AKP បានរាយការណ៍ថា គណៈប្រតិភូនៃក្រុមប្រឹក្សានាយកប្រតិបត្តិប្រចាំធនាគារពិភពលោក បានប្រកាសពីគម្រោងផ្តល់ហិរញ្ញប្បទាននេះ នៅក្នុងជំនួបជាមួយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។
លោក វង្សី វិស្សុត ត្រូវបានដកស្រង់សម្ដីដោយ AKP យ៉ាងដូច្នេះថា «ទោះបីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងកម្ពុជានិងធនាគារពិភពលោក ត្រូវជួបប្រទះបញ្ហានិងភាពរអាក់រអួលមួយរយៈក្តី តែភាពជាដៃគូនេះបានចាប់ផ្តើមស្តារឡើងវិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងកាន់តែល្អប្រសើរជាលំដាប់រហូតដល់បច្ចុប្បន្ន»។
លោក វង្សី វិស្សុត បានបន្តថា ធនាគារពិភពលោកក៏បានផ្តល់នូវអនុសាសន៍គោលនយោបាយលើវិស័យសំខាន់ៗមួយចំនួន ដល់កម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់កម្ពុជាតម្រង់ទិសការអភិវឌ្ឍរបស់ខ្លួនផងដែរ។
កន្លងមក ទំនាក់ទំនងរវាងធនាគារពិភពលោកនិងរដ្ឋាភិបាលកម្ពុជា មិនសូវជាល្អប៉ុន្មានទេ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយបានចាក់ដីបំពេញបឹងកក់ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យចេញពីផ្ទះសម្បែង។
បន្ទាប់មក នៅឆ្នាំ២០១១ ធនាគារពិភពលោកបានប្រកាសថា ខ្លួនបានបញ្ឈប់ការផ្តល់ប្រាក់កម្ចីដល់កម្ពុជា បន្ទាប់ពីមានរឿងបឹងកក់នោះមក។
គណៈប្រតិភូនៃក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក ក៏បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ច្រើនឆ្នាំជាប់គ្នា ការកាត់បន្ថយភាពក្រីក្រ, គ្រប់គ្រងអត្រាអតិផរណាក្នុងកម្រិតទាប និងគ្រប់គ្រងបំណុលសាធារណៈបានល្អ។
លោក វង្សី វិស្សុត បានបន្តថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា មានចីរភាពនិងហានិភ័យកម្រិតទាប ហើយក៏មានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ បានចាត់ទុកថា ជាប្រទេសគំរូក្នុងការគ្រប់គ្រងបំណុលសាធារណៈនៅក្នុងតំបន់។
លោក វង្សី វិស្សុត បានបន្តថា «ទោះបីបច្ចុប្បន្នមានដៃគូនិងប្រទេសកាន់តែច្រើនចង់ឱ្យកម្ពុជាខ្ចីប្រាក់ក្តី តែកម្ពុជានឹងមិនខ្ចីឡើយ ប្រសិនបើមិនចាំបាច់ និងមិនឆ្លើយតបនឹងតម្រូវការ និងអាទិភាពរបស់កម្ពុជា»៕