ការនាំចេញអង្ករ

កម្ពុជារំពឹងចិនក្តោបទីផ្សារ៦០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ


ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែមានជំនឿខ្ពស់លើទីផ្សារចិន ក្នុងការស្រូបទាញការនាំចេញអង្កររបស់កម្ពុជា ដោយរំពឹងថា អាចក្តោបក្តាប់ចំណែកទីផ្សារធំជាងគេ រហូតដល់ ៦០%នៅឆ្នាំ២០២២នេះ។ ថ្នាក់ដឹកនាំរូបនេះក៏រំពឹងផងដែរថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេសនឹងមានស្ថានភាពល្អប្រសើរឡើងវិញ ក្រោយកម្ពុជាបានរួចទណ្ឌកម្មលើការយកពន្ធពីសហភាពអឺរ៉ុបកាលពីខែមករាកន្លងទៅ។ កម្ពុជាបានដាក់គោលដៅនាំចេញអង្ករទៅកាន់ទីផ្សារទាំងពីរឲ្យបានដល់២៥ម៉ឺនតោននៅឆ្នាំនេះ។
ការនាំចេញអង្កររបស់កម្ពុជា​ រូបភាព៖ អុិនធឺណែត
ដោយ

ទោះបីជា បច្ចុប្បន្នការបញ្ជាទិញអង្ករពីកម្ពុជាមានសន្ទុះកើនឡើង ប៉ុន្ដែ បញ្ហាកង្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនឡើងថ្លៃ នៅតែជាកត្តារារាំងមួយដ៏ធំ ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេស។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ចិននៅតែជាគោលដៅទីផ្សារអង្ករធំជាងគេសម្រាប់កម្ពុជាក្នុងការស្រូបទាញការនាំចេញអង្ករនៅឆ្នាំនេះ។ កម្ពុជារំពឹងថា ចិននឹងអាចក្តោបក្តាប់ចំណែកទីផ្សារបានធំជាងគេចន្លោះពី ៥០% ទៅ៦០% លើការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ តាមផែនការ កម្ពុជាបានដាក់គោលដៅនាំចេញអង្ករទៅកាន់ទីផ្សារចិនឲ្យបានដល់៤០ម៉ឺនតោននៅឆ្នាំនេះ ខណៈឆ្នាំមុនការនាំចេញសម្រេចបានប្រមាណ៣០ម៉ឺនតោន។ ប៉ុន្តែជាមហិច្ឆិតារបស់កម្ពុជា គឺចង់ជំរុញកំណើននាំចេញអង្ករទៅកាន់ទីផ្សារចិនឲ្យបានដល់៥០ម៉ឺនតោនឯណោះ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះមានជំនឿខ្ពស់ថា កម្ពុជានឹងអាចសម្រេចបានតាមផែនការដែលបានកំណត់ ប្រសិនបើការនាំចេញអង្ករពីកម្ពុជាទៅចិន រក្សាបានល្អដូចស្ថានភាពបច្ចុប្បន្ន ហើយការបញ្ជាទិញនៅតែមានកំណើន និងគ្មានការបិទណាមួយពីភាគីចិន ពាក់ព័ន្ធបញ្ហាវិបត្តិកូវីដ-១៩។

ទោះបីចិនជាគោលដៅទីផ្សារធំសម្រាប់កម្ពុជា តែឧកញ៉ា សុង សារ៉ន បានសង្កត់ធ្ងន់ថា កម្ពុជានៅតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើទីផ្សារអឺរ៉ុប និងអង់គ្លេស ដ្បិតកន្លងមកទីផ្សារទាំងពីរនេះជាគោលដៅនាំចេញអង្ករប្រណីតធំបំផុតរបស់កម្ពុជា ដោយបានក្តោបចំណែកទីផ្សាររហូតដល់៤០%នៃការនាំចេញសរុប។ ប៉ុន្តែក្រោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបដាក់ទណ្ឌកម្មដោយសម្រេចយកពន្ធលើការនាំចូលអង្គរគ្រប់ប្រភេទពីកម្ពុជាកាលពីអំឡុងឆ្នាំ២០១៩ ការនាំចេញអង្ករទៅកាន់ទីផ្សារទាំងនេះបានធ្លាក់ចុះក្នុង១០% ក្នុង១ឆ្នាំ។

តែយ៉ាងណាថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្កររូបនេះរំពឹងថា ទីផ្សារទាំងពីរនេះនឹងអាចក្តោបក្តាប់ចំណែកទីផ្សារអង្កររបស់កម្ពុជា៤០% ឡើងវិញ បន្ទាប់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបលើកលែងការយកពន្ធលើអង្ករកម្ពុជាគ្រប់ប្រភេទឡើងវិញកាលពីអំឡុងខែមករា ឆ្នាំ២០២២។ បើតាមឧកញ៉ា សុង សារ៉ន បច្ចុប្បន្នកម្ពុជាកំពុងចរចា និងទាកទាញអតិថិជនចាស់ឲ្យងាកមកទិញអង្ករកម្ពុជាឡើងវិញ បន្ទាប់ពីពួកគេបានងាកទៅទិញអង្ករពីប្រទេសផ្សេងក្នុងអំឡុងកម្ពុជារងទណ្ឌកម្ម។

អ្នកជំនាញក្នុងវិស័យស្រូវអង្កររូបនេះសង្កេតឃើញថា ក្រោយទទួលបានការលើកលែងពន្ធក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេសឡើងវិញរួចមក ការបញ្ជាទិញអង្ករពីកម្ពុជាពីសំណាក់ទីផ្សារទាំងនេះមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ តែអ្វីដែលជាបញ្ហានោះ គឺការខ្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនឡើងថ្លៃ ដែលជាបញ្ហាចាក់ស្រេះពុំទាន់មានដំណោះស្រាយ ហើយវាជាក្តីកង្វល់មួយសម្រាប់ការនាំចេញអង្កររបស់កម្ពុជា។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅខែមករា ឆ្នាំ២០២២ សម្រេចបានក្នុងបរិមាណជាង៥ម៉ឺន៣ពាន់តោនកើនឡើងជាង១ម៉ឺន៨ពាន់តោន ឬជិត៥៥% បើធៀបនឹងខែមករា កាលពីឆ្នាំ២០២១៕

None



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរុស្ស៊ី និងអ៊ុយក្រែនជួបពិភាក្សា និងដោះស្រាយវិបត្តិដោយសន្តិវិធី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ចង់ឃើញថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបពិភាក្សាគ្ន…

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យប្រេងឆៅពិភពលោកហក់ឡើងដល់តម្លៃជាង ១០០ដុល្លារជាលើកដំបូង ខណៈទីផ្សារភាគហ៊ុនដាំក្បាលចុះ

តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក ដោយតម្លៃប្រេងមួយធុងបារ៉ែលបានកើនឡើង១០០ដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ