ភាពល្បីល្បាញរបស់បណ្ឌិត យ៉ង សាំងកុមារ មួយទៀត គឺអង្គការ សេដាក របស់លោកបានបង្កើតកម្មវិធី «សេដ្ឋីស្រុកស្រែ» ដែលជួយកសិករឲ្យដាំដុះបង្កបង្កើនផលមិនត្រឹមតែសម្រាប់ហូប ប៉ុន្តែ សម្រាប់លក់យកកម្រៃធ្វើអ្នកមាននៅស្រុកភូមិទៀតផង។
ប៉ុន្តែ កាលពីចុងខែធ្នូ ឆ្នាំ២០១៥ បណ្ឌិត យ៉ង សាំងកុមារ បានប្រកាសលាលែងពីការងារអង្គការសង្គមស៊ីវិលផ្នែកកសិកម្ម ដែលលោកបានធ្វើជាង ២០ឆ្នាំ ដើម្បីប្រឡូកក្នុងកិច្ចការនយោបាយ ជាមួយគណបក្សទើបបង្កើតថ្មី គឺគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។
ថ្វីបើយ៉ាងនេះក្ដី តាំងពីនោះមក ទោះរវល់កិច្ចការនយោបាយជាមួយគណបក្សរបស់លោកក្ដី លោកក៏នៅតែមិនភ្លេចកសិកម្មដែរ។ លោកបង្កើតគម្រោងមួយ ឈ្មោះថា ពន្លកបៃតង ដើម្បីបណ្ដុះបណ្ដាលយុវជនវ័យក្មេងឲ្យក្លាយជាមេដឹកនាំកសិកម្មសរីរាង្គវ័យក្មេង។
> គួរអានរឿងនេះ ៖ រៀនចប់ផ្នែកកសិកម្ម ចង់ក្លាយជា"មេដឹកនាំកសិករ"នៅស្រុកកំណើត
ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ ជាមួយ ខេមបូណូមីស បណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា លោកខិតខំធ្វើកិច្ចការផ្នែកកសិកម្ម ព្រោះលោកចង់ឃើញប្រទេសកម្ពុជាអាចផលិតស្បៀងគ្រប់គ្រាន់ដោយខ្លួនឯង លែងពឹងពាក់ប្រទេសជិតខាង។
លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ខ្ញុំចង់ឃើញកម្ពុជាជាប្រទេសមួយឈានមុខគេ ជាពិសេសក្នុងតំបន់អាស៊ាន ក្នុងការផលិតកសិកម្ម និងចំណីអាហារសរីរាង្គ ជាប្រទេសមួយដែលអ្នកប្រកបរបរកសិកម្មសរីរាង្គមានជីវភាពធូរធារ មានមុខមានមាត់ក្នុងសង្គម។ ចង់ឃើញកម្ពុជាយើងធានាបានអធិបតេយ្យស្បៀង យើងមានស្បៀងអាហារគ្រប់គ្រាន់ យើងមិនចំណុះប្រទេសជិតខាង»។
ទោះមានការប្រឹងប្រែងរបស់អង្គការកសិកម្មដូចជា សេដាក និងរូបបណ្ឌិត យ៉ង សាំងកុមារ ផ្ទាល់ក្ដី ការជួយជំរុញវិស័យកសិកម្មនៅកម្ពុជា ហាក់នៅមានសន្ទុះខ្សោយនៅឡើយ ដោយរៀងរាល់ឆ្នាំ គេឃើញមានសេចក្ដីរាយការណ៍ត្អូញត្អែរពីសំណាក់កសិករ។
ត្អូញត្អែរ គឺដោយសារតែឆ្នាំខ្លះកសិករផលិតមិនបាន ដោយសារគ្រោះរាំងស្ងួត ឆ្នាំខ្លះផលិតបានហើយ តែលក់មិនដាច់ ឬលក់បានតម្លៃទាបជ្រុលខាតដើម ។ល។ ដោយសារតែប្រកួតប្រជែងតម្លៃមិនឈ្នះផលិតផលកសិកម្មនាំចូលពីប្រទេសជិតខាង។
ជាក់ស្ដែង បើយោងតាមការអង្កេតពីគម្រោងជំរុញផលិតកម្មស្បៀង កម្ពុជាបាននាំចូលបន្លែពីប្រទេសជិតខាងដែលមានតម្លៃ ១៥០លានដុលា្លរអាមេរិកក្នុងមួយឆ្នាំ ដែលមានបរិមាណបន្លែ ២០០តោន ក្នុងមួយថ្ងៃ។
ប៉ុន្តែទោះជាយ៉ាងណា លោកបណ្ឌិត យ៉ង សាំងកុមារ មិនអស់សង្ឃឹមឡើយចំពោះកសិកម្មនៅកម្ពុជា។
លោកមានប្រសាសន៍ថា ៖ «ស្រុកខ្មែរ បើមានកសិករមួយសែននាក់ដែលចាប់យកអាជីពកសិកម្មពិតប្រាកដ ផលិតចំណីអាហារលក់ផ្គត់ផ្គង់ទីផ្សារប្រកួតប្រជែងជាមួយគេ យើងរំពឹងថា ចក្ខុវិស័យដែលខ្ញុំរំពឹងថា កម្ពុជាជាប្រទេសឈានមុខគេក្នុងវិស័យកសិកម្ម នឹងបានជោគជ័យ។ អ៊ីចឹង សំខាន់គឺផ្ដោតលើធនធានមនុស្ស»៕