សហគ្រិន-​ឌីជីថល

កញ្ញា ឡុង លក្ខិណា សហគ្រិន​វ័យ​ក្មេង​​"ជើង​ថ្មី​​"ក្នុង​ជំនួញ​ឌីជីថល


ក្នុង​ទីផ្សារ​កម្ពុជា​ដែល​មាន​ការ​ប្រកួត​ប្រជែង​កាន់​ស្រួច​ស្រាល់​ក្នុង​ពិភព​ជំនួញ​បែប​ឌីជីថល បាន​ធ្វើ​សហគ្រិន​ថ្មី​ថ្មោង​ជា​ច្រើន​ប្រឈម​ការ​ដួល​បះ​ជើង​ក្នុង​ពិភព​ជំនួញ​បច្ចេកវិទ្យា​មួយ​នេះ។ ប៉ុន្តែ សម្រាប់ កញ្ញា ឡុង លក្ខិណា សហ​ស្ថាបនិក​ក្រុមហ៊ុន Joonaak Delivery ដែល​ទើប​បង្កើត​បាន​រយៈពេល ២​ឆ្នាំ កំពុង​ឈរ​ជើង​ក្នុង​ទីផ្សារ​ប្រកប​ដោយ​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន។
កញ្ញា ឡុង លក្ខិណា សហស្ថាបនិក​ក្រុមហ៊ុន Joonaak Delivery ដែល​ទើបទទួលបាន​មូលនិធិ​វិនិយោគ​ពី​ក្រុមហ៊ុន Smart។
ដោយ

ក្រុមហ៊ុន Joonaak «ជូនអ្នក» ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​វ័យ​ក្មេង​ចំនួន​៤​នាក់ ដោយ​ប្រើប្រាស់​ទុន​ដំបូង​ ៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​នេះ​បាន​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដូចជា គេហទំព័រ និង ទំព័រ​ហ្វេសប៊ុក ដើម្បី​ស្វែងរក​អតិថិជន​ក្នុង​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​សំបុត្រ ឬ​ឯកសារ​នានា ដឹក​ជញ្ជូន​ទំនិញ​របស់​ហាង​លក់​ទំនិញ​អនឡាញ ព្រមទាំង​មាន​សេវា​ស្តុក​និង​វេច​ខ្ចប់​ទំនិញ​ផង​ដែរ។

ដ្បិត​ជំនួញ​បែប​ឌីជីថល បាន​បើក​ព្រោង​ព្រាត​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ សេវា​ដឹក​ជញ្ជូន​ទំនិញ​នៅ​ខ្វះ​ខាត ដែល​ជំរុញ​ឲ្យ​កញ្ញា ឡុង លក្ខិណា បង្កើត​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន ដើម្បី​សម្រួល​ដល់​ការងារ​របស់​ម្ចាស់​ហាង​អនឡាញ​ទាំង​នោះ។

ក្នុង​វ័យ​២៥​ឆ្នាំ កញ្ញា ឡុង លក្ខិណា ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​ធ្លាប់​ជា​បុគ្គលិក​លក់​គម្រោង​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​អស់​រយៈ​ពេល​៣​ឆ្នាំ​ផង​នោះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​មិត្តភក្តិ​ម្នាក់ គាត់​បើក​ហាង​អនឡាញ ប៉ុន្តែ ពេល​គាត់​យក​អីវ៉ាន់​ឲ្យ​ភ្ញៀវ​គាត់​ត្រូវ​បិទ​ហាង​សិន ដែល​ធ្វើ​ឲ្យ​គាត់​ខាត​ពេល​លក់។ បើ​គាត់​ផ្ញើ​តាម​ម៉ូតូឌុប ម៉េច​អាច​ទុក​ចិត្ត​ម៉ូតូឌុប​បាន ថា គាត់​យក ទំនិញ​យើង​ទៅ​ឲ្យ​ភ្ញៀវ ឬ​យក​ទៅ​ណា? ដូច្នេះ ទើប​យើង​បង្កើត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នេះ ដើម្បី​សម្រួល​ដល់​ម្ចាស់​ហាង​អនឡាញ។ គាត់​ចាំ​តែ​រក​អតិថិជន សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ ក្រុមហ៊ុន ជូនអ្នក ជា​អ្នក​ផ្តល់​សេវា​នេះ»។

មក​ដល់​បច្ចុប្បន្ន មាន​សហគ្រាស​និង​ក្រុមហ៊ុន​ប្រមាណ ២៥០ ដែល​បាន​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​«ជូនអ្នក»។ 

មាន​សម្បុរ​ស​និង​ពាក់វ៉ែនតា​ផង​នោះ កញ្ញា ឡុង លក្ខិណា បាន​ផ្តល់​បទ​សម្ភាសន៍​ជូន​សារព័ត៌មាន ខេមបូណូមីស យ៉ាង​ដូច្នេះ​ថា៖ «Joonaak ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ព្រោះ នៅ​ពេល​គេ​ចង់​ស្វែងរក​ក្រុមហ៊ុន​ដឹក​ជញ្ជូន គឺ​ភាគច្រើន គេ​មក​រក​សេវា​របស់​ពួកខ្ញុំ ដោយសារ​តែ​គុណភាព​សេវាកម្ម​ល្អ។ ពួកខ្ញុំ​នឹង​ខំ​ច្នៃ​ប្រឌិត Technology បន្ថែម​ទៀត ដើម្បី​សម្រួល​សេវាកម្ម​ដល់​ភ្ញៀវ​តាំង​ពី​យក​ទំនិញ​ពី​ហាង​បញ្ជូន​រហូត​ដល់​ដៃ​អតិថិជន»។

បើ​តាម លក្ខិណា ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី ភាគច្រើន​ឈរ​ជើង​មិន​បាន​យូរ​នោះ​ទេ ប៉ុន្តែ ក្រុមហ៊ុន​«ជូនអ្នក» បាន​ឈរ​ជើង​២​ឆ្នាំ បើទោះ​បី​មិន​ទាន់​ចំណេញ ប៉ុន្តែ ក្រុមហ៊ុន​អាច​ឈរ​ជើង​ក្នុង​ទីផ្សារ​បាន​យូរ និង​មាន​ចំណូល​សម​ល្មម ដែល​អាច​ដំណើរការ​ទៅ​មុខ​ដោយ​មាន​ទំនុក​ចិត្ត។ 

តាម​ពិត​ទៅ ក្រុមហ៊ុន «ជូនអ្នក» Joonaak Delivery Co.,​ Ltd គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​បី​ដែល​បាន​ទទួល​ទុន​វិនិយោគ​ពី​មូលនិធិ​សម្រាប់​អាជីវកម្ម​ឌីជីថល​របស់ Smart ជា​មូលនិធិ​ដែល​មាន​កញ្ចប់​ថវិកា​ចំនួន ៥​លាន​ដុល្លារ​សម្រាប់​ផ្តល់​ទុន​វិនិយោគ​ដល់​អាជីវកម្ម​ឌីជីថល។ មូលនិធិ​សម្រាប់​អាជីវកម្ម​ឌីជីថល​ដែល​ផ្តួចផ្តើម ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart គឺ​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សហគ្រិន​វ័យ​ក្មេង ដែល​មាន​ទស្សវិស័យ​វែង​ឆ្ងាយ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​និង​ពង្រីក​អាជីវកម្ម​បែប​ឌីជីថល។

បើ​តាម​គម្រោង នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ កញ្ញា ឡុង លក្ខិណា នឹង​ពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​ទៅ​ខេត្ត​សក្តានុពល​នៃ​ប្រទេស​កម្ពុជា និង​មាន​គម្រោង​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​តំបន់​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។

តើ​មាន​ចំណុច​អ្វី​ខ្លះ ដែល​អ្នក​ចង់​ចាប់​ផ្តើម​អាជីវកម្ម​ត្រូវ​ត្រៀម​ខ្លួន?

កញ្ញា ឡុង លក្ខិណា ដែល​បាន​ដើរ​លើ​វិថី​ជំនួញ​ថ្មី​ថ្មោង និង​បាន​ឈរ​ជើង​នឹង ជាមួយ​អាជីវកម្ម​ដឹក​ជញ្ជូន ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល បាន​ផ្តល់​យោបល់​ថា មុន​នឹង​ចាប់​ផ្តើម​អាជីវកម្ម គឺ​គួរ​ត្រៀម​លក្ខណសម្បត្តិ​៥​ចំណុច​ជា​មុន​សិន៖

១. គួរ​តែ​ហ្វឹកហាត់​ខ្លួន​ឯង និង​មាន​ជំនាញ​ច្បាស់​លាស់​មួយ ពីព្រោះ នៅ​ពេល​ចូល​ប្រឡូក​ក្នុង​ពិភព​ជំនួញ នឹង​មាន​អ្វី​ប្លែកៗ​ច្រើន​កើត​ឡើង ព្រមទាំង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់។ ប៉ុន្តែ មិន​មាន​ន័យ​ថា ទាល់តែ​ចេះ​សព្វ​គ្រប់​ទើប​ធ្វើ​ជា​សហគ្រិន​នោះ​ទេ។  

២. គួរតែ​បំពេញ​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង​ជា​មុន​សិន។ កញ្ញា ឡុង លក្ខិណា អះអាង​ថា កន្លង​មក កញ្ញា​ខ្សោយ​ផ្នែក​លក់​ដែល​ជា​ផ្នែក​យ៉ាង​សំខាន់​ក្នុង​ការ​ចាប់​ផ្តើម​ក្លាន​ជា​សហគ្រិន។ ហេតុនេះ ទើប​កញ្ញា​ចាប់​ផ្តើម​ធ្វើការ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ ដើម្បី​បាន​បទ​ពិសោធន៍​ទាំង​នេះ និង​បំពេញ​ចំណុច​ខ្សោយ​របស់​ខ្លួន ក្នុង​ការ​ឈាន​ជើង​ក្លាយ​សហគ្រិន​បាន។

៣. បើ​ចង់​ធ្វើ​ជំនួញ ត្រូវតែ​មាន​ក្រុម​ខ្លាំង ពីព្រោះ យើង​មិន​អាច​ចេះ​សព្វ​គ្រប់​បាន​ទេ គឺ​ទាល់​តែ​មាន​ក្រុម​មនុស្ស​ដែល​ល្អ និង​ខ្លាំង​ពូកែ។ 

៤. ត្រូវ​សន្សំ​ទុន ព្រោះ​វា​ជា​ការ​ចាំបាច់ តែ​បើ​មាន​ទុន​តូច គួរ​ចាប់​ផ្តើម​ពីតូច បើ​មាន​ទុន​ធំ គួរ​ចាប់​ផ្តើម​ពី​ទុន​ច្រើន​ទៅ។  

៥. ធ្វើ​ការងារ​ឲ្យ​អ្នក​ដទៃ​ជា​មុន​សិន ដើម្បី​ស្វែង​យល់​ពី​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ដទៃ​ទៀត និង​ស្វែងរក​បទ​ពិសោធន៍​សម្រាប់​ជា​ដើម​ទុន​ដ៏​ធំ​មួយ​សម្រាប់​ចាប់​ផ្តើម​​អាជីវកម្ម។

កញ្ញា ឡុង លក្ខិណា លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​ចង់​ចាប់​ផ្តើម​ធ្វើ​ជំនួញ គួរតែ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​តូចៗ ពីព្រោះ គេ​នឹង​ផ្តល់​ការងារ​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​អាច​រៀនសូត្រ​បាន​ច្រើន និង​មាន​ឱកាស​ក្នុង​ការ​ឡើង​តំណែង​ខ្ពស់ ដែល​ជា​បទពិសោធន៍​ដ៏​ល្អ​បំផុត។ 

ផ្ទុយ​ទៅ​វិញ ការ​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំ គេ​ច្រើន​តែ​ដាក់​ការងារ​តូច​មួយ​ឲ្យ​យើង​ធ្វើ​ដែល​មិន​ទទួល​បាន​ចំណេះ និង​បទ​ពិសោធន៍​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ព្រមទាំង​មិន​មាន​ឱកាស​ឡើង​តំណែង​អ្វី​ឡើយ ពីព្រោះ ក្រុមហ៊ុន​ធំ គេ​មាន​រចនា​សម្ព័ន្ធ​រួច​ស្រេច និង​មាន​មនុស្ស​ច្រើន​ធ្វើ​ការងារ​ក្នុង​តំណែង​ទាំង​នោះ​អស់​បាត់​ទៅ​ហើយ៕                          

None



អត្ថបទបន្ទាប់


​ខុនដូ​ថ្មី​មួយ​ទៀតនឹង​ផុសឡើង​ ក្បែរផ្សារ​ AEON ២ ភាគខាង​ជើង​រាជ​ធានី​ភ្នំពេញ

ខណ្ឌ​សែនសុខ នៅប៉ែក​ខាងជើង​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​ក្លាយ​ជា​តំបន់​មួយ​​មាន​ភាព​ទាក់ទាញ​កើន​ឡើង ទាំងសម្រាប់​អ្នក​អភិវឌ្ឍ​គម្រោ…

សហគ្រិន​ស្ត្រី​៧រូប​និង​អ្នក​សារព័ត៌មាន​១​​រូបពី​កម្ពុជា នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក​នៅ​ឥណ្ឌា

ស្ត្រី​ជា​សហគ្រិន​និង​មេដឹកនាំ​ធុរកិច្ច​នៅ​កម្ពុជា​ចំនួន ៧រូប និង​អ្នក​សារព័ត៌មាន​ ១រូប ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ១៥០០នាក់ មក​ពី​ជុំវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ