ការសម្រេចចិត្តនេះបានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការ OPEC និងមិនមែន OPEC លើកទី៣៦ នៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈសន្និសីទវីដេអូពីចម្ងាយ។ បើតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ OPEC + អង្គការផលិតប្រេងពិភពលោកមួយនេះបានអញ្ជើញប្រទេសប្រេស៊ីល ដែលជាអ្នកផលិតប្រេងដ៏កំពូលទាំង១០នៅក្នុងពិភពលោកឱ្យចូលជាសមាជិករបស់ខ្លួន។
សេចក្ដីថ្លែងការណ៍នេះ ក៏បានគាំទ្រការសម្រេចចិត្តក្នុងការកាត់បន្ថយទិន្នផលប្រេង ដើម្បី«ធានាបាននូវទីផ្សារប្រេងប្រកបដោយស្ថិរភាព និងតុល្យភាព»ផងដែរ។
ក្រុមនេះមិនបានពន្យល់ទេថា តើការកាត់បន្ថយដោយស្ម័គ្រចិត្តក្នុងចំណោមសមាជិកមួយចំនួនរួមទាំងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនឹងបន្តចាប់ពីខែមករាខាងមុខនេះ ឬយ៉ាងណានោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយបានរបាយការណ៍ថា សមាជិកនីមួយៗនឹងប្រកាសពីការកាត់បន្ថយរបស់ខ្លួនដោយស្ម័គ្រចិត្ត។ ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក ប្រទេសអារ៉ាប៊ីសាអូឌីត បាននិងកំពុងចូលរួមកាត់បន្ថយការ ផលិតប្រេងចំនួន២លានធុងបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ឆ្នាំ២០២៤ ហើយប្រទេសនេះក៏កំពុងនាំមុខគេក្នុងការកាត់បន្ថយការផលិតប្រេងចំនួន៥០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ដែលនឹងចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំក្រោយនេះ ដែលជាផ្នែកមួយនៃការកាត់បន្ថយជារួមប្រហែល១លាន៦សែនធុងបារ៉ែលក្នុងមួយថ្ងៃថែមទៀត។
មិនតែប៉ុណ្ណោះទេប្រទេសនេះ ក៏បានប្រកាសកាលពីខែកក្កដា ថា ខ្លួននឹងកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តចំនួន១លានធុងបារ៉ែលក្នុងមួយថ្ងៃដែលគ្រោងនឹងផុតកំណត់នៅខែធ្នូនេះផងដែរ។
ចំណែកប្រទេសរុស្ស៊ីវិញបាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តចំនួន៥០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃរហូតដល់ត្រីមាសទីមួយឆ្នាំ២០២៤ ខណៈដែលប្រទេសអាល់ហ្សេរី នឹងកាត់បន្ថយទិន្នផលចំនួន៥ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ហើយប្រទេសកាហ្សាក់ស្ថាននឹងកាត់បន្ថយបន្ថែមជាង៨ម៉ឺនធុងបារ៉ែលទៀតក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីមួយឆ្នាំក្រោយនេះ។
តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីបានឡើងថ្លៃជាង១% នៅក្នុងវគ្គជួញដូរមុននេះ បន្ទាប់ពីក្រុមអ្នកផលិត OPEC+ បានយល់ព្រមកាត់បន្ថយទិន្នផលប្រេង។ បើតាមសន្សន៍ទីផ្សារប្រេងឆៅ Brent បានបង្ហាញថា តម្លៃប្រេងសម្រាប់ខែកុម្ភៈ បានធ្លាក់ចុះ១,៦% មកនៅត្រឹមជាង៨១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ សុខ ជា