អាកាសយានដ្ឋាន​ក្រុងព្រះសីហនុ

ព្រលានយន្តហោះខេត្តព្រះសីហនុ នឹងចាប់ផ្តើមពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅដើមឆ្នាំ ២០២០ខាងមុខ


ដោយសារតែកំណើនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កាន់តែកើនឡើងឆាប់រហ័ស ជាពិសេសភ្ញៀវទេសចរចិន ក៏ដូចជាអ្នកវិនិយោគិនមកកាន់ខេត្តព្រះសីហនុ បានធ្វើឲ្យអាជ្ញាធរអាកាសចរស៊ីវិលកម្ពុជា គ្រោងនឹងពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុបន្ថែមទៀត។
យន្ដហោះ​ចុះចត​ក្នុងព្រលាន​យន្ដហោះ​កម្ពុជា នាពេល​កន្លងទៅ
ដោយ

ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តព្រះសីហនុ នឹងចាប់ផ្តើម​ពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធ ចាប់ពី​ដើមឆ្នាំ ២០២០​ខាងមុខ​តទៅហើយ បន្ទាប់ពី​ផែនការមេ ត្រូវបាន​ឯកភាព​ជាគោលការណ៍​ដោយ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និងក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន​ SCA។ នេះបើយោងតាម​ការចេញផ្សាយ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

ផែនការមេ ស្តីពី ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ឯកភាព​ជាគោលការណ៍​ហើយ នៅក្នុងប្រជុំ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន​ ដែលដឹកនាំ​ដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

បើតាមផែន​ការមេ បានបង្ហាញ​ឲ្យដឹងថា នៅដើមឆ្នាំ ២០២០ នឹងមាន​ការសាងសង់ ស្ថានីយ៍​អ្នកដំណើរថ្មី ដែលមាន​សមត្ថភាព​ទទួលអ្នក​ដំណើរ ៣លាន ៦សែននាក់ សម្រាប់ដំណាក់​កាលទី ១ នៅពាក់កណ្តាល​ឆ្នាំ ២០២២ ហើយនឹង​បន្តពង្រីក​សមត្ថភាព​ទទួលអ្នកដំណើរ​បន្ថែម​ដល់ជាង ១០លាន​នាក់ នៅដំណាក់កាល​បន្តបន្ទាប់។

ក្រៅពីនោះ អាកាសយានដ្ឋាន​ព្រះសីហនុ ក៏កំពុងពង្រីក​ផ្លូវរត់ហោះហើរ​ពី ២៥០០ម៉ែត្រ ដល់ ៣៣០០​ម៉ែត្រ ពោលគឺ ពង្រីក ៨០០ម៉ែត្របន្ថែម គ្រោងនឹងបញ្ចប់​នៅពាក់កណ្តាល​ឆ្នាំ ២០២០ខាងមុខ ដែលអាច​ទទួល​បានការចុះចត​យន្តហោះ​គ្រប់ប្រភេទ រួមទំាង​យន្តហោះ​ខ្នាតធំ។

លើសពីនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗទៀត​នៃអាកាសយានដ្ឋាន​នេះ ត្រូវបានពង្រឹង និងពង្រីក​ផងដែរ ដើម្បីឆ្លើយតប​ទៅតាម កំណើន​នៃការហោះហើរ​ក្នុងស្រុក និងអន្តរជាតិ។

គួររម្លឹក​ដែរថា ក្នុងឆមាសទី ១​ ដើមឆ្នាំ​២០១៩នេះ​ វិស័យ​អាកាសចរណ៍​នៅកម្ពុជា បានបង្ហាញពី សញ្ញាវិជ្ជមាន ដោយបានស្វាគមន៍​អ្នកដំណើរ​ជាង ៦លាន​នាក់ ដែលកើន​ឡើង​ប្រមាណ ១៥ភាគរយ ធៀបនឹងរយៈ​ពេលដូចគ្នា កាលពីឆ្នាំ ២០១៨កន្លងទៅ ហើយកំណើន​វិជ្ជមាននេះ​ គឺដោយសារតែ​ការប្រើប្រាស់​ជើងហោះហើរ​ក្នុងស្រុក មានកំណើន​ខ្ពស់លើសពី​ការរំពឹងទុក។

ក្នុងរយៈពេល ៦ខែនេះ សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ ទទួលអ្នកដំណើរ​រហូតដល់​ទៅ ៧សែននាក់ ដែលមាន​កំណើន ២១០ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន ហើយវារីក​លូតលាស់លឿន​ជាងគេបំផុត ក្នុងចំណោម​អាកាសយានដ្ឋាន​អន្តរជាតិទាំង ៣ នៅកម្ពុជា។

ដោយឡែក អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ទទួលបាន​អ្នកដំណើរជាង ៣លាននាក់ មានកំណើន ១៥ភាគរយ ខណៈដែល អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលអ្នក​ដំណើរជាង ២លាន ២សែននាក់ ធ្លាក់ចុះ​ប្រមាណ ៤ភាគរយ។

ក្រុមហ៊ុន Vinci Airports បានបញ្ជាក់​ឲ្យដឹងថា អាកាសយានដ្ឋានទាំង ៣ របស់កម្ពុជា គឺសម្រេចលទ្ធផល​បានល្អ​ណាស់ ដោយមាន​កំណើនជារួម​ ២៥ភាគរយ ក្នុងត្រីមាសទី ២នេះ ហើយក្នុងខែ​មិថុនានេះ ក៏សម្រេច​បានការបើកជើង​ហោះហើរត្រង់​លើកដំបូង​ទៅកាន់ ប្រទេស​ឥណ្ឌូនេស៊ី និងបន្ថែម​ជើងហោះហើរ​ជារៀងរាល់ថ្ងៃ​ទៅកាន់ ទីក្រុង​ឌូបៃផងដែរ។

គួរជម្រាបដែរថា សម្រាប់ខែមិថុនា ចំនួនអ្នកដំណើរ​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិទាំង ៣ របស់កម្ពុជា មានជាង ៩សែននាក់ រីឯការដឹកជញ្ជូន​ទំនិញ​មានជាង ៦ពាន់តោន និងការហោះហើរ​មានជិត ៩ពាន់ជើង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Honda វិនិយោគលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ព្រោះ​ចង់​ជួយ​ដោះស្រាយភាពក្រីក្រ

ព័ត៌មាន
ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក កេស៊ូកិ ហុងដា (Keisuke Honda) តារាបាល់ទាត់​ជប៉ុន ត្រូវបាន​មហាជន​ខ្មែរ ជាពិសេស អ្នក​ស្រលាញ់​…

វៀតណាមនាំចេញ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ជិត ២៥ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ

ព័ត៌មាន
គ្រាន់តែក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បាននាំចេញ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ដែលមានតម្លៃសរុបជិត ២៥ពាន់ដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ