សារព័ត៌មាន VNExpress បានរាយការណ៍ថា នៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៦ វៀតណាមស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានរហូតដល់ជាង៣៨ពាន់លានដុល្លារមានការកើនឡើងរហូតដល់ ៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាយកដ្ឋានស្ថិតិទូទៅ នៃក្រសួងផែនការ និងវិនិយោគវៀតណាម បានគូសបញ្ជាក់ថា លទ្ធផលដ៏លេចធ្លោនេះ គឺកើតចេញពីភាពជោគជ័យ នៃការកែប្រែបរិយាកាសវិនិយោគលើវិស័យយុទ្ធសាស្ត្រសំខាន់ៗរួមមាន ឧស្សាហកម្មកែច្នៃ-ផលិតកម្ម ថាមពល និងបច្ចេកវិទ្យាជឿនលឿនឱ្យកាន់តែមានភាពទាក់ទាញខ្លាំង។
ចន្លោះពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរវៀតណាម បានអនុម័តគម្រោងវិនិយោគថ្មីៗជាង ២,៤០០គម្រោងជាមួយដើមទុនចុះបញ្ជីសរុបជាង២១ពាន់លានដុល្លារ។ ភាគច្រើននៃគម្រោងទាំងនោះ ផ្តោតលើឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ការផលិតថាមពល និងវិស័យកែច្នៃ។ វិនិយោគិនសិង្ហបុរីបានឈានមុខគេលើបោះទុនវិនិយោគនៅវៀតណាមជាមួយទំហំជាង៧ពាន់លានដុល្លារ បន្ទាប់មកកូរ៉េខាងត្បូង ជាមួយទំហំជិត៦ពាន់លានដុល្លារ, ហុងកុងជិត៣ពាន់លានដុល្លារ និងចិនបានបោះទុនវិនិយោគជិត២ពាន់លានដុល្លារ។
ទន្ទឹមនឹងទាក់ទាញការវិនិយោគពីខាងក្រៅ វិនិយោគិនវៀតណាម ក៏បានពង្រីកវិសាលភាពវិនិយោគទៅបរទេសយ៉ាងសកម្មផងដែរដូចជានៅប្រទេសឡាវ កម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន និងកាហ្សាក់ស្ថានជាដើម។
ពាក់ព័ន្ធវិស័យពាណិជ្ជកម្មអន្តរជាតិវិញ វៀតណាម នៅតែរក្សាបានសម្ទុះយ៉ាងរឹងមាំដោយទំហំពាណិជ្ជកម្មសរុបនៅក្នុងរយៈពេល៧ខែនេះ បានកើនឡើងជាង២៨% ឈានដល់៦៥៩ពាន់លានដុល្លារ ក្នុងនោះការនាំចេញសម្រេចបានជាង៣១៩ពាន់លានដុល្លារ កើនឡើងជិត២២% និងនាំចូលមានទំហំជាង៣៤០ពាន់លានដុល្លារ កើនឡើងជិត៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងទំហំនាំចូលនេះបានធ្វើឱ្យវៀតណាមជួបឱនភាពពាណិជ្ជកម្មប្រមាណ២០ពាន់លានដុល្លារ ដោយសារតែប្រទេសនេះបានបង្កើនការនាំចូលយ៉ាងគំហុកនូវវត្ថុធាតុដើម គ្រឿងចក្រ និងសមាសភាគបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម ដើម្បីឆ្លើយតបនឹងការរីកចម្រើន នៃវិស័យឧស្សាហកម្មរបស់ខ្លួន៕
ដោយៈ សរ សុជាតិ