កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំអង្គការពាណជ្ជកម្មពិភពលោក ដែលមានចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មតំណាងប្រទេសជាសមាជិកជាង ១០០ប្រទេសចូលរួម បានធ្វើឡើងនៅថ្ងៃទី ១២ ដល់ ១៥ មិថុនា ប៉ុន្ដែ ត្រូវបានអូសបន្លាយពេល ២ ថ្ងៃបន្ថែមទៀត ដោយសារនៅក្នុងកិច្ចប្រជុំរយៈពេល ៥ ថ្ងៃនោះ មិនអាចសម្រេចសម្រេចបានកិច្ចព្រមព្រៀងជាច្រើន ដែលបានគ្រោងទុក ខណៈមានការឈ្លោះប្រកែកតឹងសរសៃរកដាក់គ្នាជាខ្លាំងរវាងប្រទេសជាសមាជិក នៅក្នុងកិច្ចប្រជុំដ៏ចម្រូងចម្រាស់នោះ។
គួរកត់សម្គាល់ថា នៅមុនពេលកិច្ចព្រមព្រៀងអនុម័ត លោកស្រី Okonjo Iweala ប្រធានអង្គការពាណិជ្ជកម្មពិភពលោក បានអំពាវនាវឱ្យសមាជិកទាំងអស់ពិចារណាលើតុល្យភាពដ៏មានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ដែលចាំបាច់ណាស់ត្រូវការសមាជិកទាំងអស់ធ្វើការសម្រេចចិត្តជាឯកច្ឆន្ទ បន្ទាប់ពីកិច្ចពិភាក្សាអស់ជាច្រើនម៉ោងមិនបានសម្រេចជាផ្លែផ្កាអ្វីសោះនោះ។
នៅទីបំផុតនៅក្នុងព្រឹកថ្ងៃសុក្រនេះ គណៈប្រតិភូទាំងអស់បានអបអរសាទរបន្ទាប់ពីពួកគេបានអនុម័តកញ្ចប់នៃកិច្ចព្រមព្រៀងចំនួន ៦ នៃកិច្ចប្រជុំរយៈពេល ៧ ថ្ងៃមកនេះ។ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បាននិយាយទៅកាន់សមាជិកទាំងអស់ថា កញ្ចប់នៃកិច្ចព្រមព្រៀង ដែលបានអនុម័តនេះ នឹងធ្វើឱ្យមានការផ្លាស់ប្តូរជួយដល់ជីវិតរបស់មនុស្សជុំវិញពិភពលោក ហើយលទ្ធផលនេះនឹងបង្ហាញថា WTO ពិតជាមានសមត្ថភាពឆ្លើយតបទៅនឹងភាពអាសន្ននៃពិភពលោក។
ទន្ទឹមនឹងនោះ កញ្ចប់កិច្ចព្រមព្រៀង ដែលលោកស្រី Okonjo Iweala ហៅថា មិនធ្លាប់មានពីមុនមកនោះ រួមមានកិច្ចព្រមព្រៀងកម្រិតខ្ពស់ចំនួន ២ រួមមាន បញ្ហាឧបត្ថម្ភធនលើការនេសាទ និង ការលះបង់ផ្នែកខ្លះនៃសិទ្ធិកម្មសិទ្ធិបញ្ញា (IP) សម្រាប់វ៉ាក់សាំងកូវីដ ១៩ ក៏ត្រូវបានអនុម័តផងដែរ។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងទាំងពីនេះ ត្រូវបានគេមើលឃើញថា នៅមិនទាន់មានភាពទូលំទូលាយគ្រប់គ្រាន់នោះទេ ខណៈកិច្ចព្រមព្រៀងឧបត្ថម្ភធនលើការនេសាទ ដែលមានសក្ដានុពលក្នុងការបង្វែរការដួលរលំស្តុកត្រីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង ការបរិច្ចាកចែកចាយវ៉ាក់សាំងគឺតូចចង្អៀតជាងការទាមទានៅក្នុងកិច្ចព្រៀមព្រៀងដំបូង។
ក្រុមអ្នកសង្កេតការណ៍ជាច្រើន បានគាំទ្រយ៉ាងខ្លាំង និងបាននិយាយថា កិច្ចព្រមព្រៀងទាំងនេះ គួរតែជំរុញអង្គការពាណិជ្ជកម្មពិភពលោក ដែលបានចុះទន់ខ្សោយដោយសារតែវិធានការណ៍របស់អតីតរដ្ឋការលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិក ហើយអង្គការនេះ ក៏មិនមានសមត្ថភាពពេញលេញក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកផងដែរ ដូច្នេះហើយ វាចាំបាច់ត្រូវមានការធ្វើកំណែទម្រង់ប្រព័ន្ធនីតិវិធីឡើងវិញ៕