នេះគឺជាលើកទីមួយហើយ ដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបង្ហាញមុខជាសាធារណៈ តាំងពីថ្ងៃទី ២៨ មករាមក បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ លោក ស៊ី ជីនពីង បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា វិធានការដើម្បីគ្រប់គ្រងការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាគឺកំពុងដំណើរការ។
ជាមួយគ្នានេះដែរ វត្តមានរបស់សម្តេច ហ៊ុន សែន នៅលើទឹកដីចិន នៅគ្រាវីរុសកូរ៉ូណាកំពុងរាលដាលនេះ ត្រូវបានគេមើលឃើញថា សម្តេច ហ៊ុន សែន គឺជាមេដឹកនាំបរទេស ដំបូងគេ ដែលបានទៅជាន់ទឹកដីចិន តាំងពីមានការប្រកាសវិធានការអាសន្នទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ដែលបានចាប់ផ្ដើមផ្ទុះឡើងដំបូងនៅក្នុងខែចុងធ្នូឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន នៃខេត្តហូប៉េ។
តាមរយៈការផ្សាយដោយបណ្ដាញទូរទស្សន៍ចិន CCTV លោក ស៊ី ជីនពីង បាននិយាយថា «ប្រទេសចិន គឺមានជំនឿចិត្ត ហើយក៏មានសមត្ថភាពដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា»។ លោក បន្ថែមទៀតថា «និស្សិតកម្ពុជា ដែលជាប់នៅក្នុងទីក្រុងវូហាន នឹងត្រូវបានទទួលការមើលថែទាំយ៉ាងល្អបំផុត»។
ការទស្សនកិច្ចរបស់សម្តេច ហ៊ុន
សែន គឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្ដេច បានស្នើទៅភាគីចិន ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងវូហាន
ដើម្បីចុះសួរសុខទុក្ខក្រុមនិស្សិតដែលជាប់នៅទីនោះ។ ប៉ុន្ដែ នៅថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០២០
ខាងភាគីចិនបានបដិសេធសំណើនេះ ក្រោមហេតុផលថា នៅទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។
ទោះយ៉ាងណា ក៏មានមតិរិះគន់ផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានធ្វើមាតុភូមិនិវត្តន៍និស្សិតខ្មែរដែលកំពុងជាប់នៅក្នុងទីក្រុងវូហានប្រទេសចិននោះ ដោយរាជរដ្ឋាភិបាលកម្ពុជាមានហេតុផលថា ក្នុងកាលៈទេសៈនេះ កម្ពុជាត្រូវការរួមសុខរួមទុក្ខជាមួយចិន។
ទោះជាយ៉ាងនេះក្ដី នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំងលើកនេះ របស់សម្តេចហ៊ុន សែន ក៏ត្រូវបានគេមើលឃើញថា ទទួលបានការកោតសរសើរ តែទន្ទឹមនឹងនោះក៏មានការរិះគន់ផងដែរ៕