លោក ដាញ៉េល ចាង (Daniel Zhang) នាយកប្រតិបត្តិក្រុមហ៊ុន Alibaba បាននិយាយថា ដោយយោងតាមការកំណត់ពីរដ្ឋាភិបាលចិនឲ្យមានការកែតម្រូវគោលការណ៍រកស៊ីមួយចំនួន ក្រុមហ៊ុន Alibaba នឹងព្យាយាមសម្រួលឲ្យមានភាពងាយស្រួលដល់ឈ្មួញបោះដុំទំនិញ ដែលរកស៊ីជាមួយក្រុមហ៊ុន និងធានាឲ្យបានថាគ្មានផលប៉ះពាល់ដល់ពួកគេឡើយ។
ការលើកឡើងដូចនេះធ្វើឡើងនៅក្រោយពីមានក្តីបារម្ភថា ក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំរបស់មហាសេដ្ឋី Jack Ma មួយនេះនឹងរង្គោះរង្គើក្រោយរដ្ឋាភិបាលចិនទើបដាក់ពិន័យជាប្រាក់ជិត៣ពាន់លានដុល្លារ និងកំរិតជាបទបញ្ញត្តិនានាសម្រាប់ការរកស៊ីរបស់ក្រុមហ៊ុននេះ។
គួរំឭកថា អាជ្ញាធរចិនកាលពីចុងសប្តាហ៍មុននេះ បានសម្រេចដាក់ពិន័យលើក្រុមហ៊ុន Alibaba Group Holding Ltd របស់មហាសេដ្ឋី Jack Ma ក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត ៣ពាន់លានដុល្លារ ពីបទរំលោភច្បាប់ប្រឆាំងការរកស៊ីផ្ដាច់មុខ (Anit-monopoly) និងរំលោភបំពានទីផ្សារ ដែលចំនួននៃការផាកពិន័យនេះមានចំនួនច្រើនបំផុតមិនធ្លាប់មានឡើយនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Alibaba បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងពីសំណាករដ្ឋាភិបាលក្រុងប៉េកាំងចាប់តាំងពីមានការរិះគន់ជាសាធារណៈរបស់មហាសេដ្ឋី Jack Ma ទៅលើប្រព័ន្ធច្បាប់របស់ចិនកាលពីខែតុលាឆ្នាំមុន។
សម្រាប់ការពិន័យលើកនេះ ចិនបានកំណត់ឲ្យ Alibaba បញ្ចប់លក្ខខណ្ឌរបស់ខ្លួនជាមួយនឹងឈ្មួញបោះដុំទំនិញ ដែលកន្លងមកក្រុមហ៊ុនទាមទារឲ្យឈ្មួញទាំងនោះ រកស៊ីជាមួយខ្លួនផ្តាច់មុខតែមួយប៉ុណ្ណោះ។ ប្រការនេះ ជារឿយៗ ត្រូវបានគេរិះគន់ថា បានជួយឲ្យក្រុមហ៊ុន Alibaba ក្លាយជាប្រតិបត្ដិករពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតនៅប្រទេសចិន។
សូមបញ្ជាក់ថា ទោះបីត្រូវរងពិន័យពីរដ្ឋាភិបាលចិនក្តី ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានកើនឡើងប្រមាណ ៨% នៅហុងកុងកាលពីថ្ងៃទី ១២ ខែមេសា ដោយបានបន្ថែមទឹកប្រាក់ជាង ៤៨ ពាន់លានដុល្លារទៀតទៅក្នុងតម្លៃទីផ្សាររបស់ខ្លួន។ នេះជាតម្លៃហ៊ុនប្រចាំថ្ងៃកើនឡើងច្រើនបំផុតមិនធ្លាប់មាននោះទេ សម្រាប់ Alibaba ក្នុងពេល៣ខែចុងក្រោយនេះ៕
ចុច Like Facebook Page របស់ខេមបូណូមីស និងចូលរួមក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័សមុនគេ: https://t.me/cambonomist