ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនឯកជនវៀតណាម ជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម នៅកម្ពុជា ប្រកបដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាមក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។ ការលើកឡើងរបស់រដ្ឋមន្រ្តីកសិកម្មបែបនេះ បានធ្វើឡើងនាឱកាសជួបពិភាក្សាជាមួយ ឯកឧត្តម លី កុក ដុញ (Le Quoc Doanh) អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
បន្ថែមលើនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ក៏បានបញ្ជាក់ដែរថា វៀតណាម បានចូលរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា ប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា ផងដែរ។ នាឱកាសជំនួបរវាងភាគីកម្ពុជា វៀតណាម ភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗ មកពិភាក្សា និងអាចចុះហត្ថលេខាឆាប់ៗនាពេលខាងមុខ រួមមាន៖
ទី១, ឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។
ទី២, កិច្ចសហការលើអនុវិស័យព្រៃឈើ។
ទី៣, ការងារគ្រប់គ្រងចរាចរណ៍សត្វ និងការទប់ស្កាត់ចរាចរណ៍សត្វខុសច្បាប់។
ទី៤, ពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បទល្មើសជលផលឆ្លងដែនសមុទ្រ។
និងទី៥, អនុស្សារណៈនៃការយោគយល់គ្នាលើអនុវិស័យកៅស៊ូ ដើម្បីធានានិរន្តរភាពនៃអនុវិស័យនេះ៕