ក្រោយឆ្លងកាត់ការប្រជុំអស់ជាច្រើនលើកច្រើនសាររួចមក ទីបំផុតភាគីរាជរដ្ឋាភិបាលដែលជាអ្នកសម្របសម្រួល និងភាគីតំណាងនិយោជិត និងនិយោជកបានឯកភាពគ្នាយកតួលេខ២០២ដុល្លារ ក្នុងមួយខែ ធ្វើជាតួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនីក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៤។ តួលេខ២០២ដុល្លារនេះត្រូវបានកំណត់តាមរយៈការបោះឆ្នោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចំណោមតួលេខចំនួន ដែលដាក់ឱ្យបោះឆ្នោត ក្នុងនោះតួលេខ២០២ដុល្លារ ទទួលបានសំឡេង៤៦លើ៥១សំឡេង និងតួលេខ២១៣ដុល្លារទទួលបានសំឡេង៥លើ៥១សំឡេង។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចបន្ថែមចំនួន២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ កើនឡើងដល់២០៤ដុល្លារក្នុង១ខែ។ ចំនួននេះមានការកើនឡើង៤ដុល្លារ បើធៀបនឹងទំហំប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតផងដែរ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ នឹងកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋទៀតផង៕
អត្ថបទ ៖ បូ ដូឡា