រលកសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានប្រែក្លាយប្រេងឥន្ធនៈពិភពលោកឱ្យក្លាយជាចំណាប់ខ្មាំងសង្គ្រាម ដែលជាហេតុធ្វើឱ្យក្រុមអ្នកបើកបរ និងអ្នកអាស្រ័យផលលើសេវាដឹកជញ្ជូននៅហ្វីលីពីនទ្រាំលែងបានរហូតឈានដល់ការផ្ទុះកូដកម្មរួមគ្នា។ អ្នកបើកបរយានយន្តដឹកជញ្ជូនសាធារណៈក្រៅប្រព័ន្ធប្រមាណ៧ម៉ឺននាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេង ដែលបញ្ហាបានបង្ខំឱ្យរដ្ឋាភិបាលដាក់ពង្រាយកម្លាំងនគរបាល និងរថយន្តក្រុងជាច្រើនគ្រឿង ដើម្បីជួយសម្រួលដល់អ្នកដំណើរដែលកំពុងកកស្ទះ និងជាប់គាំង។
ក្រុមកូដករបានទាមទារឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទម្លាក់ថ្លៃប្រេងមកត្រឹម៥៥ប៉េស៊ូ ឬប្រមាណ០,៨៨ ដុល្លារក្នុងមួយលីត្រ ដែលជាកម្រិតតម្លៃដូចមុនពេលមានការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ក្រុមកូដករបានអះអាងថា វិបត្តិថាមពលកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើឆ្នាំងបាយរបស់ពួកគេ ដោយទាញទម្លាក់ប្រាក់ចំណូលប្រចាំថ្ងៃឱ្យបាត់បង់អស់ពាក់កណ្តាលពី១០ដុល្លារមកត្រឹម៥ដុល្លារ។
ជុំវិញបញ្ហានេះលោក អាឡេន រ៉ៃ កូ (Allen Rae Co) អ្នកនាំពាក្យនគរបាលជាតិហ្វីលីពីនបានថ្លែងថា សមត្ថកិច្ចកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទីតាំងតវ៉ាចំនួន១១កន្លែងក្នុងទីក្រុងម៉ានីល ដោយបានដាក់ពង្រាយកម្លាំងជិត៩ពាន់នាក់ ដើម្បីសម្រួលចរាចរណ៍ និងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Economic Times តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានហក់ឡើងដល់រង្វង់១០៤ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានច្រានចោលសំណើបន្ធូរបន្ថយទណ្ឌកម្មរបស់ប្រទេសអ៊ីរ៉ង់៕
ដោយៈ សរ សុជាតិ