លោក ឡី ជុន ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា៖ សម្រាប់ឆ្នាំ២០២១ ផែនការរបស់ Xiaomi គឺត្រូវឈរជើងឲ្យបានរឹងមាំក្នុងចំណាត់ថ្នាក់លេខ២ នៃក្រុមហ៊ុនលក់ទូរស័ព្ទបានច្រើនជាងគេក្នុងពិភពលោកសិន។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei។
លោក ឡី ជុន បានអះអាងដោយជឿជាក់ថា Xiaomi នឹងដាក់គោលដៅ ក្លាយជាក្រុមហ៊ុនចំណាត់ថ្នាក់លេខ១ ដែលលក់ទូរស័ព្ទបានច្រើនជាងគេ នៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ។
គួរកត់សម្គាល់ថា ចាប់តាំងពីការចេញលក់ស្មាតហ្វូនដំបូងរបស់ Xiaomi កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ បានបោះជំហានយ៉ាងលឿនរហ័ស ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺទីផ្សារផ្គត់ផ្គង់ទូរស័ព្ទស្មាតហ្វូនតែម្តង។
ជាក់ស្តែង ប៉ុន្មានឆ្នាំដំបូង Xiaomi បានប្រជែងយកទីផ្សារស្មាតហ្វូនមួយភាគធំពីក្រុមហ៊ុនរាមច្បង Huawei ទាំងនៅទីផ្សារប្រទេសចិន និងក្រៅប្រទេស ស្របពេលដែលបន្តិចម្តងៗ Xiaomi បានឈានមកប្រជែងយកចំណាត់ថ្នាក់របស់ Huawei ក្នុងការលក់នៅទូទាំងពិភពលោកតែម្តង រួចបន្តនាំមុខក្រុមហ៊ុន Apple របស់អាមេរិកថែមទៀត នៅក្នុងឆ្នាំ២០២១នេះ។
នៅក្នុងទីផ្សារសកលលោក ទូរស័ព្ទចិនម៉ាក Xiaomi បានកាន់កាប់ចំណែកទីផ្សារដល់ទៅ ១៧% ខណៈក្រុមហ៊ុនកូរ៉េសាំសុង(Samsung) ឈរនៅលេខ១មាន១៩% និងក្រុមហ៊ុន Apple ឈរនៅលេខ៣មាន ១៤% និងត្រូវបានតាមពីក្រោយបន្តបន្ទាប់ដោយក្រុមហ៊ុនចិន២ផ្សេងទៀតគឺ វីវូ(Vivo)និងអូប៉ូ (Oppo) ដែលកាន់ក្តាប់ចំណែកទីផ្សារម្នាក់ ១០%ដូចគ្នា។ នេះបើយោងតាមតួលេខចុងក្រោយពីភ្នាក់ងារស្រាវជ្រាវ ខេណាលី (Canalys) ។
ការនាំចេញស្មាតហ្វូនទៅកាន់ទីផ្សារអឺរ៉ុបបានកើនឡើង ១៤% ដែលបាននាំចេញចំនួនដល់ទៅជាង ៥០លានគ្រឿងនៅក្នុងត្រីមាសទី២ឆ្នាំនេះ ខណៈនៅអាមេរិកឡាទីន ការលក់របស់ Xiaomi កើនឡើង៣០០% និងនៅអាហ្វ្រិកកើនឡើង ១៥០%។
សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ឆ្នាំនេះ ការនាំចេញស្មាតហ្វូនរបស់ Xiaomi មានចំនួនជាង១០០លានគ្រឿង កើនឡើងជាង ៧៥% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះបើតាមផែនការ ក្រុមហ៊ុនចិនមួយនេះគ្រោងនឹងនាំចេញស្មាតហ្វូនសរុបឲ្យបានដល់២៤០លានគ្រឿងនៅពេញមួយឆ្នាំ ២០២១នេះ៕