ច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើតការងារជូនពលរដ្ឋអាមេរិក តាមរយៈការបែងចែកថវិការាប់ពាន់លានដុល្លារ ទៅឲ្យរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួសជុលស្ពាន និងផ្លូវដែលបានចាស់ទ្រុឌទ្រោម និងការពង្រីកបណ្ដាញសម្រាប់ការប្រើប្រាស់អ៊ីនធើណែតទៅដល់ពលរដ្ឋអាមេរិករាប់លាននាក់ឲ្យបានកាន់តែទូលំទូលាយជាដើម។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានរ៉យទ័រ។
លោក ចូ បៃឌិន បានលើកឡើងថា បើទោះបីកន្លងមកសេចក្ដីព្រាងច្បាប់នេះ មានការចម្រូងចម្រាស់គ្នាខ្លាំងនៅក្នុងសភា រវាងគណបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋក៏ដោយ ប៉ុន្ដែ នៅទីបំផុតភាគីទាំងពីរនៅតែចូលរួមជាមួយគ្នាក្នុងការសម្រេចបាននូវច្បាប់មួយនេះ ហើយលោកបានចាត់ទុកច្បាប់ថ្មីនេះ នឹងជួយអភិវឌ្ឍសហរដ្ឋអាមេរិកឲ្យខ្លាំងក្លាឡើងវិញ។
សេចក្ដីព្រាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក ដែលទើបតែត្រូវបានប្រធានាធិបតីចូបៃឌិនចុះហត្ថលេខានេះ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកតាក់តែង និងរៀបចំឡើងអស់រយៈពេលជាច្រើនខែមកហើយ ដោយគម្រោងនេះ ត្រូវបានគេមើលឃើញថា ជាគម្រោងធំបំផុតមួយមិនធ្លាប់មាននោះទេក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះរបស់អាមេរិក។ កន្លងមក មានសមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋតែងតែរិះគន់គម្រោងនេះ ដោយចាត់ទុកថាជាការចំណាយថវិកាជាតិច្រើនហួសហេតុជាដើម។
គម្រោងអភវិឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះដែរ ក៏ត្រូវបានគេមើលឃើញថា គឺជាគម្រោងអាទិភាពខ្ពស់ជាងគេមួយ របស់រដ្ឋបាលលោកចូ បៃឌិន ដោយលោកបានឲ្យផ្តើមគិតគូរពីគម្រោងនេះ ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមកម្ល៉េះ។ នៅក្នុងនោះ មានរួមបញ្ចូលគ្រោងការណ៍អភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងទីតាំងបញ្ជូលអគ្គិសនីដល់រថយន្ត សម្រាប់រយៈពេល៥ឆ្នាំ ក្រោមខ្ទង់ចំណាយ ៥៥០ពាន់លានដុល្លារអាមេរិក បូករួមនឹងគម្រោងផ្លាស់ប្តូរប្រព័ន្ធបំពង់បង្ហូរទឹក ដែលគ្រោងចំណាយប្រាក់ប្រមាណ ៤៥០ពាន់លានដុល្លារបន្ថែមទៀតផងដែរ៕