក់ផ្អើល ព្រោះថាលោកទើបត្រូវបានជ្រើសតាំងសម្រាប់ជាប្រធាននៅអាណត្តិទី២ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ប៉ុន្ដែ បែរជាលោកសម្រេចចិត្តបញ្ចប់តំណែងនេះទៅវិញ។
ទោះយ៉ាងណា មិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ អំពីមូលហេតុដែលជំរុញឲ្យលោក ជីម យ៉ុង គីមដកខ្លួនពីតំណែងប្រធានក្រុមធនាគារពិភពលោកនេះ។
ប៉ុន្ដែ បើតាមការបញ្ជាក់ពីធនាគារពិភពលោក បន្ទាប់ពីការចាកចេញនេះ លោក យ៉ុង គីម នឹងទៅចូលរួមជាមួយនឹងក្រុមហ៊ុនមួយ ដែលផ្ដោតសំខាន់លើការបង្កើនការវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយលោក គីម នឹងចូលទៅធ្វើការងារនៅក្នុងក្រុមហ៊ុននោះ ជាតំណែងអ្វីនោះ នឹងត្រូវធនាគារពិភពលោក ប្រកាសនៅពេលឆាប់ៗខាងមុខនេះ។
បើតាមសេចក្ដីថ្លែងការណ៍ របស់ធនាគារពិភពលោក បានបញ្ជាក់ថា ក្នុងអំឡុងពេលលោក ជីម យ៉ុង គីម លាលែងពីតំណែង លោកស្រី គ្រីស្តាលីណា ចតហ្គាវ៉ា ដែលបច្ចុប្បន្ន ជានាយិកាប្រតិបត្តិធនាគារពិភពលោក នឹងឡើងត្រូវតែងតាំងជាប្រធានក្រុមស្ដីទី ដោយនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ខាងមុខ។
នៅក្នុងសេចក្ដីថ្លែងការណ៍ លោក យ៉ុង គីម បានលើកឡើងថា ”វាជាកិត្ដិយសដ៏ធំធេងមួយដែលខ្ញុំត្រូវធ្វើជាប្រធាននៃស្ថាប័នដ៏អស្ចារ្យនេះ ដែលពោរពេញទៅដោយមនុស្សដែលមានឆន្ទៈខ្ពស់ដើម្បីបេសកកម្មបញ្ចប់ភាពក្រីក្រខ្លាំងនៅក្នុងជីវិតរបស់យើង"។