នៅក្នុសុន្ទរកថាមួយនៅឯសេតវិមានលោក ចូ បៃដិន បាននិយាយថា៖ «អាមេរិកមិនចង់បាន និងមិនត្រូវបានសង្គ្រាមត្រជាក់ថ្មីនោះឡើយ »។ លោកបានលើកឡើងអំពីបាឡុងរបស់ចិន និងវត្ថុមិនស្គាល់អត្តសញ្ញាណបីផ្សេងទៀតដែលយោធាអាមេរិកបានបាញ់ទម្លាក់ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់ដឹងថា វត្ថុមិនស្គាល់អត្តសញ្ញាណទាំងបីនោះ វាជាអ្វី និងជាកម្មសិទ្ធិរបស់អ្នកណាឱ្យប្រាកដនោះទេ។
លោក បៃដិន បានបង្ហើបប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកមានបំណងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីនិយាយតទល់គ្នាពាក់ព័ន្ធនឹងរឿងបាឡុងនេះឲ្យជ្រះមន្ទិលសង្ស័យ ហើយក៏ចង់ពិភាក្សាតាមផ្លូវការទូតលើបញ្ហានេះផងដែរ។
បន្ទាប់ពីសុន្ទរកថានោះ ប្រធានាធិបតីអាមរិកលោកចូ បៃដិន បានប្រាប់សារព័ត៌មាន NBC ថា៖ «ខ្ញុំជឿជាក់ថា ហេតុការណ៍ចុងក្រោយដែលប្រទេសចិនធ្វើនេះ គឺលោក ស៊ី ជីនពីងចង់ផ្តាច់ទំនាក់ទំនងជាមូលដ្ឋានជាមួយសហរដ្ឋអាមេរិក និងជាមួយខ្ញុំតែម្តង»។
គួរជម្រាថា ឧបទ្ទវហេតុបាឡុងហោះចូលដីអាមេរិកនេះ បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ ទស្សនកិច្ចនេះ បានព្រមព្រៀងគ្នាតាំងតែខែវិច្ឆិកាឆ្នាំមុនម្ល៉េះ ជាពេលដែលប្រមុខដឹកនាំទាំងពីរប្រទេស ជួបគ្នាអំឡុងកិច្ចប្រជុំកំពូល G20។
ឆ្លើយតបទៅនឹងសុន្ទកថារបស់លោកចូ បៃដិន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ីន បានលើកឡើងថា ប្រទេសចិនសូមបញ្ជាក់ឡើងវិញថា «បាឡុងស៊ីវិលគ្មានមនុស្សបើកនោះ បានហោះចូលដែនអាកាសអាមេរិកពិតប្រាកដមែន តែវាជាឧប្បត្តិហេតុអចេតនាសុទ្ធសាធតែម្តង»។ ជាមួយគ្នានោះ លោកបានបន្តថា សហរដ្ឋអាមេរិកគួរតែមានឆន្ទៈជួបជាមួយប្រទេសចិន ដើម្បីជជែកពីការខ្វែងគំនិតគ្នា និងដោះស្រាយបញ្ហាឱ្យបានសមស្របចំពោះហេតុការណ៍ទាំងឡាយ ដែលនឹកស្មានមិនដល់ ក្នុងគោលដៅ ជៀសវាងការយល់ច្រលំ និងការវិនិច្ឆ័យខុស ហើយដើម្បីធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនវិលទៅរកភាពផ្អែមល្ហែម និងមានស្ថិរភាពឡើងវិញ។
សូមជម្រាបថា បើតាមសារព័ត៌មាន Financial Times បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ លោក Michael Chase គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលោកនឹងក្លាយជាមន្ត្រីការពារជាតិជាន់ខ្ពស់បំផុតរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលបានទៅទស្សនាកោះនេះចាប់តាំងពីឆ្នាំ២០១៩មក។
ប្រសិនបើទស្សនកិច្ចនេះជាការពិតមែន វារំពឹងថានឹងទៅដុតកំដៅដល់ទំនាក់ទំនងរវាងអាមេរិក-ចិនបន្ថែមទៀត ស្របពេលដែលភ្លើងកំពុងឆេះរួចទៅហើយពោលគឺដូចពេលដែលអតីតប្រធានសភាអាមេរិក លោកស្រីណាន់ស៊ី ប៉េឡូស៊ី ទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំមុនដូច្នោះដែរ៕