លោក ដេវីដ ម៉ាល ប៉ាស់ ប្រធានធនាគារពិភពលោកបានគូសបញ្ជាក់ថា ធនាគារពិភពលោក កន្លងមកធ្លាប់បានផ្តល់ថវិកាប្រមាណ ៤ពាន់លានដុល្លាររួចហើយឲ្យទៅប្រទេសកំពុងអភិវឌ្ឍប្រមាណ ៥១ប្រទេស ដើម្បីយកទៅបញ្ជាទិញវ៉ាក់សាំង និង ធ្វើការអភិវឌ្ឍផលិតវ៉ាក់សាំងដោយខ្លួនឯង ហើយធនាគារពិភពលោកគ្រោងនឹងបន្ថែមថវិកាជាច្រើនពាន់លានដុល្លារ សម្រាប់ប្រទេសជាង ២៥ផ្សេងទៀត។
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលមានធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និង អង្គការសុខភាពពិភពលោក បានអំពាវនាវជាថ្មីដល់ក្រុមប្រទេសអ្នកមាន G20 ឲ្យទទួលយកសំណើររបស់សហគមន៍អន្តរជាតិ ដោយធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនត្រឹម៤០% សិន គិតត្រឹមចុងឆ្នាំ២០២១ និងស្នើឲ្យប្រទេសទាំងមានទាំងនោះ ចាក់វ៉ាក់សាំងត្រឹម៦០% នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២២ ដើម្បីអាចសេសសល់វ៉ាក់សាំងមួយចំនួន សម្រាប់ផ្តល់ឲ្យប្រទេសក្រីក្រី ដែលរហូតមកដល់នឹងពេលនេះ ឃើញថាមានគម្លាតនៃការចាក់វ៉ាក់សាំងនៅឆ្ងាយពីគ្នាមែនទែនរវាងប្រទេសអ្នកមាន និង ប្រទេសអ្នកក្រ ពោលគឺប្រទេសក្រីក្រខ្លះមានវ៉ាក់សាំងប្រើប្រាស់តិចតួចខ្លាំង។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ទាំងបី រួមមាន ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និង អង្គការសុខភាពពិភពលោក ក៏បានជំរុញឲ្យប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ ដែលនឹងត្រូវមកជួបប្រជុំគ្នានៅប្រទេស អ៊ីតាលី ក្នុងសប្តាហ៍ក្រោយនេះ អនុម័តឲ្យបានឆាប់រហ័សនូវគោលការណ៍ ចែករំលែកវ៉ាក់សាំងយ៉ាងតិច១ពាន់លានដូស ដល់ប្រទេសក្រីក្រ រួមទាំង ពន្លឿនមូលនិធិវ៉ាក់សាំងកូវីដសម្រាប់ប្រទេសកំពុងអភិវឌ្ឍផងដែរ។
គួររំឭកថា កាលពីពេលថ្មីនេះអង្គការសុខភាពពិភពលោក ក៏បានចេញមកទទូចម្តងហើយម្តងទៀត ឲ្យប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងដ៏ច្រើនហួសតម្រូវការដល់ប្រទេសក្រីក្រ គ្រាដែលមេរោគបំប្លែងខ្លួន ឌែលតា បន្តលុកលុយកាន់តែគ្រោះថ្នាក់។
សូមជម្រាបថា មូលនិធិខាងលើរបស់ ធនាគារពិភពលោកនឹងត្រូវផ្តល់ឲ្យប្រទេសក្រីក្រយកទៅប្រើប្រាស់សម្រាប់ការបញ្ជាទិញវ៉ាក់សាំងតាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក។ គិតមកដល់ពេលនេះ COVAX បានផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៩០លានដូសហើយ ទៅកាន់ប្រទេសចំនួន ១៣២ ដោយរាប់គិតចាប់តាំងពីខែកុម្ភៈមកម្ល៉េះ៕