លោក ស៊ី សន្យាជួយគាំទ្រលោក ជេក ម៉ា

តើលោក ស៊ី សន្យាជួយគាំទ្រលោក ជេក ម៉ា និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនយ៉ាងណាដែរ?


ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសន្យាជួយផ្តល់ការគាំទ្រកំពូលមហាសេដ្ឋីចិនលោក ជេក ម៉ា និងក្រុមហ៊ុនបច្ចេកវិទ្យាឯកជនចិន ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចិន ដែលកំពុងដើរអូសជើង។ ការសន្យាជួយផ្តល់ការគាំទ្រនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរួមទាំងកំពូលមហាសេដ្ឋី ជេក ម៉ា កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ស៊ី សន្យាជួយគាំទ្រលោក ជេក ម៉ា
ដោយ

លោក ស៊ី ជិនពីង ប្រធានាធិបតីចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោកបានជួបជាមួយនឹងក្រុមសហគ្រិនល្បីៗ រួមទាំងមហាសេដ្ឋីលោក ជេក ម៉ា និងស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) DeepSeek លោក លាំង វិនហ្វឹង (Liang Wenfeng) កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលជាសញ្ញាមួយបង្ហាញថា ទីក្រុងប៉េកាំងកំពុងមើលឃើញឧស្សាហកម្មបច្ចេកវិទ្យាជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចិន ដែលកំពុងធ្លាក់ចុះ។

នៅក្នុងកិច្ចប្រជុំនោះលោក ស៊ី បានសន្យានៅចំពោះមុខក្រុមសហគ្រិនទាំងនោះថា លោកនឹងផ្ដល់ការលើកទឹកចិត្ត ការគាំទ្រ និងការចង្អុលបង្ហាញដោយគ្មានងាករេសម្រាប់វិស័យសេដ្ឋកិច្ច ហើយលោកបានទទួលស្គាល់ថា អាជីវកម្មឯកជនកំពុងប្រឈមមុខនឹងបញ្ហា តែវាគ្រាន់តែជាការកើតឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះ និងបានជំរុញឱ្យការពារផលប្រយោជន៍ដល់អាជីវកម្មទាំងនេះ។

លោក ស៊ី បានជំរុញឱ្យសហគ្រិនបង្ហាញទេពកោសល្យរបស់ពួកគេនៅក្នុងយុគសម័យថ្មីសម្រាប់អាជីវកម្មរបស់ប្រទេសចិន ព្រោះយុគសម័យថ្មីនេះមានទស្សនវិស័យទូលំទូលាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសក្តានុពលអាជីវកម្ម។ សម្រាប់លោក ស៊ី វាដល់ពេលហើយសម្រាប់សហគ្រាសឯកជនក្នុងការបង្កើតអត្តសញ្ញាណរបស់ពួកគេ។ ទន្ទឹមនេះ លោក ស៊ី សង្ឃឹមថា សហគ្រាស និងសហគ្រិនឯកជននឹងជួយបម្រើប្រទេសជាតិ ខិតខំអភិវឌ្ឍន៍ គោរពច្បាប់ និងធ្វើអាជីវកម្មដោយភាពត្រឹមត្រូវ។

សូមរំលឹកថា លោក ស៊ី ធ្លាប់ធ្វើប្រធានសន្និសីទបែបនេះជាមួយនឹងសហគ្រិនក្នុងឆ្នាំ២០១៨ នៅក្នុងអំឡុងពេលការដាក់ពន្ធរបស់អាម៉េរិកបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន និងបន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅឆ្នាំ២០២០។ ឥឡូវព្រឹត្តិការណ៍នេះបានកើតឡើងម្ដងទៀតនៅចំពេលដែលប្រទេសចិនកំពុងស្វែងរកវិធី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានគំរាមកំហែងដល់វិស័យដែលពឹងលើការនាំចេញរបស់ចិន គួបផ្សំមានការរឹតបន្តឹងលើវិស័យបច្ចេកវិទ្យារបស់ចិនពីសំណាក់បស្ចិមលោក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


រថយន្ត BYD ពីរម៉ូឌែលថ្មីដ៏ពេញនិយមចាប់ផ្តើម Pre-order ជាមួយតម្លៃប្រកួត ប្រជែងល្អជាងមុន!

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលំដាប់ពិភពលោក BYD កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បានសហការជាមួយ Harmony Auto ដែលជាអ្នកចែកចាយផ្តាច់មុខនៅក…

តើការឆបោកតាមប្រព័ន្ធអនឡាញអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងណាដល់សេដ្ឋកិច្ច និងសង្គម?

ស្របពេលវិស័យបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង គេសង្កេតឃើញសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅលើពិភពលោកក៏មានការរីកដុះដាលខ្លាំងផងដែរ។ ជាមួយគ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ