វិបត្តិបំណុល

ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក ធ្វើឱ្យឡាវ និងបណ្ដាប្រទេសងាយរងគ្រោះនៅអាស៊ី-ប៉ាស៊ីហ្វិក ប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបំណុល


ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាម៉េរិក បានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសឡាវ និងប្រទេសងាយរងគ្រោះផ្សេងៗទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រឈមនឹងហានិភ័យធ្លាក់ចូលក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ ដែលពិបាកនឹងរើខ្លួនរួច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិបត្តិបំណុល
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ស៊ុននីឈិ ស៊ុយហ្ស៊ូគី (Shunichi Suzuki) បានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនៅទីក្រុងត្បីលីស៊ី (Tbilisi) ប្រទេសហ្សកហ្ស៊ី (Georgia) ថា ភាពងាយរងគ្រោះដោយសារបំណុលនៅតែមានស្ថានភាពធ្ងន់ធ្ងរនៅក្នុងបណ្ដាប្រទេស ដែលមានប្រាក់ចំណូលមធ្យម ក៏ដូចជាប្រទេសដែលមានប្រាក់ចំណូលទាបមួយចំនួន។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក ស៊ុននីឈិ ស៊ុយហ្ស៊ូគី (Shunichi Suzuki) បានពិភាក្សាអំពីនិរន្តរភាពបំណុលជាមួយក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលមកពីបណ្តាប្រទេសដែនកោះប៉ាស៊ីហ្វិក។ នៅក្នុងថ្ងៃដដែលនេះ ធនាគារ ADB បានយល់ស្របជាមួយបណ្ដាម្ចាស់ជំនួយក្នុងការបំពេញបន្ថែមនូវមូលនិធិ ដែលគាំទ្រដល់គម្រោងនានារបស់បណ្ដាប្រទេសជាសមាជិក ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម។ សូមបញ្ជាក់ថា ប្រទេសជប៉ុន គឺជាអ្នកផ្តល់វិភាគទានធំបំផុតដល់មូលនិធិទាំងនោះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា បំណុលសាធារណៈរបស់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងដែលមានប្រាក់ចំណូលមធ្យមនៅអាស៊ី នឹងកើនឡើងដល់៨២,៤%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេក្នុងឆ្នាំ២០២៤ នេះ ដោយកើនឡើង៣% បើធៀបនឹងឆ្នាំមុន។ តួលេខនោះ គឺខ្ពស់ជាងឆ្ងាយណាស់បើធៀបនឹងតួលេខ៣៦,២% សម្រាប់បណ្ដាប្រទេសដែលមានស្ថានភាពស្រដៀងគ្នានៅអឺរ៉ុប និង៦៨,៥% នៅអាម៉េរិកឡាទីន។

អនុបាតបំណុលធៀបនឹង GDP នៃបណ្តាប្រទេសមានចំណូលទាបនៅអាស៊ី ត្រូវបានព្យាករថា នឹងកើនឡើង១ពិន្ទុ ឈានដល់៤៤,៦%។ យោងតាមធនាគារ ADB បានឱ្យដឹងថា កាលពីឆ្នាំមុន ៧០%នៃបណ្ដាប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក បានជួបប្រទះនូវឱនភាពសារពើពន្ធ (Fiscal Deficit)។

កាលពីខែកុម្ភៈ ដើមឆ្នាំនេះ មូលនិធិ IMF បានវាយតម្លៃប្រទេសចំនួន៩ ក្នុងចំណោមប្រទេសដែលមានចំណូលទាបចំនួន៦៩ ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិបំណុលបរទេស ខណៈដែល២៥ប្រទេសផ្សេងទៀតត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់នៃវិបត្តិបំណុលបរទេស។ ប្រទេសឡាវ ស្ថិតក្នុងចំណោមប្រទេសដែលធ្លាក់ចូលក្នុងវិបត្តិបំណុល ខណៈដែលប្រទេសម៉ាល់ឌីវ ប៉ាពួញូហ្គីណេ គីរីបាទី (Kiribati) និងប្រទេសដែនកោះម៉ាសាល់ (Marshall Islands) ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យខ្ពស់។

បំណុលសាធារណៈរបស់ប្រទេសឡាវ បានកើនលើស១២០%នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣។ យោងតាមធនាគារពិភពលោក (World Bank) បង្ហាញថា ពាក់កណ្តាលនៃបំណុលបរទេសរបស់ប្រទេសឡាវ គឺជំពាក់ប្រទេសចិន។ អ្នកសង្កេតការណ៍ខ្លះនិយាយថា តួលេខបំណុលជាក់ស្តែង គឺខ្ពស់ជាងនេះឆ្ងាយណាស់ ប្រសិនបើរាប់បញ្ចូលបំណុលសាធារណៈដែលត្រូវបានលាក់បាំង។ ប្រទេសចិន ត្រូវបានរាយការណ៍ថា កំពុងផ្តល់ការអនុគ្រោះបំណុល (Debt relief) ក្រៅផ្លូវការ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រសួង៣ប្តេជ្ញារួមគ្នាជួយលើកកម្ពស់ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ខណៈអ្នកជំនាញស្នើឱ្យធ្វើកិច្ចការងារនេះឱ្យបានស៊ីជម្រៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំកិច្ចប្រជុំត្រីភាគីជាលើកដំបូង ដើម្បីលើកកម្…

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការគ្មានវត្តមានរបស់កម្ពុជា ក្នុងគោលដៅទេសចរណ៍កំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន?

ថៃ និងវៀតណាម ដែលជាប្រទេសភូមិរបងជាមួយកម្ពុជា ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញទាំង១០សម្រាប់ភ្ញៀវទេសចរចិន នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ