របាយការណ៍ថ្មីបំផុតមួយរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានបញ្ជាក់ថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បានស្រូបទាញនូវ លំហូរទឹកប្រាក់វិនិយោគទូទាំងសកលលោក បានជាង ៦៩៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹងពាក់កណ្តាលនៃ លំហូរសាច់ប្រាក់វិនិយោគទូទាំងសកលលោក ហើយតួលេខនេះ ក៏មិនមានការប្រែប្រួល ធៀបនឹងឆ្នាំ ២០១៨។
ដោយឡែក បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន ទទួលបានការវិនិយោគជាង ៦៤៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដែលថយចុះប្រមាណ ៦% ធៀបនឹងឆ្នាំ ២០១៨។
សហរដ្ឋអាមេរិក នៅតែឈរលើកំពូលតារាង ដែលទទួលបានការវិនិយោគពីក្រៅប្រទេស ច្រើនជាងគេបង្អស់ប្រមាណ ២៥១ពាន់លានដុល្លារអាមេរិក ខណៈដែរ ប្រទេសចិន ឈរនៅលេខរៀងទី ២ ទទួលបានការវិនិយោគជាង ១៤០ពាន់លានដុល្លារអាមេរិក។
បើទោះបីជា លំហូរសាច់ប្រាក់វិនិយោគចូលទៅកាន់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រក្សាបាននូវតួលេខខ្ពស់ក៏ដោយ សម្រាប់តំបន់អាស៊ី គឺមានការធ្លាក់ចុះប្រមាណ ៦% តែក្នុងនោះ ប្រទេសសិង្ហបុរី ធ្វើបានល្អជាងគេបំផុត ដោយទាក់ទាញការវិនិយោគប្រមាណ ១១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ កើនឡើងប្រមាណ ៤២% ធៀបនឹងឆ្នាំ ២០១៨។
យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ ក៏រំពឹងថា លំហូរវិនិយោគនេះ នឹងមានការកើនឡើងបន្តិច ក្នុងឆ្នាំ ២០២០នេះ គឺមិនអាចកើនឡើងច្រើននោះទេ ដោយសារតែ មានកត្តាអវិជ្ជមានជាច្រើន បានកើតឡើងក្នុងសេដ្ឋកិច្ចសកល៕