យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ធនាគារពិភពលោកបានលើកឡើងថា សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវតែផ្លាស់ប្តូរទម្រង់ និងបង្កើនល្បឿនក្នុងការទទួលយកបច្ចេកវិទ្យា AI ឱ្យបានឆាប់រហ័សបំផុត។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មួយនេះ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងវិស័យឯកជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍មិនចាំបាច់ត្រូវចំណាយទុនមហាសាល ដើម្បីប្រកួតប្រជែងបង្កើតបច្ចេកវិទ្យាកម្រិតខ្ពស់ទល់នឹងប្រទេសមហាអំណាចនោះឡើយ។ អ្វីដែលពួកគេត្រូវធ្វើ គឺការសម្របខ្លួន និងកែច្នៃឧបករណ៍ AI មានស្រាប់ក្នុងតម្លៃសមរម្យ យកមកប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។
ធនាគារពិភពលោក គូសបញ្ជាក់ថា AI គឺជាឧបករណ៍យុទ្ធសាស្ត្រដែលអាចជួយស្រោចស្រង់ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យត្រឡប់ទៅរកផ្លូវកំណើនវិញបាន ស្របពេលដែលសេដ្ឋកិច្ចនៃក្រុមប្រទេសទាំងនេះកំពុងប្រឈមនឹងការធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ។ ធនាគារពិភពលោកជឿជាក់ថា ប្រសិនបើមានការរៀបចំយន្តការ និងបន្ស៊ាំខ្លួនបានត្រឹមត្រូវ នោះបច្ចេកវិទ្យា AI នឹងជួយបង្កើនសមត្ថភាព និងរក្សាការងារជូនកម្លាំងពលកម្មក្នុងស្រុកយ៉ាងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ប្រសិនបើប្រទេសទាំងនោះនៅតែជួបឧបសគ្គលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត កង្វះខាតថាមពលអគ្គិសនី និងកម្រិតជំនាញឌីជីថលនៅមានកម្រិត នោះ AI នឹងប្រែជាសម្ពាធ និងជាបែកបាក់ នៃគម្លាតអភិវឌ្ឍន៍ទៅវិញ។
គួរបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Price water house Coopers (PwC) រហូតដល់ឆ្នាំ២០៣០ បច្ចេកវិទ្យា AI អាចនឹងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចសកលលោកក្នុងទំហំទឹកប្រាក់រហូតដល់១៥,៧ទ្រីលានដុល្លារ។ បច្ចុប្បន្ន AI កំពុងជ្រៀតជ្រែកយ៉ាងជ្រៅក្នុងខ្សែច្រវាក់ការងារ និងអាជីវកម្មជាច្រើនរាប់ចាប់តាំងពីការបកប្រែភាសា និងបង្កើតឯកសារ ការរចនាផលិតផល និងការស្រាវជ្រាវវិភាគទិន្នន័យ និងការងារវេជ្ជសាស្ត្ររហូតដល់ការសរសេរកូដកម្មវិធី៕
ដោយៈ សរ សុជាតិ