ផ្ដើមចេញពីហេតុការណ៍កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ក្រុមទេសចរចិន មួយក្រុម ដែលត្រៀមជិះជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ពីបាងកកទៅប៉េកាំង បានប៉ះទង្គិចគ្នាយ៉ាងវឹកវរជាមួយអាជ្ញាធរ ដោយសារតែពួកគេបានរំលោភបំពានដែនហាមឃាត់សម្រុកចូលទៅថតរូបតារាភាពយន្តចិនល្បីឈ្មោះ២រូប។
កាសែត Khaosod របស់ថៃ បានរាយការណ៍នៅថ្ងៃទី៥ ខែសីហា ថា អាកប្បកិរិយារំលោភបំពាននេះបានរីករាលដាលទៅជាជម្លោះប្រតាយប្រតប់គ្នាយ៉ាងធ្ងន់ធ្ងររវាងទេសចរចិន ២២នាក់ និងក្រុមសន្តិសុខអាកាសយានដ្ឋានសុវណ្ណភូមិ រហូតឈានដល់ការឃាត់ខ្លួន និងហាមប្រាមពួកគេមិនឱ្យឡើងយន្តហោះ។ ទោះបីជាអាជ្ញាធរអាកាសយានដ្ឋានសុវណ្ណភូមិ បានចេញមុខសុំទោសជាសាធារណៈ និងដាក់ពិន័យលើបុគ្គលិកសន្តិសុខរបស់ខ្លួន ដើម្បីបន្ធូរបន្ថយសភាពការណ៍ក៏ដោយ ប៉ុន្តែស្ថានទូតចិន ប្រចាំទីក្រុងបាងកក បែរជាវាយប្រហារបកវិញយ៉ាងក្តៅគគុក ដោយចោទប្រកាន់អាជ្ញាធរថៃ ថា បានប្រើអំពើហិង្សា និងរំលោភបំពានលើពលរដ្ឋចិន ព្រមទាំងគៀបសង្កត់ឱ្យរដ្ឋាភិបាលថៃ ចេញមុខទទួលខុសត្រូវ។
ការបាញ់សារវាយប្រហារពីសំណាក់ស្ថានទូតចិន ត្រូវបានរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ចាត់ទុកថា ជាទង្វើគ្មានវិជ្ជាជីវៈ។ នៅថ្ងៃទី៥ ខែសីហា លោកបានថ្លែងក្នុងន័យប្រដៅ និងចាក់ដោតថា ឯកអគ្គរដ្ឋទូតចិន គួរតែជួយបកស្រាយស្វែងយល់ពីហេតុការណ៍ពិត មិនមែនចាំតែចេញសេចក្តីថ្លែងការណ៍ពន្យុះឱ្យផ្ទុះកំហឹងមហាជនបែបនេះឡើយ។ លោក ស៊ីហាសាក់ បានស្តីបន្ទោសចំៗថា ឯកអគ្គរដ្ឋទូតចិន ដែលឈរជើងក្នុងប្រទេសថៃមានភារកិច្ចចម្បង គឺលើកកម្ពស់ទំនាក់ទំនង និងការយោគយល់គ្នារវាងប្រជាជាតិទាំងពីរ មិនមែនចាំតែការពារប្រយោជន៍ប្រទេសខ្លួនឯងតែមួយជ្រុង ដោយមើលរំលងការពិត និងបង្កជម្លោះបែបនេះទេ។
រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានបន្ថែមថា ថៃ ត្រូវតែបន្តអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួនយ៉ាងរឹងមាំ និងរក្សាតុល្យភាពរវាងការអនុវត្តច្បាប់ ជាមួយនឹងការរក្សាមុខមាត់របស់ប្រទេសជាដែនដីទេសចរណ៍ ប្រកបដោយបដិសណ្ឋារកិច្ច ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់មករំលោភបំពានច្បាប់ក្នុងស្រុកបានឡើយ៕
អត្ថបទៈ សួន ឡង់ទី