នៅក្នុងសប្តាហ៍ដំបូងនៃការឡើងកាន់អំណាចអាណត្តិទី២របស់ខ្លួន ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា និងដាក់ចេញផែនការគោលនយោបាយចម្រូងចម្រាសជាច្រើនរាប់ចាប់ពីការដំឡើងពន្ធគយលើប្រទេសកាណាដា ម៉ិកស៊ិក និងមហាយក្សចិន រហូតដល់ការពិនិត្យសើរើឡើងវិញលើជំនួយបរទេសមានស្រាប់ទាំងអស់ ដែលសហរដ្ឋអាម៉េរិកបានជួយដល់ប្រទេសនានា ជាហេតុបង្កភាពរំជើបរំជើបរំជួលពាសពេញពិភពលោកដោយសារតែសហរដ្ឋអាម៉េរិក។
ដោយសារបែបនេះ ប្រធានធនាគារពិភពលោក លោក អាចាយ បានហ្គា (Ajay Banga) បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលថាមពលអាហ្វ្រិកក្នុងប្រទេសតង់ហ្សានី ថា ពិភពលោកគួរចៀសវាងការបញ្ចេញប្រតិកម្មដោយតក់ក្រហល់ឆ្លើយតបទៅនឹងសេចក្តីប្រកាស ក៏ដូចគោលនយោបាយដ៏ចម្រូងសម្រាស់របស់រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ពោលគឺគួររង់ចាំមើលសិនថា តើគោលនយោបាយណាខ្លះដែលត្រូវបានអនុវត្តជាក់ស្ដែង។
លោក អាចាយ បានហ្គា បានបន្ថែមទៀតថា លោកធ្លាប់ធ្វើការជាមួយលោក ដូណាល់ ត្រាំ ហើយសង្កេតឃើញថា លោក ដូណាល់ ត្រាំ ជាបុគ្គលមានភាពប្រាកដនិយមដែលផ្ដោតលើតួលេខ និងអត្ថប្រយោជន៍ជាសំខាន់ ដូចនេះអ្វីដែលក្រុមអ្នកបង្កើតគោលនយោបាយជុំវិញពិភពលោកយល់ថា មានប្រយោជន៍ គួរតែលើកយកទៅនិយាយជាមួយលោក ដូណាល់ ត្រាំ ដោយផ្ទាល់។
គួររំឭកថា ក្រោយឡើងកាន់អំណាចលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យជាច្រើនរួមមានការបណ្ដេញជនអន្តោប្រវេសន៍, លុបចោលច្បាប់ផ្ដល់សញ្ជាតិដោយស្វ័យប្រវត្តិដល់ទារក ដែលកើតនៅលើសហរដ្ឋអាម៉េរិក ដែលមានឪពុកម្ដាយមិនមែនជាពលរដ្ឋអាម៉េរិក, ដោះលែងក្រុមកុបករដែលជាប់ទោសដោយសារព្រឹត្តិការណ៍សម្រុកចូលកាន់កាប់វិមានរដ្ឋសភាអាម៉េរិក កាលពីឆ្នាំ២០២១, គាំទ្រការធ្វើអន្តោប្រវេសន៍របស់កម្មករជំនាញ, គ្រោងដាក់បម្រាមឡើងវិញហាមមិនឱ្យមនុស្សកែភេទចូលបម្រើយោធា, យកពន្ធគយ១០% លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោក ដំឡើងពន្ធគយ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា និងដំឡើងពន្ធគយរហូតដល់ទៅ៦០% លើទំនិញនាំចូលរបស់ចិន។
លើសពីនេះ លោក ដូណាល់ ត្រាំ ប្តេជ្ញាជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ឱ្យបានឆាប់, ពន្យារពេលការបិទដំណើរការអាជីវកម្ម TikTok, លុបចោលបទបញ្ជារបស់លោក ចូ បៃដិន ទាំង៧៨, ដកសហរដ្ឋអាម៉េរិកចេញពីសមាជិកអង្គការសុខភាពពិភពលោក, ដាក់ចេញគោលនយោបាយតម្កល់ប្រយោជន៍អាម៉េរិកជាធំ និងដកសហរដ្ឋអាម៉េរិកជាលើកទី២ ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងមានមួយចំនួនទៀត៕
ដោយ: តែម សុខុម