ទន្ទឹមនឹងការខិតខំប្រឹងប្រែងឲ្យមានរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុកដោយខ្លួនឯងដើម្បីប្រើប្រាស់ឲ្យគ្រប់គ្រាន់ ការពារពីការឆ្លងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរយើងទាំងអស់គ្នាតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឱ្យបរទេសណាម្នាក់មកប្រមាថមើលងាយឲ្យសោះ ទោះបីកម្ពុជា ជាប្រទេសតូចតែមិនឱ្យនរណាម្នាក់មកប្រមាថបានជាដាច់ខាត។ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រមាថមើលងាយពីមេទ័ពវៀតណាមម្នាក់ កាលពីខែមីនាឆ្នាំមុនដែលបានលើកឡើងថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។
ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទៀតនោះទេ ក្រោយរដ្ឋាភិបាលចិនសម្រេចយល់ព្រមតាមសំណើររបស់សម្ដេចរួចហើយ ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។ ទោះជាបែបនេះក្ដី សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែត្រៀមថវិកាបន្តសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីផ្គត់ផ្គង់បន្តដដែល។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ដែរថា ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន កំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវដំណើរការផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា ឱ្យបានឆាប់ ដើម្បីឱ្យប្រជាជនកម្ពុជា អាចមានវ៉ាក់សាំងប្រើប្រាស់ខ្លួនឯង ក្នុងឆ្នាំ២០២២ខាងមុខ។
គួរបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគី រវាងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូកន្លងទៅនេះ ខាងភាគីចិនបានអះអាងថា នឹងបន្ដផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ មកឲ្យកម្ពុជាតាមតម្រូវការ ព្រមទាំងសន្យាជួយប្រទេសកម្ពុជា ក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុកផងដែរ។
សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងពីប្រទេសចិនសរុបជាង៣០លានដូសហើយ ខណៈដែលក្នុងនោះ មានជិត៧លានដូសជាជំនួយ ហើយវត្តមានវ៉ាក់សាំងរបស់ចិនទាំងនេះ បានជួយឲ្យកម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។
របាយការណ៍ពីក្រសួងសុខាភិបាលបង្ហាញថា មកទល់ថ្ងៃទី ៦ខែធ្នូ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបប្រមាណជាង១៤លាននាក់ហើយ ឬស្មើនឹង ជាង៨៨% នៃចំនួនប្រជាជនសរុប១៦លាននាក់។ ក្នុងនោះ អ្នកដែលបានចាក់គ្រប់ចំនួនដូសមានជាង ១៣លាននាក់ និងអ្នកបានចាក់ដូសជំរុញ ឬដូសទី៣ មានជាង២លាន៤សែននាក់៕