យ៉ាងណាក៏ដោយ វិស័យអចលនទ្រព្យកម្ពុជា នាមួយរយៈចុងក្រោយនេះ កំពុងឈានមកដល់ចំណុចមួយដែលមានការប្រកួតប្រជែងខ្លាំង ខណៈដែលគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន ទាំងខុនដូ បុរី អាផាតមិន បាននិងកំពុងពង្រីកខ្លួនកាន់តែច្រើនឡើងៗ។
លោក Eguchi Takashi ប្រធានក្រុមហ៊ុន Creed Asia Cambodia បានលើកឡើងថា គិតមកទល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានវិនិយោគលើគម្រោងអចលនទ្រព្យនៅកម្ពុជា ៣គម្រោងហើយ ដែលក្នុងនោះ មានដូចជា គម្រោងខុនដូ Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោងទី៣ ដែលទើបបើកសម្ពោធសាងសង់នាពេលថ្មីៗនេះ គឺគម្រោងសួនលំនៅដ្ឋាន Arata ដែលចំណាយទុនប្រមាណជាង២០លានដុល្លារ សាងសង់លើផ្ទៃដីសរុបជាង១២ហិកតា។
លោកបន្តថា នៅក្នុងដំណាក់កាលដំបូងនៃការសាងសង់គម្រោងលំនៅដ្ឋានទី៣នេះ នឹងធ្វើការសាងសង់ផ្ទះជាង៥០០ខ្នង ដែលគ្រោងចាប់ផ្ដើមសាងសង់នៅខែកញ្ញាឆ្នាំ២០១៧ ហើយតម្លៃផ្ទះទាំងនេះ មានចាប់ពី ៨៧០០០ដុល្លារឡើងទៅ។
បើតាមការបញ្ជាក់ពីប្រធានក្រុមហ៊ុន Creed Asia Cambodia បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុនមួយនេះបានចូលមកវិនិយោគនៅកម្ពុជាបានរយៈពេល ៥ឆ្នាំមកហើយ ដោយបានវិនិយោគលើគម្រោងលំនៅដ្ឋានបីដូចដែលបានរៀបរាប់ខាងលើ និងគិតជាទឹកប្រាក់សរុបប្រមាណ ៧០លានដុល្លារ និងកំពុងសិក្សាលើគម្រោងថ្មីៗបន្ថែមទៀត។
ហេតុផលដែលធ្វើឲ្យក្រុមហ៊ុនជប៉ុនមួយនេះ បន្តពង្រីកគម្រោងថ្មីៗរបស់ខ្លួនបន្ថែមជាបន្ដបន្ទាប់យ៉ាងដូច្នេះ ត្រូវបានលោក Eguchi Takashi បញ្ជាក់ឲ្យដឹងថា ដោយសារតែលោកមើលឃើញពីសក្ដានុពលនៃការកើនឡើងនៃអ្នកចំណូលមធ្យម ដែលមានលទ្ធភាពក្នុងការទិញលំនៅដ្ឋានមានតម្លៃក្រោម១០ម៉ឺនដុល្លារ គួបផ្សំនឹងការមើលឃើញពីកំណើនសេដ្ឋកិច្ចឥតឈប់ឈររបស់ប្រទេសកម្ពុជាផងដែរ។
ហើយបើទោះបីជាមានមតិខ្លះលើកឡើងថា បច្ចុប្បន្ន ការផ្គត់ផ្គង់លំនៅដ្ឋានហាក់កំពុងលើសតម្រូវការក្ដី ប៉ុន្ដែ ប្រធានក្រុមហ៊ុន Creed Asia Cambodia រូបនេះ មិនបានយល់ដូច្នោះទេ ដោយលោកអះអាងថា ពិនិត្យមើលភាពជាក់ស្ដែងនោះ គឺកំណើនតម្រូវការនៃប្រជាជនដែលមានលទ្ធភាពក្នុងការទិញផ្ទះនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
យ៉ាងណាក៏ដោយចុះ ការអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជានាមួយរយៈចុងក្រោយនេះ ហាក់បីកំពុងពុះកញ្ជ្រោលខ្លាំង ខណៈដែលក្រុមហ៊ុនមួយចំនួនបានបញ្ចេញលក់គម្រោងលំនៅដ្ឋានថ្មីៗរបស់ខ្លួនជាច្រើន។ ក្នុងនោះ អ្វីដែលជាការកត់សម្គាល់ ដែលជំរុញឲ្យមានកំណើននៃអ្នកទិញលំនៅដ្ឋាននោះ គឺដោយសារតែក្រុមហ៊ុនលក់លំនៅដ្ឋានទាំងនោះ បានផ្ដល់នូវគោលការណ៍ធូររលុងក្នុងការទិញផ្ទះ ពោលគឺមិនចាំបាច់មានប្រាក់កក់ ឬមានការសិក្សាពីប្រភពចំណូលសាំញ៉ាំច្រើននោះទេ។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹម៦ខែឆ្នាំ២០១៧នេះ គម្រោងសាងសង់បុរីលំនៅដ្ឋាន ឬបុរីថ្មីៗ មាន១៤ទីតាំង ហើយបើគិតមកទល់ពេលបច្ចុប្បន្ន គម្រោងលំនៅដ្ឋានប្រភេទនេះមានសរុបរហូតដល់ ១៥៣ទីតាំង ដែលបាននិងកំពុងប្រមូលផ្ដុំគ្នាសាងសង់នៅតំបន់សំខាន់ៗមួយចំនួន ដូចជា តំបន់ក្បែរផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ តំបន់ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងតំបន់អរិយក្សត្រជាដើម។
បើតាមការប៉ាន់ស្មានរបស់ក្រសួងរៀបចំដែនដីដដែល បានឲ្យដឹងថា ទៅដល់ឆ្នាំ២០៣០ខាងមុខ កម្ពុជានឹងមានតម្រូវការលំនៅដ្ឋានថ្មីៗ ជាមធ្យម មានប្រមាណជាង ៨ម៉ឺនខ្នងបន្ថែមទៀតជារៀងរាល់ឆ្នាំ ដោយមិនរាប់បញ្ចូលកង្វះលំនៅដ្ឋាននាពេលបច្ចុប្បន្នផងទេ៕