ការទម្លាក់កញ្ចប់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិកជាបន្តបន្ទាប់ជាង២ឆ្នាំមកនេះ វាអាចនឹងគ្រប់គ្រាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយ ប៉ុន្តែផ្ទុយទៅវិញរុស្ស៊ីនៅតែអាចសម្រប និងបន្សាំខ្លួនយ៉ាងល្អ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមានភាពរឹងមាំ។ ជាមួយនឹងភាពរឹងមាំនេះ ការវិភាគជាច្រើនបានអះអាងថា វាជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់ថា លោក ពូទីន ដែលគ្រប់គ្រងរុស្ស៊ីដោយកណ្តាប់ដៃដែកនោះ នៅតែអាចបន្តដឹកនាំប្រទេសមហាអំណាយយោធានេះបន្តថែមមួយអាណត្តិទៀតដោយងាយស្រួល។
អ្នកវិភាគបានអះអាងថា ភាពធន់នៃសេដ្ឋកិច្ចរបស់រុស្ស៊ី គឺជាសក្ខីកម្មដ៏គ្មានការងឿងឆ្ងល់ សម្រាប់អំណះអំណាង ដែលថា លោក ពូទីន ដែលបានដឹកនាំរុស្ស៊ី តាំងពីឆ្នាំ១៩៩៩ នៅតែអាចបន្តដឹកនាំប្រជាជាតិនេះដដែល។ ចាប់តាំងពីលោក ពូទីន ដឹកនាំរុស្ស៊ីដាក់គំនាបលើអ៊ុយក្រែន នៅឆ្នាំ២០១៤ រហូតដល់បញ្ជាកងទ័ពចូលលុកលុយអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកដល់ពេលនេះមានការទស្សន៍ទាយជាច្រើនដែលបរាជ័យ។
បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន ក្រុមហ៊ុនធំៗជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ហើយទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក បានសម្រុកទម្លាក់កញ្ចប់ទណ្ឌកម្មជាច្រើនលើកទៀតសង្កត់រុស្ស៊ី ក្នុងគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីដុនដាប ដើម្បីបន្ថយអំណាចលោក ពូទីន ហើយដកខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីមិនឯកកោឡើយដោយមកទល់ពេលនេះ រុស្ស៊ីនៅតែជាប្រទេសនាំចេញប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ហើយទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តកាលពីឆ្នាំមុនរបស់អារ៉ាប៊ីសាអូឌីតក្នុងការកាត់បន្ថយការនាំចេញប្រេងឆៅ។
លោក គ្រីស្តូហ្វឺ វីហ្វឺរ ( Christopher Weafer) នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សា Macro-Advisory បានលើកឡើងថា តម្លៃប្រេងត្រឹមមួយបារ៉ែល៨០ដុល្លារ គឺវាផ្តល់ផលគ្រប់គ្រាន់សម្រាប់រុស្ស៊ីក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងយោធាដ៏ប្រសើរ។ នៅពេលនេះគោលនយោបាយថាមពល និងសេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ ហើយស្ថានភាពជីវភាពពលរដ្ឋថ្វីត្បិតតែរងនូវផលប៉ះពាល់ខ្លះ ប៉ុន្តែវាមិនទាន់អាចឲ្យរង្គោះរង្គើដល់រដ្ឋាភិបាលនៃវិមានក្រឹមឡាំងនៅឡើយទេ។ ហើយនៅពេលនេះពលរដ្ឋរុស្ស៊ីនៅតែមានលទ្ធភាពក្នុងការដោះស្រាយជីវភាពរបស់ពួកគេបើទោះបីជាត្រូវជូបអតិផរណាខ្លះក៏ដោយ៕
ដោយៈ សរ សុជាតិ