កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៥៣នៅក្នុងឆ្នាំនេះ នឹងផ្តល់នូវឱកាស មួយសម្រាប់ការតភ្ជាប់ ក្នុងការបង្កើត និងជំរុញកិច្ចសន្ទនា ព្រមទាំងជួយស្វែងរកដំណោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ ក៏ដូចជារដ្ឋនិងវិស័យឯកជនផងដែរ។ ព្រឹត្តិការណ៍នេះ នឹងនាំយកបណ្តាមេដឹកនាំប្រទេសជាច្រើន ក្រុមហ៊ុន អាជីវកម្ម និងសង្គមស៊ីវិលមកអង្គុយជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាពិភពលោកដែលកំពុងកើតឡើង និងពិភាក្សាពីរឿងអាទិភាពសម្រាប់ឆ្នាំ២០២៣នេះ។
គួរឱ្យដឹងដែរថា បញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន វិបត្តិអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងភាពតានតឹងពាណិជ្ជកម្មសាកល នឹងត្រូវគេយកមកដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះផងដែរ។
ចំណែកបញ្ហាសំខាន់ដទៃទៀតដែលនឹងលើកឡើងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ មានដូចជា ហានិភ័យនៃការប្រឈមមុខនឹងនុយក្លេអ៊ែរ ការបង្កើតពិភពសិប្បនិម្មិត Metaverse, អនាគតការងារនិងជំនាញ ព្រមទាំងការចាប់ផ្តើមអាជីវកម្មថ្មីៗជាដើម។
លោក Borge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីពេលថ្មីៗនេះ បាននិយាយថា ពេលនេះពិភពលោករបស់យើងត្រូវការកិច្ចសហប្រតិបត្តិការជាសាកលជាងពេលណាៗទាំងអស់។ លោកអះអាងថា កិច្ចប្រជុំឆ្នាំនេះនឹងធ្វើឡើងក្រោមបរិបទនៃសម្ពាធភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញបំផុតមិនធ្លាប់មាន។
សូមជម្រាបថា កិច្ចប្រជុំនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំប្រមាណ ២៧០០នាក់ មកពី ១៣០ប្រទេស ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ ៥០នាក់។ ជាមួយគ្នានោះ ក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអាជីវកម្មផងដែរ ជាមួយនឹងវត្តមានបុគ្គលល្បីៗប្រមាណ ៣៧០នាក់ មកពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិ ព្រមទាំងម្ចាស់ក្រុមហ៊ុនជាង ១៥០០នាក់។
ដើម្បីការពារសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំដ៏ធំមួយនេះ អាជ្ញាធរស្វីសបានចាត់វិធានការសន្តិសុខយ៉ាងតឹងរ៉ឹងនៅទូទាំងក្រុងដាវ៉ូស ខណៈមានសកម្មជនការពារបរិស្ថានរាប់រយនាក់បាននិងកំពុងប្រមូលផ្តុំគ្នាតវ៉ា នៅខាងក្រៅកិច្ចប្រជុំផងដែរ៕
អត្ថបទ ៖ នៅ សំភី