លោកស្រី ម៉ារីយ៉ាម សាលីម ត្រូវបានធនាគារពិភពលោក តែងតាំង ជាអ្នកគ្រប់គ្រងថ្មី របស់ធនាគារពិភពលោក ប្រចាំនៅកម្ពុជា ជំនួសលោកស្រី អ៊ីង ហ្គូណា ដូប្រាចា ដែលបានផ្លាស់ទៅធ្វើការនៅប្រទេសម៉ុលដូវ៉ា វិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល លោកស្រី សាលីម បានរៀបរាប់ថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច នឹងធ្វើការជាមួយសហសេវិកនៅកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកស្រីសាលីម បន្ថែមថា ធនាគារពិភពលោក នឹងរៀបចំមូលដ្ឋានសម្រាប់ការស្ដារសេដ្ឋកិច្ចកម្ពុជាឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ដ្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។
មានបទពិសោធន៍ការងារ ជាង២០ឆ្នាំ ជាមួយធនាគារពិភពលោក ភារៈកិច្ចលោកស្រី សាលីម នៅកម្ពុជា ត្រូវមើលការខុសត្រូវរួម លើកិច្ចការប្រចាំថ្ងៃ របស់ធនាគារពិភពលោក ជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។ បើតាមធនាគារពិភពលោក កញ្ចប់គម្រោង ដែលអ្នកគ្រប់គ្រងថ្មីនេះ ទទួលខុសត្រូវមានទឹកប្រាក់សរុបប្រមាណជាង១ពាន់១រយលានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ធនាគារពិភពលោក នៅពាក់កណ្ដាលខែមិថុនាកន្លងទៅថ្មីៗនេះ ទើបតែបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងមានកំណើន៤% ក្នុងសេណារីយ៉ូ គោល។ ប៉ុន្តែជាមួយគ្នានេះ ធនាគារពិភពលោកក៏បានព្រមានផងដែរថា សេដ្ឋកិច្ចកម្ពុជា គឺកំពុងស្ថិតក្នុងភាពផុយស្រួយនៅឡើយទេ ដោយសារភាពមិនប្រាកដប្រជានៃកូវីដ-១៩ មានន័យថា ប្រសិនបើលក្ខខណ្ឌអាក្រក់បំផុតណាមួយកើតឡើង ពោលគឺក្នុងសេណារីយ៉ូទាបបំផុត កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងមានត្រឹមតែ ១%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១នេះ៕
អត្ថបទ៖ ខន ណារី