ឧក្រិដ្ឋកម្មឆបោក

ស្រមោលខ្មៅនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅតែអន្ទងតាមលងកម្ពុជា តើរដ្ឋាភិបាលត្រូវចាត់វិធានការក្តៅបែបណា ដើម្បីលាងជម្រះវា?


នៅមួយរយៈពេលចុងក្រោយនេះ មានធនាគារមួយចំនួនត្រូវបានបិទទ្វារ និងមួយចំនួនទៀតរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក ដោយសារមានការជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ។ ជាក់ស្តែងកាលពីពេលថ្មីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានដាក់ទណ្ឌកម្មលើបុគ្គល៩រូប និងអង្គភាពអាជីវកម្មចំនួន២៦ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងបណ្តាញឆបោករបស់ក្រុមហ៊ុន ព្រីនស៍ គ្រុប ក្នុងនោះក៏មានធនាគារពាណិជ្ជ CCU Commercial Bank ផងដែរ។
ឧក្រិដ្ឋកម្មឆបោក
ដោយ

ក្រុមអ្នកជំនាញព្រមានថា ស្រមោលខ្មៅនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែននេះ កំពុងបំផ្លាញទំនុកចិត្តរបស់វិនិយោគិនមកលើប្រព័ន្ធហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ តើរាជរដ្ឋាភិបាលកម្ពុជា គួរមានចំណាត់ការក្តៅ និងវិធានការវះកាត់បែបណាខ្លះទៀត ដើម្បីបោសសម្អាតបញ្ហាដែលនៅសេសសល់ឱ្យអស់ដើម្បីស្តារមុខមាត់ប្រទេសឡើងវិញ?

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការដាក់ទណ្ឌកម្មមកលើបុគ្គល និង ធនាគារពាណិជ្ជ CCU Commercial Bank ដែលកំពុងដំណើរការនៅកម្ពុជា កាលពីពេលថ្មីៗ នឹងបង្កើតជាហានិភ័យខ្ពស់ក្នុងការរារាំងលំហូរទុនវិនិយោគដែលមានគុណភាព និងរឹតបន្តឹងការពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុពីអន្តរជាតិ។

បន្ថែមពីលើនេះ វាក៏អាចរុញច្រានឱ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ នៃការលាងលុយកខ្វក់របស់ស្ថាប័នឃ្លាំមើលអន្តរជាតិ ឡើងវិញផងដែរ។ ដើម្បីដោះស្រាយវិបត្តិនេះឱ្យដាច់ស្រឡះ លោកបណ្ឌិត ញិល រដ្ឋា បានផ្តល់ជាគំនិតថា រាជរដ្ឋាភិបាលត្រូវតែអនុវត្តវិធានការវះកាត់កម្រិតធ្ងន់ និងចាត់វិធានការរដ្ឋបាលភ្លាមៗតាមរយៈការបង្កកគណនី និងកាបូបគ្រីបតូរបស់បុគ្គល ឬអង្គភាពនៅក្នុងបញ្ជីខ្មៅ ហើយធនាគារជាតិ ត្រូវដាក់ធនាគារ CCU ក្រោមការគ្រប់គ្រងពិសេស ឬព្យួរអាជ្ញាប័ណ្ណធ្វើសវនកម្មបើរកឃើញកំហុសត្រូវដកអាជ្ញាប័ណ្ណជាដាច់ខាត។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកស្រមោលខ្មៅនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលពាក់ព័ន្ធនឹងបណ្តាញរបស់ក្រុមហ៊ុនព្រីនស៍គ្រុបបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់កេរិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយមិនត្រឹមតែលើវិស័យហិរញ្ញវត្ថុផ្ទាល់នោះទេ តែក៏ជះឥទ្ធិពលអាក្រក់ក្នុងរយៈពេលវែងទៅលើវិស័យវិនិយោគ និងសេដ្ឋកិច្ចជារួមផងដែរ។

អ្នកជំនាញរូបនេះយល់ឃើញថា រាជរដ្ឋាភិបាលត្រូវតែចូលរួមសហការជាមួយដៃគូអន្តរជាតិ ដើម្បីបោសសម្អាតបញ្ហានេះ ដើម្បីផ្លាស់ប្តូរមុខមាត់កម្ពុជា និងស្តារទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ដើម្បីបោសសម្អាតផ្ទះ និងស្តារកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ និងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស ភ្ញៀវទេសចរ និងប្រជាពលរដ្ឋឡើងវិញ រាជរដ្ឋាភិបាលដាច់ខាតត្រូវតែដាក់ចេញនូវវិធានការក្តៅបន្ថែមទៀតចាត់ការលើបញ្ហានេះដោយសហការជាមួយស្ថាប័នសន្តិសុខអន្តរជាតិនានា។

សម្រាប់អ្នកជំនាញរូបនេះ បុគ្គលពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមអនឡាញទាំងអស់ មិនថា អ្នកមានអំណាច ឬវិនិយោគិនបរទេស ដែលកំពុងស្នាក់នៅកម្ពុជា នោះទេ ត្រូវតែចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

ក្រុមអ្នកជំនាញបានលើកឡើងស្រដៀងគ្នាថា យុទ្ធនាការបោសសម្អាតផ្ទះវាជារឿងដែលខានមិនបាន ដរាបណាសហរដ្ឋអាម៉េរិក និងសហគមន៍អន្តរជាតិ នៅតែដាក់រ៉ាដាបាញ់ឆ្ពោះមករកកម្ពុជា។ ហើយការចាត់វិធានការច្បាប់ត្រូវតែធ្វើឡើងដោយតម្លាភាព និងស្មើភាព ដោយមិនត្រូវយោគយល់ដល់បុគ្គលមានអំណាច ឬវិនិយោគិនខ្នាតធំណាម្នាក់ឡើយ ប្រសិនបើរកឃើញថា មានការពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញ។

សម្រាប់អ្នកជំនាញ ការដាក់ចេញចំណាត់ការក្តៅ និងការវះកាត់ដោយគ្មានការលើកលែងមិនត្រឹមតែជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក ប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តនយោបាយដ៏សំខាន់ក្នុងការជម្រុះចោលនូវស្លាកស្នាមឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីធានាបរិយាកាសវិនិយោគដ៏ស្អាតស្អំ និងមានសុវត្ថិភាពទៅថ្ងៃអនាគត៕




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ តែថ្លៃដើមផលិតក្នុងវិស័យកសិកម្មមិនទាន់ធ្លាក់ចុះនៅឡើយទេ

បន្ទាប់ពីបានហក់ឡើងថ្លៃខ្ពស់ដោយសារឥទ្ធិពលនៃបញ្ហាភូមិសាស្ត្រនយោបាយ និង ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាពេលកន្លងទៅ ពេលនេះតម្លៃប្រេងឥន្ធនៈនៅកម្…

បើថៃ មិនអនុវត្តតាមសេចក្តីសម្រេចរបស់ស្ថាប័នអន្តរជាតិ តើកម្ពុជា មានយន្តការអ្វីបន្ថែម ដើម្បីដាក់សម្ពាធថៃ ឱ្យប្រគល់ដីមកឱ្យកម្ពុជាវិញ?

កម្ពុជា បានប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ យ៉ាងសកម្ម ដើម្បី​​តវ៉ា និង​ប្រឆាំងយ៉ាងដាច់អហង្ការ​ចំពោះទង្វើរំលោភបំពានដោយខុសច្បាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ